គណបក្សប្រឆាំងពិបាកដណ្តើមអំណាចមកវិញពីរដ្ឋាភិបាលយោធា

ចែករំលែក៖

ទីក្រុងបាងកក៖ រដ្ឋាភិបាលស្និទយោធារបស់លោកប្រាយុទ្ធចាន់អូចារ នឹងកាន់តែរឹងមាំ​ ថែមទៀត ក្រោយពេលគណបក្សនេះទទួលបានការគាំទ្រ ពីក្រុមអភិជន​ និងព្រះមហាក្សត្រ ថៃផងដែរ ។ កន្លងមក ថ្មីៗព្រះមហាក្សត្រថៃ ក៏បានដកគ្រឿង​ឥស្សរិយយស ពីលោក ថាក់ស៊ីន ក្រោយរិះគន់ការបោះឆ្នោតថាគ្មាន តម្លាភាព។​ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ព្រះមហាក្សត្រ កំពុងគាំទ្រយោធាកាន់អំណាច នេះ។

កាលពីថ្ងៃទី​១ខែមេសា លោកប្រាយុទ្ធចាន់អូចារ បានចេញមុខការពារ​ ក្រោយពលរដ្ឋជាច្រើនទាមទារំលាយគណៈកម្មការរៀបចំការបោះឆ្នោត​ ។ការបោះឆ្នោតនៅថៃកាលពីថ្ងៃទី​២៤ខែមីនាកន្លងមក ធ្វើឲ្យមានរឿងអាស្រូវជាច្រើន​ ក្នុងនោះភាគច្រើនកំហុសកើតចេញពី​ការរៀបចំរបស់គណៈកម្មការរៀបចំការបោះឆ្នោត ។ ទាំងនោះហើយបានជា ពលរដ្ឋ​ទាមទា រឲ្យរំលាយគណៈកម្មការ​រៀបចំការបោះឆ្នោត ។

នៅថ្ងៃទី​១ខែមេសា កន្លងមក​ នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចារ ​បាន ចេញមកការពារគណៈកម្មការរៀបចំការបោះឆ្នោត ។​ លោក ប្រាយុទ្ធ បញ្ជាក់ថា គណៈកម្មការបោះឆ្នោត បានផ្តល់ការបកស្រាយរួចមកហើយ សូមកុំបង្កភាពស្មុគ្រស្មាញជាងនេះទៀតអី។
លោកប្រាយុទ្ធបន្តទៀតថា គណៈកម្មការរៀបចំការបោះឆ្នោតបានបកស្រាយរួចហើយ ពីកំហុស​អចេតនាខាងលើ សូមស្វែងយល់ពីប្រព័ន្ធបោះឆ្នោតនេះផង។ ប៉ុន្តែពលរដ្ឋ មិនពេញចិត្តនឹងការបកស្រាយ ដោយគ្មានហេតុផលច្បាស់លាស់ឡើយ ក្នុងនោះមានទាំងការពន្យាពេលប្រកាសលទ្ធផលបោះឆ្នោត ជាបន្តបន្ទាប់ ។
ការសម្រេចចេញមុខការពារ របស់លោកប្រាយុទ្ធ កើតឡើងក្រោយពេល មានញត្តិជាច្រើនដែលធ្វើឡើងជាសាធារណៈ ក្នុងនោះរួមមានទាំងក្រុមប្រឹក្សានិស្សិត ដែលមានសមាសភាពមកពីសាកលវិទ្យាល័យជាច្រើន បានប្តឹងគណៈកម្មការរៀបចំការបោះឆ្នោតនេះ អំពីភាពមិនប្រក្រតីនៃការបោះឆ្នោត និងការពន្យារពេលចេញផ្សាយលទ្ធផលបោះឆ្នោតបឋមជាដើម។
កាលពីចុងខែមីនាកន្លងមក​ ព្រះមហាក្សត្រក្សថៃ Maha Vajiralongkorn បានសម្រេចព្រះទ័យដកហូតគ្រឿងឥស្សរិយយសដែលធ្លាប់ផ្ដល់ ឱ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីនមកវិញហើយ។ ដោយសារតែលោក ថាក់ស៊ីន ធា្លប់ត្រូវបានកាត់ទោសពីបទពុកលួយកាលពីឆ្នាំ២០០៨ និងរត់ភៀសខ្លួនទៅក្រៅប្រទេស ដែលនេះត្រូវបានចាត់ទុកថា ជាអាកប្បកិរិយាមិនសមរម្យ។
ប៉ុន្តែការដកហូតគ្រឿង ឥស្សរិយយសនេះ កើតមានឡើងតែជាងសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរូបនេះរិះគន់ការបោះឆ្នោតនៅក្នុងប្រទេសថៃថា បានដំណើរការទៅដោយគ្មានភាពយុត្តិធម៌ និងតម្លាភាព ក្រោមការរៀបចំរបស់របបយោធា។
ពេលថ្មីៗនេះបណ្តា គណបក្សប្រឆាំង ចោទ​គណបក្ស​របស់​លោក​ប្រាយុទ្ធ ចាន់អូចា​ថា បាន​ទិញសំឡេង​ឆ្នោត។ គណបក្ស​ប្រឆាំង​ បាន​ដាក់​​ពាក្យបណ្តឹងទៅ គណៈកម្មាធិការ​ រៀបចំ បោះឆ្នោត​ ដើម្បីប្តឹងគណបក្ស​របស់​របបសឹក​ថៃ នៅក្នុង​បទ​ទិញ​សន្លឹកឆ្នោត។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​រង​ការរិះគន់​យ៉ាងខ្លាំងក្លា នៅក្នុង​ការពន្យារ​ពេល​ ការប្រកាស​លទ្ធផល​បោះឆ្នោត​សភា កាល​ពីថ្ងៃអាទិត្យ​ទី​២៤​មីនាកន្លងទៅនេះ។​
គណបក្ស​ប្រឆាំងឈ្មោះ ”អណាខុតម៉ៃ (Future Forward) ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត កាលពីចុងខែមីនា ដើម្បី​ប្តឹង គណបក្ស​របស់​របបសឹក ថៃ ​ឈ្មោះ​​”​ ផាឡាំង​ប្រាឆារ៉ាត់ ( Palang Pracharat) ពី បទ​ទិញ​សំឡេងឆ្នោត តាមរយៈ ​ការផ្តល់ ​ជា អំណោយផ្សេងៗ ​និង ​លុយកាក់ ពី បណ្តា​​អ្នកទទួល​​ខុសត្រូវ នៅ​ក្នុងតំបន់ ​ដើម្បី​ឲ្យ​ពួកគេ ​បោះឆ្នោត ឲ្យ បក្ស​របស់​លោក​ប្រាយុទ្ធ​ចាន់អូចា។ ទង្វើ​របស់​បក្សផាឡាំងប្រាឆារ៉ាត់នេះ ត្រូវបាន​អ្នកនាំពាក្យរបស់​គណបក្ស​ប្រឆាំង “ អណាខុតម៉ៃ “ បរិហារ ​ថា ​ជា​ការធ្វើ​ផ្ទុយនឹង​ច្បាប់​ថៃ ពីព្រោះ ជា​ទង្វើដែល គេ​ អាចចាត់ទុក ដូច ជា ការ​ទិញសំឡេង​ឆ្នោត​ដែរ។

គណបក្ស​ប្រឆាំង អណាខុតម៉ៃ ដែលទើបនឹង​បង្កើតថ្មីៗនេះ បានទទួលសំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ នៅ​ក្នុង​លំដាប់​ទី៣ ដោយ​បានសំឡេងឆ្នោតគាំទ្រ រហូតដល់​៥លានសន្លឹក ពោល​​គឺ​បានច្រើន​ជាងគណបក្សដ៏ចំណាស់មួយនៅ​ក្នុងប្រទេស គឺបក្សប្រជាធិបតេយ្យ​របស់​លោក អាភិស៊ីត​ ទៅទៀត ដែលស្ថិតនៅ​ក្នុង​លំដាប់ទី៤។ បក្ស​ អណាខុតម៉ៃ ដែល​ធ្វើ​ឲ្យ​មតិសាធារណៈ​ភា្ញក់ផ្អើលខ្លាំង នៅក្នុង​ការ​​បោះឆ្នោតសភាលើកនេះ ​បាន​ទាក់ទាញ​ទឹកចិត្ត​​​អ្នកបោះឆ្នោតយុវវ័យ​​យ៉ាងច្រើនសម្បើម​​។ ប្រធានរបស់​បក្សមួយនេះ ហ៊ាន​ សំដែង​​​​ការ​​ប្រឆាំងនឹង​របបសឹក​យ៉ាងខ្លាំងក្លា ​តាមរយៈសុន្ទរកថារបស់​ខ្លួន ដែល​ឆ្លុះ​បញ្ចាំង​​​ពីការ​បំភិតបំភ័យរបស់​ពួកយោធាថៃ។​

ចំណែក​​គណបក្សប្រឆាំងថៃដ៏ធំមួយ​​ឈ្មោះ Pheu Thai វិញ ​នៅ​ក្នុងពាក្យបណ្តឹង ​ បាន​អះអាង​ថា ក្រុមអ្នកសង្កេតការណ៍របស់ខ្លួន បានរកឃើញនូវ​កំហុសជាច្រើន នៅក្នុង​ការរើ​រាប់សន្លឹកឆ្នោត ​និង ​ភាព​មិនត្រឹមត្រូវ​នៅ​ក្នុងការប្រកាស​លទ្ធផលឆ្នោត​។

ជាសរុប ពាក្យបណ្តឹង មានចំនួន​ជាង ​១៤០​បណ្តឹង ដែល​ត្រូវបានដាក់ជូនដល់​គណៈកម្មាធិការបោះឆ្នោត។ គណៈកម្មាធិការ​មួយ​នេះ ​ បានទទួលស្គាល់​ផងដែរ​ ថា​ មាន​កំហុស​របស់​​មនុស្ស ​នៅ​ក្នុង​ការរើ​រាប់សន្លឹកឆ្នោត ​​ដែលនាំឲ្យ​មាន​ការ​ខាតបង់​​សន្លឹកឆ្នោត​ រហូតដល់​ ​២ លាន​សន្លឹក នៅ​ក្នុង​ចំណោម​​សន្លឹកឆ្នោតចំនួន ​៣៧ លានសន្លឹក។

នៅក្រោយ​ក្រុមអ្នកកាសែត រកឃើញនូវ​ភាពមិនប្រក្រតី​នៅ​ក្នុង​ការប្រកាស​លទ្ធផល- គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ក៏បាន​សម្រេចចិត្ត ដក​លទ្ធផល​នៃ​ការបោះឆ្នោត ចេញពី វិបសៃតិ៍​របស់​ខ្លួនវិញ ដោយ​ពុំមាន​ការពន្យល់អ្វី​ទាំងអស់។ ជិតមួយ​សប្តាហ៍​មក​ហើយ បន្ទាប់ពីការបោះឆ្នោតសភានេះ គេនៅតែពុំ​ទាន់ដឹង​លទ្ធផល​ពេញលេញ​នៅ​ឡើយ​ទេ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print