ភ្នំពេញ ៖ ស្ថិតក្រោមការយកចិត្តទុកដាក់របស់នគរបាលខណ្ឌសែនសុខ លើការងារស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យលើករណីឃាតកម្មយុវជនម្នាក់ ដែលត្រូវអាវុធប៊ិចបាញ់ចំឆ្អឹងជំនីស្លាប់នោះ បុរសម្នាក់ត្រូវនគរបាលហៅមកសាកសួរនៅល្ងាចថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នំា២០១៥ ហើយរូបគេ បានសារភាពថា ខ្លួនពិតជាបានចុចប៊ិចនោះ ហើយក៏ផ្ទុះត្រូវជនរងគ្រោះ ស្លាប់តែម្តងទៅ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ សំ វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករលក់គ្រឿងសំណង់ ស្នាក់នៅផ្ទះជួលផ្លូវ២០០៤ ក្នុងក្រុម២០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យោងតាមសម្ដីរៀបរាប់របស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈទំនេរពីការងារ រូបគេនិងជនរងគ្រោះឈ្មោះធី ឃាង បាននាំគ្នាអង្គុយលេងនៅមុខហាងលក់គ្រឿងសំណង់យីហោសុខហេង។ ពេលនោះឈ្មោះធី ឃាង ក៏បានក្រឡេកឃើញកាបូបមួយ ត្រូវគេបោះចោលក្នុងធុងសំរាម ដែលនៅឃ្លាតពីពួកគេប្រហែល៣ម៉ែត្រ។ ឃើញដូចនេះរូបគេ ក៏បានដើរទៅកាន់ធុងសំរាមនោះ ហើយក៏ចាប់យកកាបូបនោះបើកមើល ក៏ឃើញប៊ិចខ្មៅដែកមួយដើម ហើយក៏ដកយកមករួចដើរមកកាន់កន្លែងអង្គុយជុំគ្នាវិញ។
ប្រភពដដែលបន្ដថា ពេលនោះគេនឹងជនរងគ្រោះបានអង្គុយទល់មុខគ្នា ហើយជនរងគ្រោះក៏បានយកក្រដាសមួយសន្លឹកមកឲ្យគេ ទើបគេចុចប៊ិចនោះសរសេរ ស្រាប់តែសូរផ្ទុះផាំងចេញពីប៊ិចនោះ ហើយឃើញគ្រាប់ខ្ទាតចេញទៅចំឆ្អឹងជំនីខាងឆ្វេងជនរងគ្រោះ បណ្ដាលឲ្យគេដួលដេកភ្លាមៗតែម្ដង។ ខណៈនោះគេក៏ប្រញាប់ប្រញាល់ហៅម៉ូតូឌុបនាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ តែពេលទៅដល់ពេទ្យ ពេទ្យថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការបន្ដ តាមនីតិវិធី៕ តុង សីហា