ករណី​គ្រឿងញៀន​ដ៏​ធំ​នៅ​ក្លិប​កម្សាន្ត​”ម៉ៃ​ អាមី​”​ “​ តុលាការ​ពុំ​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​

ចែករំលែក៖

ភ្នំពេញ​៖​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ លោក​ សឿន​ មុនី​រ័ត្ន​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទេីប​សាកសួរ​ជនសង្ស័យ​បាន​២នាក់​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ជនសង្ស័យ​៦នាក់​ ករណី​គ្រឿងញៀន​ដ៏​ធំ​នៅ​ក្លិប​កម្សាន្ត​”ម៉ៃ​ អាមី​”។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ បញ្ជាក់​ថា​ នៅ​ថ្ងៃទី​១៥​ ខែ​មេសា​ ឆ្នាំ​២០១៩​ ស្អែក​នេះ​ តុលាការ​នឹង​បន្ត​ការ​សាកសួរ​ទៀត​ ។

សូម​បញ្ជាក់​ថា​ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ បញ្ជូន​ឈ្មោះ​ ស្រេង​ វីរៈ​ ហៅ​លក្ខណ៍​ ម្ចាស់​ក្លិប​កម្សាន្ត​”ម៉ៃ​ អាមី”និង​បក្ខពួក​៦នាក់​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដេីម្បី​ចាត់ការ​តាម​ច្បាប់​ ។

ទីតាំង​ក្លិប​កម្សាន្ត​”ម៉ៃ​ អាមី”​ជា​កន្លែង​ផលិត​គ្រឿង​ញៀន​ ដែល​ដំបូង​ឡើយ​ឃាត់ខ្លួន​មនុស្ស​៥០នាក់​ និង​ គ្រឿង​ញៀន​ជាច្រើន​ ។ ប៉ុន្តែ​ក្រោយ​មក​ សល់​តែ​ជនសង្ស័យ​៧នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បញ្ជូន​មក​តុលាការ​ ។

ដោយឡែក​លោក​ ម៉េត​ មាស​ភក្ដី​ អ្នក​នាំពាក្យ​សាលារាជធានី​ភ្នំពេញ​ ថ្លែង​ថា​ ក្លិប​កម្សាន្ត​”ម៉ៃ​ អាមី”ក្នុង​ខណ្ឌ​ចំការមន​ ​ដែល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ អះអាងថា​ ជា​ទីតាំង​ផលិត​គ្រឿង​ញៀន​ ត្រូវ​បាន​បិទ​ហើយ​ មិន​ឱ្យ​ដំណេីរការ​ទៀត​ទេ​ ។

បេី​តាម​លោក​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ គឺ​ ក្លិប​កម្សាន្ត​”ម៉ៃ​ អាមី”​ ជាកន្លែងលួចលាក់ផលិតសារធាតុញៀន​ខុសច្បាប់នៅ​ ដោយឃាត់មនុស្សបានចំនួន៥០នាក់​ ក្នុងនោះស្រី១២នាក់​ និងដកហូតម៉ាស៉ីនផលិតគ្រឿងញៀនមួយចំនួន​ និងសារធាតុញៀនមួយចំនួន។

ស្នងការ​រាជធានី​ភ្នំពេញ​ រូប​នេះ​ បន្ត​ថា​ កិច្ចការសម្រេចទៅបាន​ ដោយមានការអនុញ្ញាតពី​លោក​ លី​ សុផាណា​ ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ​ និងមានការសហការពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ​ អធិការដ្ឋាននគរបាលខណ្ឌចំការមន​ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលដ្ឋានបឹងកេងកង។

សេចក្តី​រាយការណ៍​បឋម​ បាន​ឱ្យ​ដឹងថា​ ទីតាំងមួយនេះ​អាជ្ញាធរ​បានចុះមកធ្វេីការហាមឃាត់ចំនួន៣ដងមកហេីយ​ ថែមទាំងបានបិទលែង​ឱ្យ​ដំណេីរការ​ទៀតផងតែមិនបានយូរប៉ុន្មានក៏បេីកវិញ​ ។

សូម​បញ្ជាក់​ថា​ ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លេីក​នេះ​ ប្រហាក់ប្រហែល​នឹង​ការ​បង្ក្រាប​នៅ​រ៉ុក​ របស់​អ្នក​ឧកញ៉ា​គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ផងដែរ​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print