ភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា នាង យិន ឃុនម៉ី ហៅម៉ាណា ដែលបេីករថយន្តយ៉ាងសាហាវបុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានផ្ទេរពីពន្ធនាគារប៉េហ្ស៊ី ទៅដេកមន្ទីរពេទ្យរុស្ស៊ី កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ។
នាង យិន ឃុនម៉ី ហៅម៉ាណា មានជំងឺសួតនិងថប់ដង្ហើម ។
សូមបញ្ជាក់ថា នាង ឃុនម៉ី ហៅ ម៉ាណា ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការ តែមួយបទល្មើសប៉ុណ្ណោះ គឺ បេីកបរធ្វេសប្រហែសបណ្ដាលឱ្យស្លាប់អ្នកដទៃ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្ដាញសង្គម Telegram ថា “ក្រោយពីពិនិត្យសំណុំរឿងនិងបញ្ចប់ការសាកសួរលើឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័បណ្តាលអោយស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ចរាចរណ៌ផ្លូវគោក ។
ជាមួយគ្នានេះ លោកស្រី ផាត់ ពៅ អាយុ៥០ឆ្នាំ ជាម្តាយបង្កើតសពនិស្សិត ឌុំ រីដា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ ដាក់ពាក្យបណ្ដឹងផ្លូវការចូលលោកវរសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្តឹងជនបង្ក យិន ម៉ាណា អាយុ១៧ឆ្នាំ ដោយទាមទារសំណងជំងឺចិត្តចំនួន២០ម៉ឺនដុល្លារអាមេរិក និង ស្នើឱ្យចាត់ការតឹងរ៉ឹងបំផុតតាមផ្លូវច្បាប់ចំពោះជនបង្ករូបនេះ ។
ប៉ុន្តែក្រោយមក ព្រមទទួលសំណងចំនួន៧ម៉ឺនដុល្លារអាមេរិក ។
នារី យិន ឃុនម៉ី ហៅ ម៉ាណា បានបេីករថយន្តទំនើប RANGE ROVER ផ្លាកលេខ2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័ម ។
ជុំវិញបញ្ហានេះ មហាជនបានថ្កោលទោសយ៉ាងខ្លាំងក្លា រហូតជនបង្កចូលខ្លួនសារភាពដោយខ្លួនឯង ៕ចេស្តា