ខេត្តកំពង់ចាម៖ បើយោងតាមដីការបស់ព្រះរាជអាជ្ញា ដែលសារព័ត៍មានទទួលបាននៅមុននេះបន្តិច គឺតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក ហាក់ ហ៊ន់ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ បានចេញដីកាឲ្យកូនប្រុស លោក សាន ប៊ុនថានមេបញ្ជាការអាវុធហត្ថខេត្តក្រចេះឈ្មោះ សាន្ត សុខុម ចូលខ្លួននៅមុខអយ្យការឲ្យបានមុនថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ពាក់ព័ន្ធការវាយ និងយកកាំភ្លើងភ្ជង់គូជម្លោះ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង ទីរួមខេត្តកំពង់ចាម។
ក្នុងដីការបស់ព្រះរាជអាជ្ញា បានបញ្ជាក់យ៉ាងដូច្នេះថា «ឈ្មោះ សាន្ត សុខុម ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឲ្យចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ឲ្យបានមុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅរៀងរាល់ម៉ោងធ្វើការដើម្បី សាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយគំរាមកំហែង និងអាវុធ»៕
ដោយ៖ ស្រីមាស