ទីភ្នាក់ងារព័ត៌មានរបស់ចក្រភពអង់គ្លេសបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ថា រដ្ឋាភិបាលរុស្ស៊ីប្រកាសផ្តល់ការឧបត្ថម្ភគាំទ្រតាមផ្លូវអាកាសដល់កងកម្លាំងក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយលោកខាងលិច បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអំពាវនាវស្វែងរកកិច្ចសហប្រតិបត្តិការឲ្យបានស្អិតល្មួតបន្ថែមទៀតជាមួយកងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកនោះ ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងក្រុមរដ្ឋអិស្លាម ISIL
ប្រភពបានបន្តថា ប្រធានាធិបតីវិមានក្រឹមឡាំងបានទុកដោយឡែកសិននូវការខ្វែងគំនិតគ្នារវាងទីក្រុងម៉ូស្គូ នឹងលោកខាងលិច ហើយប្តេជ្ញាពង្រឹងសមត្ថភាពរបស់កងកម្លាំងយោធារុស្ស៊ី ។
ប្រធានាធិបតីដែលគ្មានក្តីមេត្តារបស់រុស្ស៊ីគឺលោកវ្ល៉ាឌីមៀរ ពូទីន បានថ្លែងថា កងកម្លាំងរុស្ស៊ីនៅក្នុងទឹកដីស៊ីរីនឹងប្រល័យភ្លាមៗរាល់គោលដៅទាំងអស់ដែលគំរាមកំហែងដល់ពួកគេ ។
លោកពូទីន បានប្រកាសបែបនេះ ខណៈដែលកំពុងគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលស៊ីរី ។ រដ្ឋាភិបាលរុស្ស៊ី បានប្រកាសថា ផ្តល់ការឧបត្ថម្ភគាំទ្រដល់អង្គភាព ទាហានរំដោះស៊ីរី FSA ជា ក្រុមប្រដាប់អាវុធបះបោរប្រឆាំងរដ្ឋាភិបាលស៊ីរី ហើយដែលទទួលបានការគាំទ្រដោយលោកខាងលិចនោះ ។ ក្រុមប្រទេសលោកខាងលិចបានគាំទ្រដល់ក្រុម FSA នៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជាមួយរបបលោកប្រធានាធិបតីស៊ីរី លោកបាសា អាល់អាសាដ ។
ប្រធានាធិបតីពូទីន បានថ្លែងថា អង្គភាពជាច្រើនដែលរួមទាំងអស់មានជាង៥ពាន់នាក់ ព្រមជាមួយកងទ័ព ផងដែរបាននិងកំពុងធ្វើប្រតិបត្តិការប្រឆាំងជាមួយក្រុមភេរវកម្មស្ថិតនៅក្នុងបណ្តាខេត្ត ដូចជាខេត្ត Homs ខេត្ត Hama, Aleppo និង Raqqa ជាដើម ។ លោកបញ្ជាក់ថា យើងផ្តល់ការគាំទ្រតាមផ្លូវអាកាសសម្រាប់ពួកគេ ព្រមជាមួយគ្នានោះ បូករួមទាំងកងកម្លាំងទាហានរដ្ឋាភិបាលស៊ីរីផងដែរ ដែលជាការគាំទ្រជួយពួកគេ ដូចជាកាំភ្លើង អាវុធយុទ្ធភ័ន្ធ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀត ។
ទោះបីយ៉ាងណា ទាក់ទងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងមូស្គូ លោក Dmitry Peskov បានថ្លែងថា ខ្លឹមសារខាងលើរបស់ប្រធានាធិបតីរុស្ស៊ី គឺមានន័យថា រុស្ស៊ីបញ្ជូនអាវុធយុទ្ធភ័ន្ធ និងគ្រឿងផ្គត់ផ្គង់ទៅឲ្យកងកម្លាំងរដ្ឋាភិបាលស៊ីរី មិនមែនទៅឲ្យក្រុម FSA នោះឡើយ ប៉ុន្តែចំពោះការគាំទ្រតាមផ្លូវអាកាសវិញ គឺរុស្ស៊ីជួយទាំងកងកម្លាំងរដ្ឋាភិបាល និងទាំងកងកម្លាំង FSA ។
ប្រធានាធិបតីពូទីន ក៏ដូចជាមន្ត្រីដទៃផ្សេងទៀតផងដែរ កាលពីថ្មីៗនេះបានថ្លែងថា ប្រទេសរុស្ស៊ីបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុម FSA ប៉ុន្តែតំណាងរបស់ក្រុម FSA បានបដិសេធន៍ចំពោះការលើកឡើងរបស់រុស្ស៊ីបែបនេះ ។
ការគាំទ្រតាមផ្លូវអាកាសទៅដល់ក្រុម FSA ពីរដ្ឋាភិបាលរុស្ស៊ីនៅពេលនេះ គឺជាការផ្លាស់ប្តូរជំហរនយោបាយមួយដ៏ធំធេងរបស់វិមានក្រឹមឡាំង ដែលជានិច្ចកាលត្រូវលោកខាងលិចចោទប្រកាន់ថា បានគោលដៅវាយប្រហារទៅលើក្រុមប្រឆាំងស៊ីរី ដើម្បីជាការគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលលោកអាល់ អាសាដ ជាជាងការវាយប្រហារសងសឹកទៅលើក្រុមរដ្ឋអិស្លាម ISIL ឬដែលគេស្គាល់ថាជាក្រុម Daesh នោះ ។
លោក John Kirby អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថា គេនៅមិនទាន់ដឹងច្បាស់ប្រាកដនៅឡើយទេថា តើការពោលអះអាងខាងលើស្តីអំពីការគាំទ្រដល់ក្រុម FSA គឺជារឿងពិត ឬយ៉ាងណានោះ ។ លោកបន្តថា ជាទូទៅ គ្មានការផ្លាស់ប្តូរអ្វីជាដុំកំភួននោះឡើយស្ថិតនៅក្នុងកាលៈទេសៈបែបនេះ ។ យើងនៅតែមើលឃើញថា សកម្មភាពរបស់ពួកគេនៅតែបន្តប្រឆាំងទៅលើក្រុមប្រឆាំងដដែល ។
ប៉ុន្តែបើទោះបីមានការលើកឡើងបែបនេះក៏ដោយពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ក៏លោក Michael Fallon រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសបានថ្លែងការពារការពោលអះអាងរបស់លោកភូទីន ដោយលោកបានបញ្ជាក់ថា ទីក្រុងមូស្គូបានខិតខំ និងតួនាទីក្នុងន័យស្ថាបនាបន្ថែមទៀតនៅក្នុងការផ្លាស់ប្តូរ នយោបាយនៅក្នុងប្រទេសស៊ីរី ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានអះអាងថា យន្តហោះចម្បាំងរុស្ស៊ីបានហោះហើរប្រតិបត្តិការប្រមាណ ៤ពាន់លើកនៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងទៅលើក្រុមភេរវកម្ម ចាប់តាំងពីពេលដែលទីក្រុងមូស្គូបានចាប់ផ្តើមធ្វើយុទ្ធនាការនៅលើដែនអាកាសប្រទេសស៊ីរីតាំងពីខែកញ្ញា ឆ្នាំ២០១៥រៀងរហូតមកដ ។ លោកបានអះអាងថា ក្នុងយុទ្ធនាការទាំងនេះ កងកម្លាំងទាហានរុស្ស៊ីបានបំផ្លាញចំគោលដៅ សម្លាប់ក្រុមភេរវកម្មប្រមាណ៨ពាន់នាក់ ។
លោកពូទីន ក៏បានប្រកាសផងដែរថា កងកម្លាំងយោធារុស្ស៊ីអាចនឹងឆ្លើយតបដោយពេញលេញតែម្តងចំពោះសកម្មភាពបង្ករឿងណាមួយថ្មីៗបន្ថែមទៀត ។ លោកបានអះអាងថា យោធារុស្ស៊ីដែលឈរជើងនៅក្នុងប្រទេសស៊ីរី ត្រូវតែបង្កើនសព្វាវុធរបស់ខ្លួនបន្ថែមទៀត មានដូចជាយន្តហោះចម្បាំង និងអាវុធមីស៊ីលការពារដែនអាកាស ។ លោកបានអះអាងថា លោកដាក់បញ្ជាឲ្យធ្វើសកម្មភាពស្វិតស្វាញ់បំផុត ។ រាល់គោលដៅដែលគំរាមកំហែងដល់កងទ័ពរុស្ស៊ី ឬហេដ្ឋារចនាសម្ព័ន្ធដែនដីរបស់យើង គួរតែកម្ចាត់ចោលភ្លាមៗ ៕
ក្រុមរដ្ឋអិស្លាម ISIL ដែលនៅលើទឹកដីស៊ីរី និងអ៊ីរ៉ាក់
ក្រុមបះបោរប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលពេលនេះរុស្ស៊ីផ្តល់ការឧបត្ថម្ភតាមផ្លូវអាកាសប្រឆាំងជាមួយក្រុមរដ្ឋអិស្លាម
ប្រែសម្រួលដោយ៖ ថាច់ យ៉ាត