គ្រឿងញៀនបានផលិតនិងចែកចាយចេញពីតំបន់អាស៊ានតែម្តង ដោយមិនបាននាំចូលពីប្រទេសណានោះឡើយ។ តាមសារព័ត៌មាន CNN ភាគច្រើនគ្រឿងញៀនផលិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយចាប់ផ្តើមចេញពីរដ្ឋ Shan ភាគខាងជើង ប្រទេសមីយ៉ានម៉ា ពិសេសគឺតំបន់ដែលជនជាតិ (Wa)រស់នៅ។ នៅបន់នោះគ្រប់គ្រងស្វ័យភាព ដោយមានកម្លាំងទាហានដាច់ដោយឡែក ។
តំបន់ខាងលើ មានភូមិសាស្ត្រដ៏គ្រោះថ្នាក់ ជាតំបន់ភ្នុំ ជ្រោះជ្រៅ បង្កផលលំបាកយ៉ាងខ្លាំង ក្នុងការចូលទៅកៀក និងជាទីតាំងល្អបំផុតសម្រាប់ផលិតគ្រឿងញៀន ។ មិនត្រឹមតែប៉ុណ្ណោះកម្លាំងទាហាន ស្វ័យភាពនៅទីនោះរកប្រាក់ចំណូលពឹងផ្អែកទៅលើការដាំដុះនិងផលិតគ្រឿងញៀន។
តំបន់ខាងលើមានភាពអាថ៌កំបាំងយ៉ាងខ្លាំង ដោយគ្មានអ្នកណាម្នាក់អាចទៅកាន់ទីនោះឡើយ ក្រៅពីអ្នកនៅទីនោះ ។ តាមតួលេខរបស់អង្គការសហប្រជាជាតិ កាលពីប៉ុន្មានឆ្នាំមុននេះ ចំនួនគ្រឿងញៀននៅតំបន់ត្រីកោណមាសធ្លាក់ចុះ ប៉ុន្តែមួយឆ្នាំចុងក្រោយនេះគ្រឿងញៀនចេញពីតំបន់ត្រីកោណមាសច្រើនលើសលប់ ហួសពីការស្មាន។
អង្គការសហប្រជាជាតិ បានព្រមានថា បណ្តាញជួញដូរគ្រឿងញៀន ពី ត្រីកោណមាសចូលទៅកាន់ប្រទេសវៀតណាម និងប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ានកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន ។ ប្រទេសក្នុងតំបន់ចាំបាច់ត្រូវចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់។
លោក Inshik Sim អ្នកឯកទេសស្រាវជ្រាវរបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា«យើងព្យាករណ៍ថាប្រទេសឡាវនិងវៀតណាម នៅក្នុងឆ្នាំនេះនឹងមានការជួញដូរគ្រឿងញៀនកើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ។ បណ្តាប្រទេសចាំបាច់ត្រូវតែត្រៀមលក្ខណទប់ស្កាត់ឲ្យបានខ្ពស់បំផុត »។
កាលពីមួយសប្តាហ៍មុនកម្លាំងប្រឆាំងគ្រឿងញៀនវៀតណាមចាប់បានគ្រឿងញៀនដល់ទៅ៣០០គីឡូក្រាម ប្រភេទម៉ាទឹកកក នៅក្នុងខណ្ឌ ប៊ិនតឹង ទីក្រុង ហូជីមិញ។ នៅយប់ថ្ងៃទី២៧ខែមីនាកន្លងមកថ្មីៗ ក្រុមប្រឆាំងគ្រឿងញៀនទីក្រុងហូជីមិញ ចាប់បាននុំហេរ៉ូអ៊ីន (heroin)៨៩៥ដុំ នៅតំបន់ស្ពានអាកាស អានសឿង ។
នៅសប្តាហ៍កន្លងមក ប៉ូលិសហ្វីលីពីនក៏បានសហការជាមួយប៉ូលិសប្រឆាំងគ្រឿងញៀនវៀតណាម ចាប់បានគ្រឿញៀន២៧៦គីឡូក្រាម នៅរដ្ឋធានីម៉ានីល។
ការចាប់គ្រឿងញៀននៅទីក្រុងហូជីមិញ ពីរលើកកន្លងមក គឺមេក្លោងធំជាជនបរទេស ហើយប្រភពគ្រឿងញៀនចេញពីតំបន់ត្រីកោណមាស «ព្រំដែន មីយ៉ានម៉ា ថៃ និងឡាវ»បានបង្កក្តីបារម្ភយ៉ាងខ្លាំង ។ គ្រឿងញឿនចេញពីតំបន់ទ្រីកោណមាស អាចនឹងបន្តទៅកាន់ទីផ្សាប្រទេសផ្សេងៗទៀតជាច្រើន៕