ខេត្តកំពង់ឆ្នាំងៈជនមិនស្គាល់មុខបានលួចចាក់សាំងដុតទូកបាឡាស្មាច់មួយគ្រឿងនិងសាច់អួន១វង់ដែលផ្ទុកនៅលើទូកនេះបណ្ដាលឲ្យឆេះម៉ដ្ឋបង្កការភ្ញាក់ផ្អើលទាំងព្រឹក។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ១០នាទីព្រឹកថ្ងៃអង្គារ ១៣រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ខែមេសា ឆ្នាំ២០១៩ នៅចំណុចបឹងអភិរក្សឆ្អឹងដំរី ស្ថិតក្នុងភូមិ-ឃុំទឹកហូតស្រុករលាប្អៀរ នៅពេលដែលម្ចាស់នាំគ្នាឡើងទៅហូបបាយអស់។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើនេះបានឲ្យដឹងថាទូកស្មាច់និងសាច់អួន ដែលត្រូវបានគេលួចដុតខាងលើនេះ គឺជារបស់ឈ្មោះ ចិន ជាជនជាតិវៀតណាមរស់នៅក្នុងភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ។
ប្រជាពលរដ្ឋបន្តថាបុគ្គលរូបនេះតែងតែធ្វើសកម្មភាពអូសអួននៅចំណុចបឹងអភិរក្សឆ្អឹងដំរីជារៀងរាល់យប់ ដោយមានការបើកដៃពីមន្ត្រីជលផលផងដែរ។ ការនេសាទដោយប្រើឧបករណ៍អួនអូសនៅក្នុងបឹងអភិរក្សខាងលើនេះ ប្រជាពលរដ្ឋថា វាមានផលប៉ះពាល់ទៅដល់ការនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ដូចជាធ្វើឲ្យដាច់មងសន្ទូចរបស់គេនិង ធ្វើឲ្យគេខឹងក៏លួចដុតទូកនិងអួននេះចោលតែម្ដងទៅ។
យ៉ាងណានេះគ្រាន់តែជាការសង្ស័យរបស់ពួកគាត់តែប៉ុណ្ណោះ ខណៈ ពួកគាត់អះអាងថាមិនគាំទ្រនូវទង្វើខុសច្បាប់ណាមួយនោះទេទាំងការរកស៊ីអូសអួនល្មើសច្បាប់នៅក្នុងតំបន់អភិរក្ស ទាំងការលួចដុតកម្ទេចចោលនូវសម្ភារៈប្រើប្រាស់ណាមួយក្រៅប្រព័ន្ធច្បាប់។
ពួកគាត់ក៏រង់ចាំមើលផងដែរ ក្នុងករណីមួយនេះថាតើម្ចាស់ទូក ដែលរងការខូចខាតអាចដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីវែកមុខរកជនខិលខូចទាំងនោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ដែរឬទេ។តែបើប្ដឹងមែន តើសមត្ថកិច្ចចាត់ការបែបណាចំពោះម្ចាស់ទូកដែលជាអ្នករកស៊ីនេសាទល្មើសច្បាប់ដូចដែលមានវត្ថុតាងស្រាប់នេះ ? ៕