ភ្នំពេញ ៖ SCG (អេសស៊ីជី) ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេក្នុងតំបន់អាស៊ាននៅថ្ងៃនេះបានប្រកាសពីការបន្តការគាំទ្ររបស់ខ្លួនលើការអភិវឌ្ឍជំនាញជាងសំណង់កម្ពុជាតាមរយៈកម្មវិធីបណ្តុះបណ្តុះបណ្តាលជាងសំណង់ SCG (SCG Contractor Academy Programme) ដែលជាឆ្នាំទី២នៃយុទ្ធនាការនេះ។កាប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយពីទទួលបានភាពជោគជ័យក្នុងឆ្នាំទី១ កាលពីឆ្នាំ២០១៨ កម្មវិធីនេះបានពង្រីកខ្លួន ដើម្បីធ្វើសហប្រតិបត្តិការជាមួយនឹងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) របស់កម្ពុជា និងមានបំណងក្នុងការបង្កើនជំនាញរបស់ជាងសំណង់ក្នុងវិស័យឧស្សាហកម្មសំណង់របស់កម្ពុជា ដើម្បីធានាឲ្យបានលើការអភិវឌ្ឍទាំងធនធានមនុស្ស និងគុណភាពការងារសំណង់កាន់តែល្អប្រសើរឡើង។
ក្រុមហ៊ុន SCG យល់យ៉ាងច្បាស់ពីឧស្សាហកម្មសំណង់ និងបានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលជាងសំណង់ SCG ចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ តាមរយៈការសហការជាមួយនឹងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈឈានមុខគេជាច្រើន។ វគ្គបណ្តុះបណ្តាល២លើកដំបូង ត្រូវបានរៀបចំឡើងរួមគ្នាជាមួយនឹងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍជំនាញកម្ពុជា-ថៃ (CTSDI) ដែលជាវគ្គបណ្តុះបណ្តាលទៅលើការប្រក់ដំបូល និងបូកស៊ីម៉ង់ត៍។
នៅថ្ងៃនេះ ក្រុមហ៊ុន SCG ពង្រីកវគ្គបណ្តុះបណ្តាលរបស់ខ្លួនដើម្បីផ្តល់ការសិក្សាលើជំនាញផ្សេងទៀត ផ្នែកដំឡើងពិដាន និងជញ្ជាំង ដោយប្រើ SCG ស្មាតបត និងស្មាតវូត តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយកយល់គ្នា (MoU) ជាមួយនឹងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
លោកគិត គឹមអូន អ្នកគ្រប់គ្រងផ្នែកលក់ជាន់ខ្ពស់របស់ក្រុមហ៊ុន SCG ប្រចាំកម្ពុជា បានឲ្យដឹងថា៖ «ក្រុមហ៊ុន SCG មានមហិច្ឆតាក្នុងការផ្តល់ចំណេះដឹងផ្នែកសំណង់កាន់តែល្អប្រសើរ ដល់កម្ពុជា ចាប់តាំងពីយើងដឹងថា ជំនាញផ្នែកសំណង់គឺជាចំណុចដ៏សំខាន់ក្នុងការអភិវឌ្ឍ និងលើកកម្ពស់ស្តង់ដារសំណង់ទូទាំងប្រទេសកម្ពុជា។
យើងមិនត្រឹមតែលើកកម្ពស់ឧស្សាហកម្មសំណង់ទាំងមូលឡើយ ប៉ុន្តែ យើងក៏យល់ឃើញថា ជាងសំណង់ក៏កំពុងតែរំពឹងទុកពីការទទួលបានចំណូលកាន់តែខ្ពស់ផងដែរ។ ប្រសិនបើពួកគេមានចំណេះដឹង និងសមត្ថភាពកាន់តែល្អប្រសើរ ក្នុងការប្រើប្រាស់ផលិតផលថ្មីៗ ហេតុនេះពួកគេអាចរកបានចំណូលកាន់តែច្រើន និងឱកាសទទួលបានការងារកាន់តែច្រើន។ ទាំងនេះគឺជាហេតុផលដែលយើងបានអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលជាងសំណង់ ចាប់តាំងពីឆ្នាំមុន»។
កាលពីឆ្នាំទី១ សិក្ខាកាមចំនួន២៥០នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាងសំណង់ ហើយភាគច្រើននៃសិក្ខាកាមទាំងនោះបានចូលរួមកម្មវិធីប្រកួតជំនាញផ្នែកប្រក់ដំបូល និងផ្នែកបូករបស់ក្រុមហ៊ុន SCG។ អ្នកឈ្នះពីការប្រកួតនោះ ទើបតែបានវិលត្រឡប់មកកាន់កម្ពុជាវិញ ក្រោយពីបានបំពេញដំណើរទស្សនកិច្ចដ៏មានតម្លៃមួយទៅកាន់ការិយាល័យ និងបជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរបស់ក្រុមហ៊ុន SCG នៅប្រទេសថៃ ហើយពេលនេះ អ្នកឈ្នះទាំងនោះត្រូវបានរំពឹងទុកថា នឹងប្រើប្រាស់បទពិសោធបណ្តុះបណ្តាលនាពេលថ្មីៗនេះ និងវិញ្ញាបនបត្ររបស់ខ្លួនដើម្បីបង្កើនប្រាក់ចំណូល និងចំនួនអតិថិជនរបស់ពួកគេ។
នៅឆ្នាំ២០១៩នេះ សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្តាល ក៏មានសិទ្ធិក្នុងការចូលរួមក្នុងការប្រកួតផ្នែកសំណង់ដែលឧបត្ថម្ភដោយក្រុមហ៊ុន SCG ដើម្បីបង្ហាញនូវជំនាញផ្នែកបូកស៊ីម៉ង់ម៍ ផ្នែកប្រក់ដំបូល ផ្នែកដំឡើងពិដាន និងជញ្ជាំង របស់កម្ពុជា។
លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានស្វាគមន៍ការបន្តនូវគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន SCG។ លោក មានប្រសាសន៍ថា៖ «គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលជាងសំណង់នេះ គឺការលើកទឹកចិត្តឲ្យជាងសំណង់នៅកម្ពុជា អភិវឌ្ឍជំនាញរបស់ខ្លួនដើម្បីឈានទៅកាន់កម្រិតអន្តរជាតិ បំពេញបន្ថែមនូវបទពិសោធរបស់ពួកគេដែលទទួលបានលើការអនុវត្តការងារដោយផ្ទាល់នៅកន្លែងសំណង់ តាមរយៈវគ្គបណ្តុះបណ្តាលពីអ្នកជំនាញ។
ការជួយឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុន SCG បានបង្កើនគុណភាពនៃវគ្គបណ្តុះបណ្តាល និងការបង្រៀនដែលយើងផ្តល់ឲ្យ ហើយវគ្គបណ្តុះបណ្តាលនេះ នឹងជួយឲ្យជាងសំណង់ជាច្រើនអភិវឌ្ឍជំនាញ ជាអាជីពរបស់ពួកគេ កាន់ តែល្អប្រសើរឡើង ក៏ដូចជាជួយបង្កើនគុណភាពសំណង់នៅកម្ពុជា»។
គួរបញ្ជាក់ដែរថាកម្មវិធីវណ្តុះបណ្តាលដោយឥតគិតថ្លៃនេះ បើកចំហរដល់រាល់ជាងសំណង់ដែលចាប់អារម្មណ៍ទាំងអស់ ដើម្បីដាក់ពាក្យសុំចូលរៀន សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលជាងសំណង់របស់ SCG តាមរយៈលេខទូរស័ព្ទ 095-999-500 ឬតាមរយៈគេហទំព័រ Facebook របស់ SCG។ លើសពីនេះទៅទៀត រាល់សិក្ខាកាមទាំងអស់ សុទ្ធសឹងមានសិទ្ធិក្នុងការចូលរួមក្នុងកម្មវិធីប្រកួតជំនាញផ្នែកជាងសំណង់របស់ក្រុមហ៊ុន SCG ហើយអ្នកឈ្នះក្នុងការប្រកួតជម្រុះ នឹងត្រូវអញ្ជើញឲ្យចូលការប្រកួតថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ៕ ដោយ វឌ្ឍនា