ជនមិនស្គាល់មុខលួចដុតទូកបាឡាស្មាច់​​ និងសាច់អួន១វង់សង្ស័យខឹងប្រើឧបករណ៍នេសាទខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំងៈជនមិនស្គាល់មុខបានលួចចាក់សាំងដុតទូកបាឡាស្មាច់មួយគ្រឿងនិងសាច់អួន១វង់ដែលផ្ទុកនៅលើទូកនេះបណ្ដាលឲ្យឆេះម៉ដ្ឋបង្កការភ្ញាក់ផ្អើលទាំងព្រឹក។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ១០នាទីព្រឹកថ្ងៃអង្គារ ១៣រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ខែមេសា ឆ្នាំ២០១៩ នៅចំណុចបឹង​អភិរក្សឆ្អឹងដំរី ស្ថិតក្នុងភូមិ-ឃុំទឹកហូតស្រុករលាប្អៀរ នៅពេលដែលម្ចាស់នាំគ្នាឡើង​ទៅហូបបាយអស់។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើនេះបានឲ្យដឹងថាទូកស្មាច់និងសាច់អួន ដែលត្រូវបានគេ​លួចដុតខាងលើនេះ គឺជារបស់ឈ្មោះ ចិន ជាជនជាតិវៀតណាមរស់នៅក្នុង​ភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ។

ប្រជាពលរដ្ឋបន្តថាបុគ្គលរូបនេះតែងតែធ្វើសកម្មភាពអូសអួននៅចំណុចបឹងអភិរក្សឆ្អឹងដំរីជារៀងរាល់យប់ ដោយមានការបើកដៃពីមន្ត្រីជលផលផងដែរ។ ការនេសាទដោយប្រើឧបករណ៍អួនអូសនៅក្នុងបឹងអភិរក្សខាងលើនេះ ប្រជាពលរដ្ឋថា វាមានផលប៉ះពាល់ទៅដល់ការនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ដូចជាធ្វើឲ្យដាច់មងសន្ទូចរបស់គេនិង ធ្វើឲ្យគេខឹងក៏លួចដុតទូកនិងអួននេះចោល​តែម្ដង​ទៅ។

យ៉ាងណានេះគ្រាន់តែជាការសង្ស័យរបស់ពួកគាត់តែប៉ុណ្ណោះ ខណៈ ពួកគាត់អះអាងថា​មិនគាំ​ទ្រនូវទង្វើខុសច្បាប់ណាមួយនោះទេទាំងការរកស៊ីអូសអួនល្មើសច្បាប់នៅ​ក្នុងតំបន់​អភិរក្ស ទាំងការលួចដុតកម្ទេចចោលនូវសម្ភារៈប្រើប្រាស់ណាមួយក្រៅប្រព័ន្ធច្បាប់។

ពួកគាត់ក៏រង់ចាំមើលផងដែរ ក្នុងករណីមួយនេះថាតើម្ចាស់ទូក ដែលរងការខូចខាតអាចដាក់​ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីវែកមុខរកជនខិលខូចទាំងនោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ដែរឬទេ។តែបើប្ដឹងមែន តើសមត្ថកិច្ចចាត់ការបែបណាចំពោះម្ចាស់ទូកដែលជាអ្នករក​ស៊ី​នេសាទ​ល្មើសច្បាប់ដូចដែលមានវត្ថុតាងស្រាប់នេះ ? ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print