ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Rang Rover ស្លាកលេខភ្នំពេញ 2AF-7777 បានបើកក្នុងល្បឿនលឿននៅផ្លូវប្រសព្វធ្វើឲ្យ យុវតីរងគ្រោះដែលជិះម៉ូតូអាគុប ត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ជនរងគ្រោះឈ្មោះ ឌុំ រីដា មានស្រុកកំណើតនៅ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាយុវតីមានសមត្ថភាព ជាអតីតសិស្សពូកែខ្មែរទូទាំងប្រទេសឆ្នាំ២០១៤ ជានិស្សិតអារូបករណ៍ឆ្នាំទី៤ ជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន នឹងត្រូវទទួលសញ្ញាបត្រ Graduates with high honor ក្នុងរយៈពេល៣ខែ ទៀត។ ជាអកុសលយុវតីរងគ្រោះត្រូវទទួលមរណភាពដោយសារតែការបើកបររបស់ជនបង្ក។
ខណៈដែលកំពុងតែធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត គណនីហ្វេសប៊ុក Ren Sokpich ជាមិត្តភិក្តរបស់ជនរងគ្រោះ បានសម្តែងការសោកស្តាយ និងរៀបរាប់ពីការតស៊ូរបស់ យុវតី រីដា យ៉ាងដូច្នេះថា៖ “មិននឹកស្មានថាពេលនេះ ពួកយើងជាមិត្តភក្តិត្រូវមកផ្តិតរូបរីដាបែបនេះសោះ។ តស៊ូរៀនរាប់ឆ្នាំ រៀនផង ធ្វើការផងតាំងពីឆ្នាំទី២ ថ្លៃផ្ទះជួល ហូបចុក ប្រើប្រាស់ រីដាមិនដែលយកលុយអ្នកផ្ទះទេ ទៅបង្រៀនគេផង ទៅបកប្រែផង ការងារអីក៏រីដាធ្វើ ហើយរៀននៅតែបានពិន្ទុខ្ពស់។
រីដា ប្រាប់ម្តាយគាត់ថា ជិតបានទទួលសញ្ញាបត្រហើយ តែពេលនេះគេមកផ្តាច់ជីវិតគាត់ត្រឹមមួយពព្រិចភ្នែក មិនអាចធ្វើអ្វីបាន បានត្រឹមតែពាក្យថា ស្តាយ”។ ជាមួយគ្នានេះផងដែល ជនបង្កដែលបានគេចខ្លួន ក៏ត្រូវបានសម្តេចតេជោហ៊ុន សែន បញ្ជាអោយសមត្ថកិច្ចតាមចាប់អ្នកបេីកបររថយន្ត Range Rover ស្លាកលេខ 2AF-7777 ដែលបុកមនុស្សស្លាប់អោយមកទទួលខុសត្រូវអោយបាន៕
ដោយ៖ សហការី