ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ បន្ទាប់ពីបុរសនេះញៀនថ្នាំហួសកម្រឹតកេះដែកកេះដុតផ្ទះប្រជាពលរដ្ឋ១ខ្នងឲ្យឆេះម៉ដ្ឋ កាលពីវេលាម៉ោង៨យប់ថ្ងៃ សុក្រ ៩រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៩ស្ថិតនៅចំណុចភូមិក្រពើខាងជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ។
មន្រ្តីនគរបាលស្រុកបាណន់បានឲ្យដឹងថា ជនបង្កឈ្មោះយ៉ិល ស្រស់ ភេទ ប្រុសអាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ ជាមនុស្សញៀនថ្នាំដល់កម្រិត ។ រីឯម្ចាស់ផ្ទះរងគ្រោះឈ្មោះរឿត វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំខាងលើជាមួយជនបង្ក ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ការដុតបំផ្លាញលំនៅឋានអ្នកភូមិនេះ គេមិនទាន់ដឹងពីមូលហេតុជាក់លាក់នៅឡើយទេ ស្រាប់តែសុខៗជននេះយកភ្លើងដុតផ្ទះគេឆេះខ្ទេចតែម្ដង។
ជនរងគ្រោះបានឲ្យដឹងដែរថា លំនៅឋានដែលជនឡប់សតិនេះ ដុតបំផ្លាញមានទំហំ១០ម×១២ម ធ្វើអំពីឈើប្រក់សង្ក័សី និងជញ្ជាំងក្តារ ហើយសម្ភារនិងទ្រព្យសម្បត្តិស្ទើរទាំងស្រុងបានក្លាយជាផែះមានទ្រព្យសម្បត្តិតិចតួចណាស់ ដែលរំដោះបាន ព្រោះកម្លាំងភ្លើងឆេះខ្លាំងពេក ក្នុងនោះមានស្រូវ២តោន លុយចំនួន១លានរៀល គ្រែ តុ ទូ សម្លៀកបំពាក់ ចាន ឆ្នាំង និងសម្ភារ ផ្សេងៗជាច្រើនទៀត ដែលគិតជាទឹកប្រាក់អស់ជាង២៤លានរៀល មូលហេតុជនសង្ស័យបែកថ្នាំ ។
ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ខ្លួនបានតែគេមិនភ័យ មិនតក់ស្លុត និងបានសើចញញឹមហាក់ដូចជាគ្មានរឿងអីកើតឡើង ប៉ុន្តែសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធីហើយ៕