ភ្នំពេញ ៖ ទីបំផុតសមត្ថកិច្ចបានសម្រេចចិត្តជាចុងក្រោយ គឺផ្ទុះអាវុធពីរគ្រាប់បាញ់កង់រថយន្តឡិចស៊ីស ដើម្បីអន្តរាគមន៍ឲ្យអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ឈប់ ដែលបានបង្កតាំងពីទឹកដីខណ្ឌច្បារអំពៅរហូតឆ្លងមកដល់ភូមិសាស្ត្រខណ្ឌ៧មករា កាលពីយប់ថ្ងៃសុក្រនេះ ។
ប្រភពព័ត៌មានបានឲ្យដឹងថា គេឃើញអ្នកបើកបររថយន្តម៉ាកឡិចស៊ីស៣៥០បង្កហេតុខាងលើនេះ បើកក្នុងស្ថានមួយគ្រប់គ្រងបញ្ជាចង្កូតរថយន្តលែងបាន ហើយថែមទាំងប្រើប្រាស់ល្បឿននៅលើដងផ្លូវលឿនទៀត រហូតបានរេចង្កូតជ្រុលបុកម៉ូតូមួយគ្រឿងនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ តែមិនព្រមឈប់ទទួលខុសត្រូវនោះទេ ។ ផ្ទុយទៅវិញជនបង្ករូបនេះបានព្យាយាមបើកគេច ក៏ជ្រុលបុករថយន្តមួយគ្រឿងទៀតម៉ាកកាមរីបាឡែន នៅតែមិន ព្រមឈប់ទៀត ។ លុះបើកមកដល់ទឹកដីខណ្ឌ៧មករា ទើបសមត្ថកិច្ចសម្រេចបាញ់ពីរគ្រាប់បំបែកកង់ទៅមុខ លែងរួច ។
សាក្សីដែលបានដឹងករណីនេះថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង កាលពីអំឡុងម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នគរបាលឲ្យដឹងថា បន្ទាប់ពីបាញ់ពីរគ្រាប់រថយន្តត្រូវបានឈប់ទើបស្គាល់ម៉ាកឡិចស៊ីសRX350 ពណ៌ស ពាក់ស្លាកលេខសៀមរាប2A-1830 ហើយកម្លាំងបានស្ទូចរថយន្ត និងឃាត់ខ្លួនអ្នកបើកបរនាំមកអធិការដ្ឋានខណ្ឌ ច្បារអំពៅ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយ ៖ ជាយក្រុង