ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ការបាត់បង់និស្សិត ឌុំ រីដា នៅក្នុងបរិបទគ្រោះថ្នាក់ចរាចរដ៏តក់ស្លុតនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាមហាជនបានយកចិត្តទុកដាក់ខ្ពស់ ។
ពិតប្រាកដណាស់នេះជាសារមួយដ៏ត្រឹមត្រូវ និង ជាសំណូមពរដល់ភាគីពាក់ព័ន្ធ រាស្ត្រនិងរដ្ឋ “រួមគ្នាប្រឆាំងនឹងអ្នកបេីកបរ ដែលមានឥរិយាបថឃោឃៅ គ្មានគុណធម៌ សីលធម៌ ធ្វេសប្រហែស និង បង្កគ្រោះថ្នាក់ដល់ជីវិតសាធារណជន”គឺមិនតែរកយុត្តិធម៌ដល់ជនរងគ្រោះនោះទេ គឺ វិធានការម៉ឺងម៉ាត់ជាមួយនឹងការទប់ស្កាត់ការពារសាធារណជនប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលអាចទទួលយកបានផងដែរ ។
ជាមួយគ្នានេះផងដែរ ក្នុងនាមរាជរដ្ឋាភិបាល សូមសម្តែងនូវការសោកស្ដាយបំផុត និង សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព និង សូមវិញ្ញាណក្ខន្ធក្មួយស្រីបានទៅកាន់សុគតិភព ។
សូមបញ្ជាក់ថា ប្រភពព័ត៌មានជាច្រើន បញ្ជាក់ថា អត្តសញ្ញាណអ្នកបើកបរឡាន រថយន្ត RANGE ROVER ពាក់ផ្លាកលេខ2AF-7777 បុកនិស្សិតស្រី ឆ្នាំទី៤ ម្នាក់ស្លាប់យ៉ាងវេទនា នោះ គឺ ជាកូនស្រីថៅកែសណ្ឋាគារប្រេមអិចប្រេសអង្គរ នៅខេត្តសៀមរាប ដែលមានឪពុកឈ្មោះយិន ហ្គិច ជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ហើយនារីបង្កហេតុឈ្មោះ យិន ម៉ាណា ។
ប្រភពព័ត៌មាន ដដែលបន្តថា អ្នកបើកបរមានកូនក្មេងពីរ បីនាក់ ប្រឡែងគ្នា និង បេីកបរលឿន ជាមូលហេតុនៃការបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ៕ ចេស្តា