ខេត្តបន្ទាយមានជ័យ៖ ខ្យល់កន្ទ្រាក់នៅរដូវបុណ្យចូលឆ្នាំថ្មី នាថ្ងៃទី២ធ្វើឲ្យខូចខាតលំនៅដ្ឋានប្រជាជនអស់ចំនួន៣ស្រុក ស្មើនិងចំនួន៩០ខ្នង ក្នុងនោះខូចខាតទាំងស្រុង ចំនួន៨ខ្នង គឺស្រុកភ្នំស្រុក , ស្វាយចេកនិងមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៥ខែមេសាឆ្នាំ២០១៩ម្សិលមិញ។
តាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ ស្រុកដែលរងនូវផលប៉ះពាល់ ដោយខ្យល់កន្ត្រាក់ខ្លាំងជាងគេ នៅល្ងាចថ្ងៃទី១៥ ខែមសា ឆ្នាំ២០១៩ នេះ គឺស្រុកភ្នំស្រុកខូចខាតចំនួន៧៦ខ្នងក្នុងនោះរលំដួលផ្ទះខូចខាតទាំងស្រុងចំនួន៥ខ្នង ,សាលារៀន៣ខ្នង ,សាឆទាន២ខ្នង,ស្រុកស្វាយចេកចំនួន១២ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន៣ខ្នង របើកដំបូល៩ និងស្រុកមង្គលបូរី ចំនួន២ខ្នង របើកដំបូល ។
អធិការនគរបាលស្រុកភ្នំស្រុកលោក យ៉ត សុផល បានឲ្យដឹងថា៖នៅថ្ងៃថ្ងៃទី១៥ខែមេសា ឆ្នាំ២០១៩ នៅស្រុកភ្នំស្រុក ក្នុងឃុំពន្លៃ ផ្ទៃមេឃមានភ្លៀងកក់ខែ លាយឡំជាមួយនិងផ្គររន្ទះ ខ្យល់កន្ត្រាក់ បង្ករឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំពន្លៃ ចំនួន៥ភូមិគឺភូមិស្វាយខ្មៅ,ភូមិឈូកអាង,ភូមិតាវង និងភូមិពន្លៃ សរុបចំនួន៧៦ខ្នង ខូចទាំងស្រុងចំនួន៥ខ្នង សាលារៀន៣ខ្នង សាលាឆទាន ២ខ្នង និងរបួសមនុស្សម្នាក់ ។
ជាមួយគ្នានោះដែរលោកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកឲ្យដឹងដែរថា៖នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០១៩ នៅស្រុកស្វាយចេក មានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរដោយលាយឡំជាមួយនិងខ្យល់កន្ត្រាក់ ផ្គរ រន្ទះ បង្កឲ្យលំនៅឋាននៅឃុំផ្គាំ លើ៣ភូមិ គឺភូមិប្រាសាទវៀន ,ថ្មគោល,ស្វាយសនិងភូមិតាដួល សរុបចំនួន១២ខ្នង របើកដំបូល តែករណីនេះមិនបង្កឲ្យគ្រោះថ្នាក់ ដល់មនុស្សឡើយ។
ចំណែកឯកស្រុកមង្គលបូរី ក៏មានខ្យល់កន្ត្រាក់បង្កឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋ នៅភូមិគោកក្តួច ឃុំបន្ទាយនាងចំនួន២គ្រួសារ របើកដំបូល ។ នេះបើតាមការឲ្យដឹងពីលោក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី ៕
ដោយ៖ វណ្ណាប៉ោយប៉ែត