ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាន់តែតានតឹង ថែមទៀត ក្រោយពេលដែលរុស្ស៊ីប្តេជ្ញា ការពាររដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាឌូរ៉ូ។ ពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានប្រកាសថា ទីក្រុងមូស្កូគ្មានផ្លូវទុកឲ្យវេណេហ្ស៊ុយអេឡាក្លាយជាស៊ីរីទីពីរនោះឡើយ។
សកម្មភាពខាងលើក្រោយពេលមានការថ្កោលទោសពីប្រទេសជាច្រើនដែលជាសម្ព័ន្ធមិត្ត អាមេរិកស្នើឲ្យរុស្ស៊ីចាកចេញពីប្រទេសស៊ីរី ។ មិនតែប៉ុណ្ណោះអាមេរិកក៏បានស្នើរុស្ស៊ីត្រូវដកទាហានចេញជាបន្ទាន់ផងដែរ។
ក្រោយមានប្រតិកម្ម របស់អាមេរិក អង់គ្លេស និងប្រទេសមួយចំនួន រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Lavrov បានបញ្ជាក់ថា ទីក្រុងមូស្កូមិនអនុញាតិ ឲ្យ វេណេហ្ស៊ុយអេឡាក្លាយទៅជា ស៊ីរីទីពីរនោះឡើយ។
កន្លងមកថ្មីៗរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jeremy Hunt បានថ្កោលទោសចំពោះវត្តមានយោធារុស្ស៊ី១០០នាក់នៅលើទឹកដីវេណេហ្ស៊ុយអេឡា ថាជាហេតុធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសនោះកាន់តែតានតឹង ហើយអង់គ្លេសបានស្នើរឲ្យរុស្ស៊ីត្រូវតែដកទាហានទាំងអស់ចេញពីប្រទេសវេណេហ្ស៊ុយអេឡា ។
ជាមួយគ្នានោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានច្រាន់ចោល ការចោទប្រកាន់ទីក្រុងមូស្កូថាបានព្យាយាម ប្រែក្លាយ «ស៊ីរីទីពីរ »នៅក្នុងទឹកដីវេណេហ្ស៊ុយអេឡា។
លោក Lavrov បញ្ជាក់ថា«មានកិច្ចព្រមព្រៀងកាលពីឆ្នាំ២០០១ ជាមួយអតីតប្រធានាធិបតី Hugo Chavez ហើយទទួលបានការអនុញាតិពីសភា។ ដូច្នេះរុស្ស៊ីនឹងបញ្ជូនសម្ភារៈយោធា ទៅកាន់វេណេហ្ស៊ុយអេឡា តាមកិច្ចព្រមព្រៀងនោះ ។ ពេលនេះរុស្ស៊ីត្រូវតែអនុវតដោយបញ្ជូនក្រុមវិស្វកររបស់ខ្លួនទៅកាន់វេណេហ្ស៊ុយអេឡា»។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ទៀថា ស្ថានភាព នៅវេណេហ្ស៊ុយអេឡា មិនអាចឈានដល់វិបត្តិ ទូទាំងតំបន់ Caribe នោះឡើយ ខណដែលរុស្ស៊ី និង អាមេរិកប្រឈមមុខតានតឹងដាក់គ្នា ។
ពាក់ព័ន្ធស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡានេះដែរ អាមេរិកបានប្រកាសសន្យាជួយអភិវឌ្ឍន៍ប្រទេសនេះឲ្យរីកចំរើនក្នុងពេលខាងមុខ ប្រសិនបើ ប្រធានាធិបតីម៉ាឌូរ៉ូចុះចេញពីតំណែង។
កន្លងមកថ្មីៗ ទីព្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Larry Kudlow កាលពីថ្ងៃទី៣ខែមេសាបានប្រកាសថា អាមេរិកនឹងចំណាយប្រាក់ជាច្រើនទៅលើប្រទេសវេណេហ្ស៊ុយអេឡាដើម្បីអភីវឌ្ឍន៍សេដ្ឋកិច្ច ប្រសិនបើ ប្រធានាធិបតី នីកូឡាសម៉ាឌូរូលាលែងចេញពីតំណែង។
លោក Larry Kudlow បានបន្តទៀតថា អាមេរិក នឹងធ្វើការជាមួយបណ្តាធានាគា និង មូលនិធិ រូបិយវត្ថុអន្តរជាតិ ស្តីពីគម្រោង អភីវឌ្ឍន៍សេដ្ឋកិច្ចវេណេហ្ស៊ុយអេឡា ។ លោក Kudlow បានបញ្ជាក់ថា«ទាំងនោះជាគម្រោងចំណាយប្រាក់ទៅលើប្រទេសវេណេហ្ស៊ុយអេឡា» ។
ក្រៅពីនេះតំណាងរាស្ត្រអាមេរិក ១៤រូប ក៏បានលើកឡើងពីគម្រោង អភិវឌ្ឍន៍សេដ្ឋកិច្ច និង ស្តាឡើងវិញនៅរបបលទ្ធិប្រជាធិបតេយ្យ និងដោះស្រាយ វិបត្តិមនុស្សធម៌នៅវេណេហ្ស៊ុយអេឡា ។អាមេរិកនិងផ្តល់ប្រាក់៤០០លានដុល្លារជួយដល់ពលរដ្ឋវេណេហ្ស៊ុយអេឡា។ ច្បាប់ថ្មីរបស់អាមេរិក និង ទទួលស្គល់មេដឹកនាំក្រុមប្រឆាំង លោក Juan Guaido ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅវេណេហ្ស៊ុយអេឡា ។
តាំងពីថ្ងៃទី២៣ខែមករាមកទលពេលនេះអាមេរិក និង ប្រទេសជាង ៥០នៅជុំវិញពិភពលោក បាន ទទួលស្គល់ មេដឹកនាំក្រុមប្រឆាំង លោក Guaido ជាប្រធានាធិបតីបណ្តោះអាសន្ននៅក្នុងប្រទេសនេះ។
នៅពេលនេះដែរ លោក Guaido បានអំពាវនាវឲ្យពលរដ្ឋគ្រោកឈរឡើងប្រឆាំង ប្រធានាធិបតីម៉ាឌូរ៉ូ ។ លោកបន្តទៀតថា កម្លាំងទហានវេណេហ្ស៊ុយអេឡា ចាំបាច់ត្រូវតែមានសកម្មភាពប្រឆាំងនិងប្រធានាធិបតីវេណេហ្សុយអេឡា ។
ដោយឡែក សភាធម្មនុញ្ញ វេណេហ្សុយអេឡា បានបើកផ្លុវ កាត់ទោសលោក Guaido ។ សភាធម្មនុញ្ញវេណេស៊ុយអេឡា បានអនុម័តកាលពីថ្ងៃទី២មេសា ការដកអភ័យឯកសិទ្ធិសភា ពីមេដឹកនាំប្រឆាំងលោកJUAN GUAIDOដែលទទួលស្គាល់ថា ជាប្រធានាធិបតីស្ដីទី ដោយប្រទេសប្រមាណជា៥០។ បែបនេះជាការបើកផ្លូវចំពោះការអនុវត្តនីតិវិធីព្រហ្មទណ្ឌប្រឆាំងរូបលោក។
ដោយការលើកដៃ សភាធម្មនុញ្ញបានអនុម័តជាឯកច្ឆ័ន្ទ ការអនុវត្តនីតិវិធីព្រហ្មទណ្ឌប្រឆាំងលោកJUAN GUAIDOជាប្រធានសភា ដោយតុលាការកំពូល។ ប្រធានសភាធម្មនុញ្ញលោកDIOSDADO CABELLO អះអាងថា យើងធ្វើបែបនេះយោងទៅតាមរដ្ឋធម្មនុញ្ញ។
លោកJUAN GUAIDOនៅមុខពួកអ្នកគាំទ្រលោកនិងបណ្ដាអ្នកកាសែត ក្រោយការប្រកាសនេះបន្តិចនិយាយថា គ្មានអ្វីអាចបញ្ឈប់យើងបានទេ។ ប្រជាជនបានប្ដេជ្ញាចិត្តហើយគ្មានអ្វីមកបញ្ឈប់យើងឡើយ។ ពុំមានការដើរថយក្រោយទេក្នុងដំណើរការនេះ។
តុលាការកំពូលវេណេស៊ុយអេឡា ចោទលោកGUAIDOថា ពុំគោរពការហាមឃាត់មិនឲ្យលោកចាកចេញពីប្រទេស។ លោកបានផ្គើនការហាមឃាត់នេះ ដោយលួចទៅស្ងាត់ ៗបំពេញទស្សនកិច្ចនៅប្រទេសកូឡុំប៊ី ប្រេសីុលប៉ារ៉ាហ្គាយ អាហ្សង់ទីននិងអេក្វាទ័រ កាលពីដំណាច់ខែកុម្ភៈនិងដើមខែមីនា។ មុននេះនាថ្ងៃទី២មេសា លោកGUAIDOធ្លាប់និយាយថា លោកមានការភ័យខ្លាចលោកត្រូវចាប់ខ្លួន នាប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងករណីអភ័យឯកសិទ្ធិសភារបស់លោកត្រូវដកហូត ៕