ទីក្រុងប៉ារីស៖ បាតុករអាវកាក់លឿងនៅក្នុងប្រទេសបារាំង បានកើតឡើងជាច្រើនសប្តាហ៍កន្លងមក ធ្វើឲ្យខាតបង់សេដ្ឋកិច្ច ជាច្រើន និងបង្កអសន្តិសុខនៅក្នុងសង្គម ។ កម្លាំងសន្តិសុខបារាំងមិនអាចរារាំងបាន ជាច្រើនសប្តាហ៍កន្លងមក ទើបធ្វើឲ្យស្នងការ ត្រូវដកតំណែង ។ នៅពេលនេះ រដ្ឋាភិបាលបារាំង បានសម្រេច ដាក់ពង្រាយកម្លាំង ប្រឆាំងភេរវកម្ម ទប់ស្កាត់ក្រុមបាតុករ អាវកាក់លឿងនៅទីក្រុងប៉ារីស ដែលបានត្រៀមធ្វើបាតុកម្មសប្តាហ៍ទី ១៩។
កាលពីថ្ងៃទី ២០ខែមីនា អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Benjamin Griveaux បានបញ្ជាក់ថា កម្លាំងទាហានប្រឆាំងភេរវកម្ម បានដាក់ពង្រាយ ប្រឆាំងក្រុមអាវកាក់លឿង នៅទីក្រុងប៉ារីសទប់ស្កាត់ អំពើហិង្សាកើតឡើង ។
កម្លាំងទាហាន Sentinelle ជាកម្លាំង ប្រឆាំងភេរវកម្ម បានសម្រេច ដាក់ពង្រាយចាប់តាំងពី ភេរវកម្មកើតឡើងនៅ ខែមករាឆ្នាំ ២០១៥ នៅទីក្រុងប៉ារីស ។គោលដៅសំខាន់គឺ រារាំង ទប់ស្កាត់ ការវាយប្រហារភេរវកម្ម និងការពារ ទីតាំងសំខាន់ៗនៅទូទាំងប្រទេសបារាំង ។
កាលពីចុងសប្តាហ៍កន្លងមក រដ្ឋាភិបាលបារាំង បានដាក់ពង្រាយកម្លាំងជាង ៥ពាន់នាក់ការពារ ទីក្រុងប៉ារីស ប៉ុន្តែ កម្លាំងទាំងនោះមិនអាចបង្ក្រាប ក្រុមបាតុករបានឡើ យ ។
សកម្មភាពខាងលើកើតឡើង ក្រោយពេល រដ្ឋាភិបាលបានសម្រេច ដកដំណែងស្នងការប៉ូលិស ទីក្រុងប៉ារីស ដោយមិនអាចទប់ស្កាត់អំពើហិង្សាកើតឡើងនៅទីក្រុងប៉ារីស និងមិនអាចបង្ក្រាបក្រុមបាតុកម្មបង្កអំពើហិង្សា ។
កន្លងមកថ្មីៗ រដ្ឋាភិបាលបារាំង បានសម្រេចដកតំណែង ស្នងការប៉ូលិស ទីក្រុងប៉ារីស ហើយប្រកាសថានឹងបញ្ចប់ការធ្វើបាតុកម្មអាវកាក់លឿងនៅទីក្រុងប៉ារីស Bordeaux និង Toulouse ប្រសិនបើបង្កឲ្យមានអំពើហិង្សានោះ។
នាយករដ្ឋមន្ត្រីបារាំង លោក Édouard Philippe បានប្រកាសពីវិធានការតឹងតែងបំផុតកាលពីថ្ងៃទី១៨ខែកុម្ភៈក្រោយរដ្ឋាភិបាលបរាជ័យនៅក្នុងសកម្មភាពទប់ស្កាត់ អំពើហិង្សាចលាចល នៅទីក្រុងប៉ារីសកាលពីចុងសប្តាហ៍កន្លងមក ។
លោក Édouard Philippe បានប្រកាសតាមបណ្តាញទូរទស្សន៍ ថា«ចាប់តាំងពីសប្តាហ៍ក្រោយ ប្រសិនបើមានក្រុមបង្កចលាចល អំពើហិង្សាកើតឡើងនោះ យើងនឹងហាមប្រាមក្រុមបាតុករអាវលឿងបន្តធ្វើបាតុកម្ម នៅតាមផ្លូវថ្នល់ទៀតដែលធ្វើឲ្យខាតបង់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ តទៅទៀត៕
ដោយ៖ មែវ សាធី