កន្លងមកថ្មីៗភ្លើងឆេះព្រៃនៅភាគខាងលិចប្រទេសចិន បានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើន ។ក្រុមពន្លិតអគ្គិភ័យចិន ជិត៣០នាក់ស្លាប់នៅក្នុងពេលបំពេញការងាពន្លិតភ្លើងឆេះព្រៃ ទប់ស្កាត់រាលដាលចូលភូមិប្រជាជន ។
នៅពេលនេះដែរភ្លើងឆេះព្រៃក៏បានគ្រប់ដណ្តប់ នៅតំបន់ភាគខាងកើត ប្រទេសកូរ៉េខាងត្បូង បង្ខំឲ្យពលរដ្ឋរាប់ពាន់នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ក្រោយពេលមានអ្នកស្លាប់ ម្នាក់ដោយសារភ្លើងឆេះព្រៃ បានឆេះលំនៅឋានរបស់ពួកគេ។
សារព័ត៌មានកូរ៉េខាងត្បូង បានផ្សាយថា ភ្លើងឆេះព្រៃបានរីករាលដាលនៅតំបន់ភាគខាងកើត ខេត្ត Gangwon កាលពីរសៀលថ្ងៃទី៤ ខែមេសា បង្ខំឲ្យប្រជាជនជាង៤០០០នាក់រត់ភៀសខ្លួនពីលំនៅឋាន ទៅរកទីមានសុវត្ថិភាព ។ នៅទីក្រុងSokcho ទីក្រុងមាត់សមុទ្រ ដែលជាទីតាំងលំហែកាយដ៏ទាក់ទាញនោះ ដីព្រៃប្រហែល៣៨៥ហិកតា និងលំនៅឋានប្រជាជន ជាង៣១០ខ្នង និងទីតាំងឃ្លាំង និងអគាររបស់រដ្ឋាភិបាលផ្សេងទៀត រងការបំផ្លិចបំផ្លាញសារភ្លើងឆេះព្រៃនេះ ។
ប្រជាជនប្រហែល៤២៣០នាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់គ្រឹះស្ថានអត្តពលកម្ម និងសាលារៀន ។ ជាមួយគ្នានេះដែរ សាលារៀនប្រហែល៥២ខ្នង អាចនឹងត្រូវប្រកាសបិទទ្វារនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ ។
ប្រធានាធិបតី Moon Jae-in បានបញ្ជាម៉ឺនម៉ាត់ដល់ផ្នែកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ធ្វើយ៉ាងណាបង្ក្រាបឲ្យបានភ្លើងឆេះព្រៃដ៏រីករាលដាលនេះ ។ នេះបើតាមថ្លែងការណ៍របស់ក្រសួងមហាផ្ទៃនិងសន្តិសុខសុវត្ថិភាព ។រដ្ឋាភិបាលបានដាក់ពង្រាយឧទ្ធម្ភាគចក្រប្រហែល៤៥គ្រឿង, រថយន្តពន្លត់អគ្គិភ័យ៧៧គ្រឿង និងក្រុមអន្លត់អគ្គិភ័យ១៣,០០០នាក់ ទប់ទល់ជាមួយភ្លើងឆេះព្រៃនៅទីតាំងខាងលើនេះ ៕