ភ្នំពេញ៖ អត្ដពលិកជនពិការកម្ពុជា ត្រូវបានទទួលការស្វាគមន៍ ដោយលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទាក្រោយពី ដំណើរវិលត្រឡប់មកពីបំពេញបេសក កម្មក្នុងព្រឹត្ដិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៨នៅប្រទេសសិង្ហបុរីកាលពីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ដោយមាន រៀប ចំក្បួនហែនិងមានម៉ូតូសបើកផ្លូវ ដល់ម្ចាស់មេដាយមាស, មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មបានប្រាប់អ្នក សារព័ត៌មានក្រោយមកដល់អាកាស យានដ្ឋានអន្ដរជាតិភ្នំពេញយ៉ាងដូច្នេះថា នៅក្នុងព្រឹត្ដិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៨នេះកីឡាករកីឡាការិនីជន ពិការកម្ពុជារបស់យើងដណ្ដើមបាន មេដាយសរុបចំនួន៩គ្រឿង ។
លោកបានបន្ដទៀតថាក្នុងចំណោម មេដាយទាំង៩គ្រឿងនោះមានមេដាយមាស១គ្រឿង រកបានដោយកីឡាក រប៊ុង ហុង ប្រភេទពិការ T46 ដណ្ដើមបាន មេដាយចំនួន២គ្រឿងគឺមេដាយមាស ១គ្រឿងប្រកួតលើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ និងមេដាយសំរឹទ្ធិ១គ្រឿង លើវិញ្ញាសារត់ចម្ងាច១០០ម៉ែត្រ។ កីឡាការិនីធិន សេងហ៊ុន ពិការប្រភេទ T44 ដណ្ដើមបានមេដាយប្រាក់១គ្រឿង លើវិញ្ញាសារត់២០០ម៉ែត្រ។ កីឡាករ ឈុន ពន់ ប្រភេទពិការ T53 ដណ្ដើម បានមេដាយចំនួន២គ្រឿងគឺមេដាយ ប្រាក់លើវិញ្ញាសាប្រណាំងរទេះចម្ងាយ ២០០ម៉ែត្រ និងមេដាយសំរឹទ្ធិលើវិញ្ញាសា ប្រណាំងរទេះចម្ងាយ៤០០ម៉ែត្រ។ កីឡាករវ៉ាន វ៉ុនប្រភេទពិការ T44 ដណ្ដើមបានមេដាយសំរឹទ្ធិ១គ្រឿង លើវិញ្ញាសារប្រណាំងរទេះចម្ងាយ២០០ម៉ែត្រ។ កីឡាករង៉ែត បូរី ប្រភេទពិការ S8 ដណ្ដើមបានមេដាយសំរឹទ្ធិ ប្រកួតលើ វិញ្ញាសាហែលទឹករបៀបសេរីចម្ងាយ ៥០ម៉ែត្រ ។ កីឡា ហេង សាវឿន ប្រភេទពិការ T54 ប្រកួតលើវិញ្ញាសា ប្រណាំងរទេះចម្ងាយ១០០ម៉ែត្រដណ្ដើមបានមេដាយសំរឹទ្ធិ១គ្រឿង ។
លោកយី វាសនា បានលើកឡើងថា ចំពោះមេដាយទាំង៩គ្រឿងដែលអត្ដ ពលិកជនពិការកម្ពុជាដណ្ដើមបានពី ព្រឹត្ដិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៨ នៅប្រទេសសិង្ហបុរីនេះពិតជាលំបាក ខ្លាំងណាស់ពីព្រោះម្ចាស់ផ្ទះគេវាយតម្លៃ ប្រភេទពិការដោយឱ្យទៅជួបប្រកួត ជាមួយកីឡាករកម្រិតពិភពលោក ។
ដោយឡែក លោកវង សូត រដ្ឋមន្ដ្រី ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវ នីតិសម្បទាតំណាងសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ដ្រីនៃព្រះរាជណាវចក្រកម្ពុជាបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់បងប្អូនអត្ដពលិកកីឡាករ កីឡាការិនីជនពិការកម្ពុជាយើងដែល បានខិតខំអស់ពីកម្លាំងកាយចិត្ដដណ្ដើមយកមេដាយមកជូនជាតិហើយវាក៏ជា មុខមាត់កិត្ដិយសសម្រាប់ប្រជាជនកម្ពុជា ទាំងអស់គ្នាដែរ។
លោកបានបន្ដទៀតថា ការដណ្ដើម បានមេដាយនេះវាជាកិត្ដិយសរបស់ កីឡាករផ្ទាល់និងជាកិត្ដិយសរបស់ ប្រទេសជាតិផងពីព្រោះទំរាំតែទទួលបានមេដាយមួយគ្រឿងៗគឺមិនងាយស្រួល នោះឡើយ ។ ដូច្នេះហើយមេដាយដែល ទទួលបានវាជាស្នាដៃមួយរបស់អត្ដ ពលិកយើង គួរមោទនភាពក្រៃលែង ។
លោករដ្ឋមន្ដ្រីបានជំរុញឱ្យអត្ដពលិកកីឡាជនពិការបន្ដខិតខំហ្វឹកហាត់បន្ថែមទៀតដើម្បីដណ្ដើមយកមេដាយឱ្យច្រើនសម្រាប់កម្ពុជានាថ្ងៃអនាគត ។ ក្នុង ឱកាសនោះ លោក វង សូត បាន ឧបត្ថម្ភដល់អត្ដពលិកកីឡាជនពិការ ចំនួន៨លានរៀល ។
គួររំលឹកថា សម្រាប់ជ័យលាភី មេដាយមាស១គ្រឿងទទួលបានថវិកា តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កម្ពុជាចំនួន៤០លានរៀលមេដាយប្រាក់ទទួលបានថវិកាចំនួន៣២លានរៀល និងមេដាយសំរឹទ្ធិទទួលបានថវិកាចំនួន ២៤លានរៀល ៕
ដោយ៖ សារីម