ភ្នំពេញ៖ ព្រោះតែការគោរពស្រលាញ់ពេញបេះដូង និងចាត់ទុកសម្តេចតេជោ ដូចជាឪពុកបង្កើត ជាអាយដល(idol) ក្នុងជីវិត ធ្វើឲ្យស្រ្តីម្នាក់មិនខ្លាចរអារចំពោះមុខមហាជន កងអង្គរក្ស និងភ្ញៀវជាតិអន្តរជាតិជាច្រើននោះទេ ដោយសុខចិត្តបីកូនតូចអាយុ៣ឆ្នាំរបស់គាត់រត់ទៅសុំជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលសម្តេចអញ្ជើញពិនិត្យស្ពានជ្រោយចង្វារទី១នៅព្រឹកថ្ងៃពុធ ១៣រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសាឆ្នាំ ២០១៩។
ការព្យាយាម ចង់ចូលទៅកៀកនិងចាប់ដៃសម្តេច តេជោ ហ៊ុន សែន ផ្ទាល់នោះ ត្រូវបានស្រ្តីរូបនេះអះអាងថាមិនមានការចង់សុំអ្វីទាំងអស់ពីសម្តេចនោះទេ ក្រៅតែពីសុំត្រឹមសម្តែងនូវការដឹងគុណចំពោះគុណបំណាច់របស់សម្តេច ដែលបានលះបង់កម្លាំងកាយចិត្តរាប់សិបឆ្នាំដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ជាតិនិងប្រជាជនកម្ពុជារហូតដល់សព្វថ្ងៃ ។
ដូចឃើញក្នុងរូបភាពនេះ ស្រ្តីវ័យជាង៤០ឆ្នាំរូបនេះបានក្រាបសំពះដោយកាយវិការទន់ភ្លន់ និងក្តីរំភើបបំផុតដោយបានចាត់ទុកសម្តេចតេជោប្រៀបដូចជាឪពុករបស់ខ្លួន និងចាត់ទុក ជានិមិត្តរូប (idol) របស់គាត់មិនអាចបំភ្លេចបាន។
ជាមួយនឹងកាយវិការទន់ភ្លន់ និងក្តីរំភើបនោះ ធ្វើឱ្យគេមានការភ្ញាក់ផ្អើលដោយឃើញកូនស្រីរបស់ស្រី្តរូបនេះនៅវ័យក្មេងខ្ចីនៅឡើយគឺ គ្រាន់តែជួបសម្តេចតេជោភ្លាមកុមារីរូបនេះ បានស្ទុះ ទៅជម្រាបសួរ និងរត់ឱបសម្តេចយ៉ាងណែនដូចចៅរត់ទៅអោបតាបង្កើតរបស់ខ្លួននោះដែរ ។ ចាត់ទុកថានេះជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមរាប់លាននាក់ ស្ទើរទូទាំងប្រទេសដែលស្រលាញ់និងគោរពសម្តេចតេជោអស់ពីចិត្តថ្លើម បន្ទាប់បានដឹងថា សម្តេចតេជោ បានលះបង់កម្លាំងកាយចិត្តនិងជីវិតមិនខ្លាចនឿយហត់ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៧ ក្នុងពេលសម្តេចចេញតស៊ូពីដំបូងរហូតរំដោះប្រទេសពីរបបប៉ុលពតនៅឆ្នាំ១៩៧៩ និងការអភិវឌ្ឍប្រទេស ៤០ឆ្នាំក្រោយរំដោះ បើទោះបីដឹងថាការ តស៊ូរបស់សម្តេចមិនអាចបំពេញចិត្តមនុស្សមួយចំនួនយ៉ាងណាក្តី ៕
ដោយ៖ ប្រាថ្នា