មន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានប្រកាសកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ថា កងកម្លាំងយោធាអាហ្វហ្គានីស្ថានបានបិទបញ្ចប់ប្រតិបត្តិការបោសសម្អាតក្រុមឧទ្ទាម ដែលវាយប្រហារនៅជិតស្ថានទូតអេស្ប៉ាញប្រចាំនៅទីក្រុងកាលប៊ូល នោះហើយ ។
លោក Sediq Sediqqi រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អាហ្វហ្គានីស្ថានបានថ្លែងបញ្ជាក់កាលពីថ្ងៃទី១២ ខែធ្នូថា កងសន្តិសុខបានបាញ់សម្លាប់ក្រុមឧទ្ទាមទាំងអស់ដែលបានបើកការវាយប្រហារទៅលើផ្ទះសំណាក់មួយកន្លែង ស្ថិតនៅជិតស្ថានទូតប្រទេសអេស្ប៉ាញ់ប្រចាំនៅទីក្រុងកាប៊ូល អាហ្វហ្គានីស្ថាននោះហើយ ។
នៅក្នុងប្រតិបត្តិការនេះផងដែរ កងរក្សាសន្តិសុខអេស្ប៉ាញម្នាក់បានបាត់បង់ជីវិត ។ កងកម្លាំងយោធាអាហ្វហ្គានីស្ថានបានចេញការការពារទ្រង់ទ្រាយធំ ដោយបិទស្ថានទូតមួយចំនួន ព្រមទាំងអគាររដ្ឋាភិបាលផងដែរ ។ មនុស្សយ៉ាងតិច៧នាក់បានរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្បេរនោះដើម្បីព្យាបាល ។
ជនវាយប្រហារបានបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងកាលពីព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រោយពេលដែលខ្មាន់កាំភ្លើង៣នាក់បានចូលទៅកាន់បរិវេណនោះហើយបានផ្ទុះអាវុធជាមួយកងកម្លាំងសន្តិ សុខ។ ការផ្ទុះអាវុធ និងស្នូរសំឡេងផ្ទុះគ្រាប់បែកបានលាន់ឮក្តុងក្ឌាំងភា្លមៗតាំងពីក្បាលព្រលប់រហូតដល់ពាក់កណ្តាលអធ្រាត្រ និងរហូតដល់វេលាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥តែម្តង ។
នៅលើប្រព័ន្ធទំនាក់ទំនងសង្គមធ្វីធើ លោក Sediq Sediqqi រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អាហ្វហ្គានីស្ថានបានសរសេរថា ជនវាយប្រហារទាំងអស់ត្រូវកងកម្លាំងសន្តិសុខបាញ់សម្លាប់ ។
ក្រុមឧទ្ទាមតាលីបង់បានប្រកាសទទួលស្គាល់ការវាយប្រហារខាងលើនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតី Ashraf Ghani វិលត្រឡប់មកពីចូលរួមសន្និសីតប្រចាំតំបន់ដែលធ្វើឡើងនៅក្នុងប្រទេសប៉ាគីស្ថាន ហើយដែលលោកបានរំពឹងទុកថា នឹងមានការពិភាក្សារកដំណោះស្រាយសន្តិភាពឡើងវិញ ខណៈដែលមានការជាប់គាំងក្នុងឆ្នាំកន្លងមកនោះ ។
ការវាយប្រហារខាងលើនេះផងដែរ កើតឡើងបន្ទាប់ពីក្រុមឧទ្ទាមតាលីបង់ដាច់ដោយឡែកមួយផ្សេងទៀតបានវាយប្រហារទៅលើទីតាំងបរិវេណអាកាសយានដ្ឋានស្ថិតនៅក្នុងទីក្រុង Kandahar ភាគខាងត្បូងអាហ្វហ្គានីស្ថាន បណ្តាលឲ្យជនស៊ីវិល និងកងកម្លាំងសន្តិសុខយ៉ាងតិច៥០នាក់បាត់បង់ជីវិត ៕
ប្រែសម្រួល៖ ថាច់ យ៉ាត