​លោកពូ​ទី​ន​ គាំទ្រ​តាម​ដែនអាកាស​ដល់​ក្រុមប្រឆាំង​ស៊ី​រី​ដើម្បី​វាយប្រហារ​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​

ចែករំលែក៖

​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ចក្រភព​អង់គ្លេស​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​ថា​ រដ្ឋាភិបាល​រុ​ស្ស៊ី​ប្រកាស​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​តាម​ផ្លូវអាកាស​ដល់​កងកម្លាំង​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ដែល​គាំទ្រ​ដោយ​លោក​ខាងលិច​ បន្ទាប់​ពី​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​អំពាវនាវ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ស្អិត​ល្មួត​បន្ថែម​ទៀត​ជាមួយ​កងកម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នោះ​ ។​

1ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងក្រុមរដ្ឋអិស្លាម ISIL

​ប្រភព​បាន​បន្ត​ថា​ ប្រធានាធិបតី​វិមាន​ក្រឹម​ឡាំង​បាន​ទុក​ដោយឡែក​សិន​នូវ​ការ​ខ្វែងគំនិត​គ្នា​រវាង​ទីក្រុង​ម៉ូ​ស្គូ​ នឹង​លោក​ខាងលិច​ ហើយ​ប្តេជ្ញា​ពង្រឹងសមត្ថភាព​របស់​កងកម្លាំង​យោធា​រុ​ស្ស៊ី​ ។​

​ប្រធានាធិបតី​ដែល​គ្មាន​ក្តី​មេត្តា​របស់​រុ​ស្ស៊ី​គឺ​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​ថ្លែង​ថា​ កងកម្លាំង​រុ​ស្ស៊ី​នៅ​ក្នុង​ទឹកដី​ស៊ី​រីនឹង​ប្រល័យ​ភ្លាមៗ​រាល់​គោលដៅ​ទាំងអស់​ដែល​គំរាមកំហែង​ដល់​ពួក​គេ​ ។​

​លោកពូ​ទី​ន​ បាន​ប្រកាស​បែប​នេះ​ ខណៈ​ដែល​កំពុង​គាំទ្រ​ដល់​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​ ។​ រដ្ឋាភិបាល​រុ​ស្ស៊ី​ បាន​ប្រកាស​ថា​ ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​អង្គភាព​ ទាហាន​រំដោះ​ស៊ី​រី​ FSA​ ជា​ ក្រុម​ប្រដាប់​អាវុធ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ ហើយ​ដែល​ទទួល​បានការ​គាំទ្រ​ដោយ​លោក​ខាងលិច​នោះ​ ។​ ក្រុម​ប្រទេស​លោក​ខាងលិច​បាន​គាំទ្រ​ដល់​ក្រុម​ FSA​ នៅ​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​របប​លោក​ប្រធានាធិបតី​ស៊ី​រី​ លោក​បា​សា​ អាល់​អាសា​ដ​ ។​

​ប្រធានាធិបតី​ពូ​ទី​ន​ បាន​ថ្លែង​ថា​ អង្គភាព​ជា​ច្រើន​ដែល​រួម​ទាំងអស់​មាន​ជាង​៥​ពាន់​នាក់​ ព្រម​ជាមួយ​កងទ័ព​ ផង​ដែរ​បាន​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ជាមួយ​ក្រុម​ភេរវកម្ម​ស្ថិត​នៅ​ក្នុង​បណ្តា​ខេត្ត​ ដូច​ជា​ខេត្ត​ Homs​ ខេត្ត​ Hama,​ Aleppo​ និង​ Raqqa​ ជាដើម​ ។​ លោក​បញ្ជាក់​ថា​ យើង​ផ្តល់​ការ​គាំទ្រ​តាម​ផ្លូវអាកាស​សម្រាប់​ពួក​គេ​ ព្រម​ជាមួយ​គ្នា​នោះ​ បូក​រួម​ទាំង​កងកម្លាំង​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​ផង​ដែរ​ ដែល​ជា​ការ​គាំទ្រ​ជួយ​ពួក​គេ​ ដូច​ជា​កាំភ្លើង​ អាវុធ​យុទ្ធ​ភ័​ន្ធ​ និង​គ្រឿង​ផ្គត់ផ្គង់​ផ្សេង​ទៀត​ ។​

​ទោះបី​យ៉ាងណា​ ទាក់ទង​បញ្ហា​នេះ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ លោក​ Dmitry​ Peskov​ បាន​ថ្លែង​ថា​ ខ្លឹមសារ​ខាងលើ​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​ គឺ​មាន​ន័យ​ថា​ រុ​ស្ស៊ី​បញ្ជូន​អាវុធ​យុទ្ធ​ភ័​ន្ធ​ និង​គ្រឿង​ផ្គត់ផ្គង់​ទៅ​ឲ្យ​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​ មិនមែន​ទៅ​ឲ្យ​ក្រុម​ FSA​ នោះ​ឡើយ​ ប៉ុន្តែ​ចំពោះ​ការ​គាំទ្រ​តាម​ផ្លូវអាកាស​វិញ​ គឺ​រុ​ស្ស៊ី​ជួយ​ទាំង​កងកម្លាំង​រដ្ឋាភិបាល​ និង​ទាំង​កងកម្លាំង​ FSA​ ។​

​ប្រធានាធិបតី​ពូ​ទី​ន​ ក៏​ដូច​ជា​មន្ត្រី​ដទៃ​ផ្សេង​ទៀត​ផង​ដែរ​ កាលពី​ថ្មីៗ​នេះ​បាន​ថ្លែង​ថា​ ប្រទេស​រុ​ស្ស៊ី​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុម​ FSA​ ប៉ុន្តែ​តំណាង​របស់​ក្រុម​ FSA​ បាន​បដិសេធន៍​ចំពោះ​ការ​លើក​ឡើង​របស់​រុ​ស្ស៊ី​បែប​នេះ​ ។​

​ការ​គាំទ្រ​តាម​ផ្លូវអាកាស​ទៅ​ដល់​ក្រុម​ FSA​ ពី​រដ្ឋាភិបាល​រុ​ស្ស៊ី​នៅ​ពេល​នេះ​ គឺជា​ការ​ផ្លាស់​ប្តូរ​ជំហរ​នយោបាយ​មួយ​ដ៏​ធំធេង​របស់​វិមាន​ក្រឹម​ឡាំង​ ដែល​ជា​និច្ចកាល​ត្រូវ​លោក​ខាងលិច​ចោទប្រកាន់​ថា​ បាន​គោលដៅ​វាយប្រហារ​ទៅ​លើ​ក្រុមប្រឆាំង​ស៊ី​រី​ ដើម្បី​ជា​ការ​គាំទ្រ​ដល់​កងកម្លាំង​រដ្ឋាភិបាល​លោក​អាល់​ អាសា​ដ​ ជា​ជាង​ការ​វាយប្រហារ​សងសឹក​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ ISIL​ ឬ​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ Daesh​ នោះ​ ។​

​លោក​ John​ Kirby​ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ថ្លែង​ថា​ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ប្រាកដ​នៅឡើយ​ទេ​ថា​ តើ​ការ​ពោល​អះអាង​ខាងលើ​ស្តី​អំពី​ការ​គាំទ្រ​ដល់​ក្រុម​ FSA​ គឺជា​រឿង​ពិត​ ឬ​យ៉ាងណា​នោះ​ ។​ លោក​បន្ត​ថា​ ជា​ទូទៅ​ គ្មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ជា​ដុំ​កំភួន​នោះ​ឡើយ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ​ ។​ យើង​នៅ​តែ​មើលឃើញ​ថា​ សកម្មភាព​របស់​ពួក​គេ​នៅ​តែ​បន្ត​ប្រឆាំង​ទៅ​លើ​ក្រុមប្រឆាំង​ដដែល​ ។​

​ប៉ុន្តែ​បើ​ទោះបី​មានការ​លើក​ឡើង​បែប​នេះ​ក៏​ដោយ​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ ក៏​លោក​ Michael​ Fallon​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស​បាន​ថ្លែង​ការពារ​ការ​ពោល​អះអាង​របស់​លោក​ភូ​ទី​ន​ ដោយ​លោក​បាន​បញ្ជាក់​ថា​ ទីក្រុង​មូ​ស្គូ​បាន​ខិតខំ​ និង​តួនាទី​ក្នុង​ន័យ​ស្ថាបនា​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ នយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុ​ស្ស៊ី​ លោក​ Sergei​ Shoigu​ បាន​អះអាង​ថា​ យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​បាន​ហោះហើរ​ប្រតិបត្តិ​ការប្រមាណ​ ៤​ពាន់​លើក​នៅ​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ទៅ​លើ​ក្រុម​ភេរវកម្ម​ ចាប់តាំងពី​ពេល​ដែល​ទីក្រុង​មូ​ស្គូ​បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​នៅ​លើ​ដែនអាកាស​ប្រទេស​ស៊ី​រី​តាំងពី​ខែកញ្ញា​ ឆ្នាំ​២០១៥​រៀង​រហូត​មក​ដ​ ។​ លោក​បាន​អះអាង​ថា​ ក្នុង​យុទ្ធនាការ​ទាំងនេះ​ កងកម្លាំង​ទាហាន​រុ​ស្ស៊ី​បាន​បំផ្លាញ​ចំ​គោលដៅ​ សម្លាប់​ក្រុម​ភេរវកម្ម​ប្រមាណ​៨​ពាន់​នាក់​ ។​

​លោកពូ​ទី​ន​ ក៏​បាន​ប្រកាស​ផង​ដែរ​ថា​ កងកម្លាំង​យោធា​រុ​ស្ស៊ី​អាច​នឹង​ឆ្លើយ​តប​ដោយ​ពេញលេញ​តែ​ម្តង​ចំពោះ​សកម្មភាព​បង្ករឿង​ណាមួយ​ថ្មីៗ​បន្ថែម​ទៀត​ ។​ លោក​បាន​អះអាង​ថា​ យោធា​រុ​ស្ស៊ី​ដែល​ឈរជើង​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ត្រូវ​តែ​បង្កើន​សព្វាវុធ​របស់​ខ្លួន​បន្ថែម​ទៀត​ មាន​ដូច​ជា​យន្តហោះ​ចម្បាំង​ និង​អាវុធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ ។​ លោក​បាន​អះអាង​ថា​ លោក​ដាក់​បញ្ជា​ឲ្យ​ធ្វើ​សកម្មភាព​ស្វិតស្វាញ់​បំផុត​ ។​ រាល់​គោលដៅ​ដែល​គំរាមកំហែង​ដល់​កងទ័ព​រុ​ស្ស៊ី​ ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ដែនដី​របស់​យើង​ គួរតែ​កម្ចាត់​ចោល​ភ្លាមៗ​ ៕​

2ក្រុមរដ្ឋអិស្លាម ISIL ដែលនៅលើទឹកដីស៊ីរី និងអ៊ីរ៉ាក់

3ក្រុមបះបោរប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលពេលនេះរុស្ស៊ីផ្តល់ការឧបត្ថម្ភតាមផ្លូវអាកាសប្រឆាំងជាមួយក្រុមរដ្ឋអិស្លាម

...

ប្រែ​សម្រួល​ដោយ៖ ថា​ច់​ យ៉ា​ត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print