យើងទាំងអស់គ្នាជានិពន្ឋនាយក និងជាតំណាងសារព័ត៌មានគ្រប់ផ្នែកមានចំនួន ៥៦ រូប (ដូចមាននៅក្នុងបញ្ជីឈ្មោះ និងហត្ថលេខាភ្ជាប់មកជាមួយសេចក្តីថ្លែងការណ៍រួមនេះ) បានជូបជុំគ្នាក្នុងវេទិកានិពន្ឋនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី ១២ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៥ ដើម្បីពិភាក្សាលើប្រធានបទស្តីពី “ ការកើនឡើងនៃសារព័ត៌មានអនឡាញ និងការគំរាមកំហែងដល់កម្មសិទ្ឋិបញ្ញា “ ។
បន្ទាប់ពីការពិភាក្សាយ៉ាងល្អិតល្អន់រួចមក វ.ន.ស.ក បានព្រមព្រៀងគ្នាចេញសេចក្តីថ្លែងការណ៍រួមដែលមាន ៨ ចំណុចដូចខាងក្រោម៖
១. វ.ន.ស.ក បានធ្វើការពិភាក្សាទៅលើបញ្ហាសំខាន់ៗនៅក្នុងវិស័យសារព័ត៌មានដូចជា បញ្ហា ក្រមសីលធម៌របស់អ្នកសារព័ត៌មាន ស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងឆ្នាំកន្លងមក និងការរីកដុះដាលនៃវេបសាយព័ត៌មាន ព្រមទាំង បញ្ហាកម្មសិទ្ឋិបញ្ញានៅក្នុងវិស័យសារព័ត៌មាន។
២. វ.ន.ស.ក បានសង្កេតឃើញថាសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មានការរីកចម្រើនទៅមុខ ជាពិសេសសេរីភាពនៃការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមក្នុងការបញ្ចេញមតិយោបល់ ។ ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ បានប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ជាពិសេសបណ្តាញសង្គមហ្វេសប៊ុក ដើម្បីធ្វើការទំនាក់ទំនង ចែករំលែកព័ត៌មាន និងផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមក អំពីបញ្ហាសង្គមដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ ។
៣. វ.ន.ស.ក បានកត់សម្គាល់ឃើញថាស្ថាប័នរដ្ឋភាគច្រើន មានមន្ត្រីព័ត៌មាន ឬអ្នកនាំពាក្យរបស់ខ្លួន ដែលអាចឱ្យអ្នកសារព័ត៌មានទំនាក់ទំនងដើម្បីទទួលបានព័ត៌មានពីការងាររបស់ស្ថាប័នដែលពាក់ព័ន្ឋ ។ នេះជាសញ្ញាល្អមួយដែលបង្ហាញពីភាពប្រសើរឡើងនៃលំហូរព័ត៌មាន ។
វ.ន.ស.ក ក៏បានកត់សម្គាល់ផងដែរថាស្ថាប័នរដ្ឋទាំងអស់មិនបានរៀបចំឱ្យមានការផ្តល់ព័ត៌មានឬសន្និសីទសារព័ត៌មានទៀងទាត់ ដើម្បីឱ្យសាធារណជន និងខាងប្រព័ន្ឋផ្សព្វផ្សាយបានដឹងពីការងាររបស់ស្ថាប័ននីមួយៗឡើយ ។ វ.ន.ស.ក សូមអំពាវនាវដល់ស្ថាប័នរដ្ឋ ឱ្យចាប់ផ្តើមរៀបចំសន្និសីទសារព័ត៌មានទៀងទាត់ដើម្បីធ្វើទំនើបកម្មព័ត៌មានជូនដល់អ្នកសារព័ត៌មានដែលនឹងត្រូវផ្សាយជូនសាធារណជនទូទៅ។
៤. វ.ន.ស.ក បានសង្កេតឃើញថាទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យរបស់ស្ថាប័នរដ្ឋនីមួយៗ គឺមិនទាន់ល្អប្រសើរនៅឡើយ ។ ដូច្នេះហើយកិច្ចប្រជុំរវាងនិពន្ឋនាយក និងអ្នកនាំពាក្យគួរតែត្រូវបានរៀបចំឡើងនៅក្នុងវេទិការនិពន្ឋនាយកនាឆ្នាំក្រោយ ។
៥. វ.ន.ស.ក បានកត់សម្គាល់ថាមានការកើនឡើងនៃវេបសាយសារព័ត៌មានជាច្រើន ដែលផ្តល់ព័ត៌មានគ្រប់ប្រភេទដល់សារធារណជន ។ ការកើនឡើងនៃចំនួនវេបសាយសារព័ត៌មាន បានធ្វើឱ្យសារធារណជនទទួលបាននូវព័ត៌មានចម្រុះផ្សេងៗគ្នាជាច្រើន ។
៦. វ.ន.ស.ក ក៏បានសង្កេតឃើញថាវេបសាយសារព័ត៌មានមួយចំនួនបានរំលោភកម្មសិទ្ឋិបញ្ញាក្នុង
វិស័យសារព័ត៌មាន ដោយធ្វើការលួចចម្លងអត្ថបទ និងរូបភាពពីវេបសាយ សារព័ត៌មានផ្សេងទៀត ដោយមិនមានការយល់ព្រមពីម្ចាស់ដើម ។ វ.ន.ស.ក សូមអំពាវនាវដល់ម្ចាស់វេបសាយទាំងនោះឱ្យបញ្ឈប់ការបំពានកម្មសិទ្ធិបញ្ញា ព្រោះថាទង្វើបែបនេះបណ្តាលឱ្យមានការប្រកួតប្រជែងមិនយុត្តិធម៌នៅក្នុងវិស័យសារព័ត៌មាន ។ លើសពីនេះទៀត វាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិជ្ជាជីវៈសារព័ត៌មានដោយ ធ្វើឱ្យបាត់បង់ភាពជឿជាក់ សេចក្តីថ្លៃថ្នូរ និងការទុកចិត្តពីសាធារណជនចំពោះសារព័ត៌មាន ។
៧. ដើម្បីបញ្ឈប់ការរំលោភកម្មសិទ្ឋបញ្ញាក្នុងវិស័យសារព័ត៌មាន វ.ន.ស.ក ព្រមព្រៀងថា
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) គួរតែធ្វើការតែងតាំងតំណាងមួយរូបដើម្បីត្រួតពិនិត្យនូវការរំលោភកម្មសិទ្ឋិបញ្ញា ។ ប្រសិនបើរកឃើញថាមានវេបសាយសារព័ត៌មានណាមួយលួចចម្លងអត្ថបទ និងរូបភាពពីវេបសាយផ្សេងទៀតដោយមិនមានការយល់ព្រមពីម្ចាស់ដើម អ្នកដែលត្រូវបានតែងតាំង ត្រូវតែស្នើសុំឱ្យវេបសាយនោះបញ្ឈប់ទង្វើរបស់ខ្លួនជាបន្ទាន់ ។
៨. នៅក្នុងការពិភាក្សាអំពីក្រមសីលធម៌របស់អ្នកសារព័ត៌មាននៅកម្ពុជា វ.ន.ស.ក សង្កេតឃើញថានៅក្នុងរយ:ពេលមួយឆ្នាំកន្លងមកនេះ មានសេចក្តីរាយការណ៍ជាច្រើនទាក់ទងនឹងការជំរិតទារប្រាក់ដោយអ្នកសារព័ត៌មានមួយចំនួនតូចហើយអ្នកទាំងនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
វ.ន.ស.ក អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវ:អ្នកសារព័ត៌មានហើយចៀសវាងការប្រើប្រាស់សិទ្ឋិអំណាចជាអ្នកសារព័ត៌មានទៅជំរិតទារប្រាក់ពីអ្នកដទៃ ៕