ទីក្រុងបាងកក៖ រដ្ឋាភិបាលស្និទយោធារបស់លោកប្រាយុទ្ធចាន់អូចារ នឹងកាន់តែរឹងមាំ ថែមទៀត ក្រោយពេលគណបក្សនេះទទួលបានការគាំទ្រ ពីក្រុមអភិជន និងព្រះមហាក្សត្រ ថៃផងដែរ ។ កន្លងមក ថ្មីៗព្រះមហាក្សត្រថៃ ក៏បានដកគ្រឿងឥស្សរិយយស ពីលោក ថាក់ស៊ីន ក្រោយរិះគន់ការបោះឆ្នោតថាគ្មាន តម្លាភាព។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ព្រះមហាក្សត្រ កំពុងគាំទ្រយោធាកាន់អំណាច នេះ។
កាលពីថ្ងៃទី១ខែមេសា លោកប្រាយុទ្ធចាន់អូចារ បានចេញមុខការពារ ក្រោយពលរដ្ឋជាច្រើនទាមទារំលាយគណៈកម្មការរៀបចំការបោះឆ្នោត ។ការបោះឆ្នោតនៅថៃកាលពីថ្ងៃទី២៤ខែមីនាកន្លងមក ធ្វើឲ្យមានរឿងអាស្រូវជាច្រើន ក្នុងនោះភាគច្រើនកំហុសកើតចេញពីការរៀបចំរបស់គណៈកម្មការរៀបចំការបោះឆ្នោត ។ ទាំងនោះហើយបានជា ពលរដ្ឋទាមទា រឲ្យរំលាយគណៈកម្មការរៀបចំការបោះឆ្នោត ។
នៅថ្ងៃទី១ខែមេសា កន្លងមក នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចារ បាន ចេញមកការពារគណៈកម្មការរៀបចំការបោះឆ្នោត ។ លោក ប្រាយុទ្ធ បញ្ជាក់ថា គណៈកម្មការបោះឆ្នោត បានផ្តល់ការបកស្រាយរួចមកហើយ សូមកុំបង្កភាពស្មុគ្រស្មាញជាងនេះទៀតអី។
លោកប្រាយុទ្ធបន្តទៀតថា គណៈកម្មការរៀបចំការបោះឆ្នោតបានបកស្រាយរួចហើយ ពីកំហុសអចេតនាខាងលើ សូមស្វែងយល់ពីប្រព័ន្ធបោះឆ្នោតនេះផង។ ប៉ុន្តែពលរដ្ឋ មិនពេញចិត្តនឹងការបកស្រាយ ដោយគ្មានហេតុផលច្បាស់លាស់ឡើយ ក្នុងនោះមានទាំងការពន្យាពេលប្រកាសលទ្ធផលបោះឆ្នោត ជាបន្តបន្ទាប់ ។
ការសម្រេចចេញមុខការពារ របស់លោកប្រាយុទ្ធ កើតឡើងក្រោយពេល មានញត្តិជាច្រើនដែលធ្វើឡើងជាសាធារណៈ ក្នុងនោះរួមមានទាំងក្រុមប្រឹក្សានិស្សិត ដែលមានសមាសភាពមកពីសាកលវិទ្យាល័យជាច្រើន បានប្តឹងគណៈកម្មការរៀបចំការបោះឆ្នោតនេះ អំពីភាពមិនប្រក្រតីនៃការបោះឆ្នោត និងការពន្យារពេលចេញផ្សាយលទ្ធផលបោះឆ្នោតបឋមជាដើម។
កាលពីចុងខែមីនាកន្លងមក ព្រះមហាក្សត្រក្សថៃ Maha Vajiralongkorn បានសម្រេចព្រះទ័យដកហូតគ្រឿងឥស្សរិយយសដែលធ្លាប់ផ្ដល់ ឱ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីនមកវិញហើយ។ ដោយសារតែលោក ថាក់ស៊ីន ធា្លប់ត្រូវបានកាត់ទោសពីបទពុកលួយកាលពីឆ្នាំ២០០៨ និងរត់ភៀសខ្លួនទៅក្រៅប្រទេស ដែលនេះត្រូវបានចាត់ទុកថា ជាអាកប្បកិរិយាមិនសមរម្យ។
ប៉ុន្តែការដកហូតគ្រឿង ឥស្សរិយយសនេះ កើតមានឡើងតែជាងសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរូបនេះរិះគន់ការបោះឆ្នោតនៅក្នុងប្រទេសថៃថា បានដំណើរការទៅដោយគ្មានភាពយុត្តិធម៌ និងតម្លាភាព ក្រោមការរៀបចំរបស់របបយោធា។
ពេលថ្មីៗនេះបណ្តា គណបក្សប្រឆាំង ចោទគណបក្សរបស់លោកប្រាយុទ្ធ ចាន់អូចាថា បានទិញសំឡេងឆ្នោត។ គណបក្សប្រឆាំង បានដាក់ពាក្យបណ្តឹងទៅ គណៈកម្មាធិការ រៀបចំ បោះឆ្នោត ដើម្បីប្តឹងគណបក្សរបស់របបសឹកថៃ នៅក្នុងបទទិញសន្លឹកឆ្នោត។ គណៈកម្មាធិការរៀបចំការបោះឆ្នោតរងការរិះគន់យ៉ាងខ្លាំងក្លា នៅក្នុងការពន្យារពេល ការប្រកាសលទ្ធផលបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យទី២៤មីនាកន្លងទៅនេះ។
គណបក្សប្រឆាំងឈ្មោះ ”អណាខុតម៉ៃ (Future Forward) បានដាក់ពាក្យបណ្តឹងទៅ គណៈកម្មាធិការរៀបចំការបោះឆ្នោត កាលពីចុងខែមីនា ដើម្បីប្តឹង គណបក្សរបស់របបសឹក ថៃ ឈ្មោះ” ផាឡាំងប្រាឆារ៉ាត់ ( Palang Pracharat) ពី បទទិញសំឡេងឆ្នោត តាមរយៈ ការផ្តល់ ជា អំណោយផ្សេងៗ និង លុយកាក់ ពី បណ្តាអ្នកទទួលខុសត្រូវ នៅក្នុងតំបន់ ដើម្បីឲ្យពួកគេ បោះឆ្នោត ឲ្យ បក្សរបស់លោកប្រាយុទ្ធចាន់អូចា។ ទង្វើរបស់បក្សផាឡាំងប្រាឆារ៉ាត់នេះ ត្រូវបានអ្នកនាំពាក្យរបស់គណបក្សប្រឆាំង “ អណាខុតម៉ៃ “ បរិហារ ថា ជាការធ្វើផ្ទុយនឹងច្បាប់ថៃ ពីព្រោះ ជាទង្វើដែល គេ អាចចាត់ទុក ដូច ជា ការទិញសំឡេងឆ្នោតដែរ។
គណបក្សប្រឆាំង អណាខុតម៉ៃ ដែលទើបនឹងបង្កើតថ្មីៗនេះ បានទទួលសំឡេងឆ្នោតគាំទ្រច្រើន នៅក្នុងលំដាប់ទី៣ ដោយបានសំឡេងឆ្នោតគាំទ្រ រហូតដល់៥លានសន្លឹក ពោលគឺបានច្រើនជាងគណបក្សដ៏ចំណាស់មួយនៅក្នុងប្រទេស គឺបក្សប្រជាធិបតេយ្យរបស់លោក អាភិស៊ីត ទៅទៀត ដែលស្ថិតនៅក្នុងលំដាប់ទី៤។ បក្ស អណាខុតម៉ៃ ដែលធ្វើឲ្យមតិសាធារណៈភា្ញក់ផ្អើលខ្លាំង នៅក្នុងការបោះឆ្នោតសភាលើកនេះ បានទាក់ទាញទឹកចិត្តអ្នកបោះឆ្នោតយុវវ័យយ៉ាងច្រើនសម្បើម។ ប្រធានរបស់បក្សមួយនេះ ហ៊ាន សំដែងការប្រឆាំងនឹងរបបសឹកយ៉ាងខ្លាំងក្លា តាមរយៈសុន្ទរកថារបស់ខ្លួន ដែលឆ្លុះបញ្ចាំងពីការបំភិតបំភ័យរបស់ពួកយោធាថៃ។
ចំណែកគណបក្សប្រឆាំងថៃដ៏ធំមួយឈ្មោះ Pheu Thai វិញ នៅក្នុងពាក្យបណ្តឹង បានអះអាងថា ក្រុមអ្នកសង្កេតការណ៍របស់ខ្លួន បានរកឃើញនូវកំហុសជាច្រើន នៅក្នុងការរើរាប់សន្លឹកឆ្នោត និង ភាពមិនត្រឹមត្រូវនៅក្នុងការប្រកាសលទ្ធផលឆ្នោត។
ជាសរុប ពាក្យបណ្តឹង មានចំនួនជាង ១៤០បណ្តឹង ដែលត្រូវបានដាក់ជូនដល់គណៈកម្មាធិការបោះឆ្នោត។ គណៈកម្មាធិការមួយនេះ បានទទួលស្គាល់ផងដែរ ថា មានកំហុសរបស់មនុស្ស នៅក្នុងការរើរាប់សន្លឹកឆ្នោត ដែលនាំឲ្យមានការខាតបង់សន្លឹកឆ្នោត រហូតដល់ ២ លានសន្លឹក នៅក្នុងចំណោមសន្លឹកឆ្នោតចំនួន ៣៧ លានសន្លឹក។
នៅក្រោយក្រុមអ្នកកាសែត រកឃើញនូវភាពមិនប្រក្រតីនៅក្នុងការប្រកាសលទ្ធផល- គណៈកម្មាធិការរៀបចំការបោះឆ្នោត ក៏បានសម្រេចចិត្ត ដកលទ្ធផលនៃការបោះឆ្នោត ចេញពី វិបសៃតិ៍របស់ខ្លួនវិញ ដោយពុំមានការពន្យល់អ្វីទាំងអស់។ ជិតមួយសប្តាហ៍មកហើយ បន្ទាប់ពីការបោះឆ្នោតសភានេះ គេនៅតែពុំទាន់ដឹងលទ្ធផលពេញលេញនៅឡើយទេ៕
ដោយ៖ មែវ សាធី