ខេត្តកំពង់ចាម ៖ លោក កាក់ តុលា មុខជំនាញទន្តបណ្ឌិតដែលមានក្របខ័ណ្ឌនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ត្រូវបានក្រសួងសុខាភិបាលលុបឈ្មោះចេញពីក្របខ័ណ្ឌ តាមពាក្យស្នើសុំរបស់សាមីខ្លួន ។
លោក កាក់ តុលា ថ្លែងថា លោកលាឈប់ពីមន្ត្រីរាជការ ព្រោះមិនចង់លួចម៉ោងការងាររដ្ឋទៅធ្វើការឯកជន។
យោងតាមប្រកាសស្តីពី ការលុបឈ្មោះមន្ត្រីរាជការដែលសុំលាឈប់ពីការងារ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលទេីបទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នេះ ប្រការ១ សម្រេចលុបឈ្មោះលោក កាក់ តុលា កេីតថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៧៩ មុខជំនាញទន្តបណ្ឌិតដែលមានក្របខ័ណ្ឌនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចេញពីក្របខ័ណ្ឌក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ តទៅ ដោយមូលហេតុសាមីខ្លួនសុំលាឈប់ ។
ពាក់ព័ន្ធបញ្ហានេះ លោក កាក់ តុលា សរសេរតាមបណ្ដាញសង្គមហ្វេសប៊ុក ថា”ជាផ្លូវការ ខ្ញុំលែងជាមន្ត្រីរាជការទៀតហើយ ។ ខ្ញុំមិនចង់បើកប្រាក់បៀវត្សពីរដ្ឋ តែលួចម៉ោងការងាររដ្ឋទៅធ្វើការឯកជនឡើយ”។
លោក កាក់ តុលា បន្តថា”ទោះជាយ៉ាងណាក៏ខ្ញុំនៅតែចូលរួមយ៉ាងសកម្មក្នុងការថែទាំសុខភាពប្រជាជនតាមរយៈវិស័យឯកជនវិញ ។ ពេលជរាបន្តិចក៏អង្គុយផឹកតែ អានសៀវភៅ ជាមួយអាហារបីពេល ទោះប្រហុកដុតក៏បាន”។
ជាចុងក្រោយ លោក កាក់ តុលា ថ្លែងថា”សូមអភ័យទោស បើខ្ញុំមានសម្តីលើសលួសប៉ះពាល់ដល់កិត្តិយសបងប្អូនទាំងអស់គ្នា”។
មជ្ឈដ្ឋានជាច្រើន ដឹងថា លោកគ្រូមួយចំនួន បានយកម៉ោងការងាររដ្ឋទៅបម្រើការងារឯកជន ដេីម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ។ បញ្ហានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមពិនិត្យនិងមានវិធានការឱ្យមានប្រសិទ្ធភាពផង ៕ចេស្តា