សង្គ្រាមប្រដាប់អាវុធនិង គ្រោះធម្មជាតិ បានធ្វើឲ្យពលរដ្ឋនៅជុំវិញពិភពលោកប្រឈមនិងគ្រោះអត់ឃ្លាន ។ បច្ចុប្បន្នគ្រោះធម្មជាតិបានកើតឡើង ស្ទើបតែគ្រប់ប្រទេសនៅលើពិភពលោកនេះ បង្កផលប៉ះពាល់ខ្លាំងជាងគេបំផុត ។
គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គឺជាដើមហេតុបង្កឲ្យមានគ្រោះអត់ឃ្លាន។ សូម្បីតែនៅអាមេរិក មានរដ្ឋជាច្រើនត្រូវលិចលង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ កសិករអាមេរិក ដោយផ្ទៃដៃកសិកម្ម រាប់មឺនហិតា ត្រូវលិចលង់។
គ្រោះទឹកជំនន់បានកើតឡើង ខ្ពស់នៅក្នុងឆ្នាំ២០១៩នេះ ដោយមានប្រទេសជាច្រើន បានជួបនៅគ្រោះធម្មជាតិខ្យល់ព្យុះ ជាច្រើន ដូចជានៅប្រេស៊ីល អ៊ីរ៉ង អាមេរិក អឺរ៉ុប ទ្វីបអាហ្វ្រិក អូស្ត្រាលី និងប្រទេសតំបន់អាស៊ីជាច្រើន ទៀត ។
ក្រៅពីគ្រោះធម្មជាតិ នៅមានសង្គ្រាមប្រដាប់អាវុធដែលបានកើតឡើង នៅប្រទេសជាច្រើន ។ លើសពីនេះទៅទៀត ការដាក់ទណ្ឌកម្ម របស់អាមេរិក ក៏បានធ្វើឲ្យពលរដ្ឋរាប់លាននាក់ប្រឈមនិងគ្រោះអត់ឃ្លានផងដែរ ក្នុងនោះមានកូរ៉េខាងជើងជាដើម។ទិន្នផលកសិកម្មកូរ៉េខាងជើង បានធ្លាក់ចុះនៅក្នុងឆ្នាំ ធ្វើឲ្យពលរដ្ឋប្រឈមនឹងកង្វះស្បៀងអាហារយ៉ាងខ្លាំង ។ ជាមួយគ្នានេះ ក្តីសង្ឃឹមពីការរួចផុតទណ្ឌកម្ម របស់អាមេរិក នៅក្នុងជំនួបពិភាក្សា នៅប្រទេសវៀតណាម ប៉ុន្តែមិនទទួលបានជោគជ័យ ឡើយ ។
តាមរបាយការ របស់ អង្គការសហប្រជាជាតិ សង្រ្គាម ជម្លោះប្រដាប់អាវុធ ហើយនិងគ្រោះមហន្តរាយធម្មជាតិ មនុស្សប្រមាណ ១១៣លាននាក់ក្នុងពិភពលោកធ្លាប់ឆ្លងកាត់ គ្រោះអត់ឃ្លានខ្លាំង កាលពីឆ្នាំ ២០១៨។ របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយនៅថ្ងៃទី២ខែមេសាឆ្នាំ២០១៩ ផ្តោតសំខាន់លើគ្រោះអត់ឃ្លាន នៅក្នុងប្រទេសដែលកំពុង ធ្លាក់ក្នុងសង្រ្គាម ហើយនិងប្រទេសដែលកំពុងទទួលទទួលជនភៀសខ្លួន ដែលរត់គេចខ្លួនពីសង្រ្គាម ហើយនិងវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសកំណើត។
នៅក្នុងរបាយការណ៍ ដែលជាលទ្ធផលនៃការសិក្សាអស់រយៈពេល៣ឆ្នាំ ទៅលើបណ្តាប្រទេសដែលកំពុងជួបការលំបាកក្នុងការផ្តល់អាហារូបត្ថម្ភដល់ប្រជាជន អង្គការFAO បានរកឃើញថា មនុស្សជាង ១០០លាននាក់ ក្នុងប្រទេសចំនួន ៥៣ បានជួបគ្រោះអត់ឃ្លានធ្ងន់ធ្ងរ កាលពីឆ្នាំ ២០១៨។ យេម៉ែន ស៊ីរី អាហ្វហ្កានីស្ថាន ស៊ូដង់ ឬអេត្យូពីរ ស្ថិតនៅក្នុងចំណោមប្រទេសចំនួន៨ ដែលមានប្រជាជន ជួបគ្រោះអត់ឃ្លាន ច្រើនជាងគេ គឺបូកបញ្ចូលគ្នា ស្មើនឹង២ភាគ ៣នៃប្រជាជនសរុប ដែលជួបគ្រោះអត់ឃ្លាន។
តាមរបាយការណ៍របស់អង្គការFAO អាហ្វ្រិកនៅតែជាទ្វីបដែលជួបគ្រោះទុរភិក្សខ្លាំងជាងគេ ជាមួយនឹងចំនួនមនុស្សដែលប្រឈមនឹងការខ្វះចំណីអាហារ ដល់ទៅ ៧២លាននាក់។ សង្រ្គាម ជម្លោះប្រដាប់អាវុធ អសន្តិសុខ បញ្ហាសេដ្ឋកិច្ច ហើយនិងកត្តាប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ នៅតែជាដើមហេតុចំបងដែលបង្កឲ្យមានគ្រោះទុរភិក្សក្នុងពិភពលោក។
នៅក្នុងរបាយការណ៍ ដែលផ្តោតទៅលើស្បៀងអាហារពិភពលោក នៅឆ្នាំ ២០១៩ អង្គការស្បៀងអាហារនិងកសិកម្ម FAO របស់អង្គការសហប្រជាជាតិ បានទាញសញ្ញាអាសន្នផងដែរពីគ្រោះអត់ឃ្លាន ដែលអាចកើតមាន នៅបណ្តាប្រទេស ដែលកំពុងទទួលជនភៀសខ្លួន ដូចជា អេហ្ស៊ីប លីបង់ តួកគីជាដើម ដែលផ្តល់ជំរកដល់ជនភៀសខ្លួនស៊ីរី ឬប្រទេសបង់ក្លាដែសដែលទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីភូមាដល់ទៅជាង ១លាននាក់។
នៅក្នុងរបាយការណ៍លើកនេះ អង្គការFAO បានបង្ហាញកង្វល់ផងដែរពីកើនឡើងនៃចំនួនជនភៀសខ្លួន ឬមនុស្សផ្លាស់ទី ដោយសារវិបត្តិសេដ្ឋកិច្ច និងនយោបាយ នៅប្រទេសវ៉េណេស៊ុយអេឡាដែលត្រូវប្រកាសអាសន្នស្តីពីការខ្វះស្បៀងអាហារ នៅឆ្នាំនេះ។
ជារួម បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ដែលមានមនុស្ស ជួបគ្រោះអត់ឃ្លាន រហូតដល់១២៤ លាននាក់ ឆ្នាំ ២០១៨ មានចំនួនប្រជាជនរងគ្រោះដោយសារការអត់ឃ្លាន បានថយចុះ អស់ ១១លាននាក់ ដោយសារតែ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ហើយនិងអាមេរិកឡាទីន មិនបានជួបគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ដូចឆ្នាំមុនៗ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អង្គការFAO បានព្រមានទុករួចហើយថា ស្ថានភាពគ្រោះទុរភិក្ស នៅឆ្នាំ ២០១៩ នឹងអាចត្រលប់ទៅអាក្រក់វិញ បើសិនវិបត្តិសព្វថ្ងៃនេះ នៅបន្តកើតមាននោះ ជាពិសេសវិបត្តិសេដ្ឋកិច្ច និងភាពក្រីក្រ ដល់កម្រិតរបស់ប្រជាជនវ៉េណេស៊ុយអែឡា។
តំបន់ដែលភាពអត់ឃ្លានកំពុងកើនខ្លាំងជាងគេ គឺនៅអាមេរិកខាងត្បូង និងតំបន់មួយចំនួនក្នុងទ្វីបអាហ្រ្វិក។ តាមរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មពិភពលោក មានមូលហេតុសំខាន់ចំនួន ៣ ដែលបញ្ជាក់ពីកំណើនភាពអត់ឃ្លានក្នុងលោក ទី១ បម្រែបម្រួលអាកាសធាតុដូចយ៉ាងភាពរាំងស្ងួត និងទឹកជំនន់ ទី២ ជម្លោះប្រដាប់អាវុធអូសបន្លាយ និងទី៣ វិបត្តិសេដ្ឋកិច្ច។
ក្នុងឆ្នាំ ២០១៧ កន្លងទៅ មានមនុស្សប្រមាណជា ១២៤លាននាក់នៅក្នុង ៥១ប្រទេសបានប្រ ឈមនឹងគ្រោះទុរ្ភិក្សដោយសារតែជម្លោះប្រដាប់អាវុធអូសបន្លាយ និងគ្រោះមហន្តរាយអាកាសធាតុ ដូចយ៉ាងប្រទេសយេម៉ែន សូម៉ាលី ស៊ូដង់ខាងត្បូង ឬប្រទេសអាហ្វហ្កានីស្ថានជាដើម៕