ភ្នំពេញ៖ ថ្ងៃនេះដល់ថ្ងៃទី៣ ចូលឆ្នាំខ្មែរ សម្តេចតេជោ ហ៊ុន សែន តែងជូនពរដល់ជនរួមជាតិរាល់ថ្ងៃ មុននេះបន្តិចសម្តេចបានមានប្រសាសន៍ថា៖ ជូនពរឆ្នាំថ្មី ដល់ជនរួមជាតិ និងកូនក្មួយទូទាំងប្រទេសយើងចូលដល់ថ្ងៃទី ៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរហើយ!
សម្តេចបានប្រសាសន៍លើកឡើងថា៖ សន្តិភាព បានធ្វើអោយកម្ពុជាកាន់តែរីកចម្រើនលូតលាស់ទៅមុខជានិច្ច។ សន្តិភាព បានផ្តល់ឱកាសអោយបងប្អូនជនរួមជាតិ និងក្មួយៗយុវជនប្រារព្ឋពិធីបុណ្យតូចធំនៅក្នុងប្រទេសដោយគ្មានការភ័យខ្លាច ជាពិសេស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើង។
សម្តេច សូមអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់ជួយសម្រួល និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ ព្រមទាំងទេសចរបរទេស បានកំសាន្តសប្បាយនៅគ្រប់ទីកន្លែង នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
សម្តេចសូមអរគុណដល់ខេត្ត ស្វាយរៀង ដែលបានរៀបចំ “ ស្វាយរៀងសង្រ្កាន្ត” ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានកំសាន្តសប្បាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ១៤-១៦ មេសា ២០១៩៕
ដោយ៖ សុខ ខេមរា