ខេត្តព្រះសីហនុ៖ នៅចំណុចផ្លូវចំណោតលោកយាយម៉ៅ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុម ខេត្តព្រះសីហនុ លើកំណាត់ផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធំប្រភេទស្ទូច នឹងរថយន្តទេសចរណ៍ម៉ាកតូយ៉ូតា ស៊ីអរវី ដែលបើកបញ្ច្រាស់ទិសគ្នា ចេញពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ក៏បណ្តាលឲ្យប៉ះទង្គិចគ្នាពេញមួយទំហឹងផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងរថយន្តតូយ៉ូតាស៊ីអរវី អ្នកបើកបរ និងអ្នករួមដំណើរយ៉ាងតិច៣នាក់រងរបួសធ្ងន់ ក្នុងនោះ មានស្ត្រីម្នាក់ និងបុរសម្នាក់ជាជនជាតិបរទេស ។ ចំណែករថយន្តធំប្រភេទស្ទួច ក្រោយពេលកើតហេតុ ក៏បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានចាត់កម្លាំងជំនាញចុះទៅវាស់វែងចរាចរណ៍និងយិករថយន្តទាំងពីរគ្រឿងបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីជាក្រោយ ។ ដោយឡែកជនរងគ្រោះ ក៏ត្រូវបានដឹកជញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់បំផុតផងដែរ ៕







