ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ បុរសអ្នកជំងឺម្នាក់បានលោតពីលើអគារនៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។
លោក ស រស្មី អ្នកយកព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាននគរវត្តបានរាយការណ៍មកថា សមត្ថកិច្ចជំនាញដែលចុះពិនិត្យដល់កន្លែងកើតហេតុបានបញ្ជាក់ថា បុរសអ្នកជំងឺនេះពិតជាបានលោតពីលើអគារសម្លាប់ខ្លួនមែន ពុំមែនជាករណីឃាតកម្មអ្វីនោះឡើយ ។ បុរសអ្នកជំងឺជាមនុស្សមានជំងឺផ្លូវចិត្ត ។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកជំងឺដែលលោតសម្លាប់ខ្លួននេះ មានឈ្មោះ សុខ សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងរស់នៅជាមួយប្អូនប្រុសម្នាក់ធ្វើការនៅរោងចក្រ ។
គ្រូពេទ្យដែលសុំមិនបញ្ចេញឈ្មោះស្ថិតនៅក្នុងមន្ទីរពេទ្យខាងលើបានបញ្ជាក់ថា កាលពីថ្ងៃ៩ ខែធ្នូ ឆ្នាំ២០១៥ អ្នកជំងឺឈ្មោះ សុខ សំណាង នេះបានមកកាន់មន្ទីរពេទ្យខាងលើដើម្បីពិនិត្យសុខភាព និងព្យាបាលស្នាមរបួសគ្រាំគ្រា ។ នៅពេលក្រុមគ្រូពេទ្យពិនិត្យនោះ ក្រុមគ្រូពេទ្យបានរកឃើញផងដែរថា បុរសរងគ្រោះជាមនុស្សមានជំងឺផ្លូវចិត្ត ហើយក៏បានដេកសម្រាកនៅក្នុងមន្ទីរពេទ្យរហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ អ្នកជំងឺមិនដឹងយ៉ាងម៉េចស្រាប់តែលោតពីលើអគារសម្លាប់ខ្លួនតែម្តង ។
សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានឈរនៅលើបង្អូចនៃអគារជាន់ទី៣ក្នុងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ហើយនៅវេលាម៉ោងប្រមាណ៧និង៣០នាទី ស្រាប់តែអ្នកជំងឺនេះធ្វើសកម្មភាពលោតចុះមកក្រោមដី ប៉ុន្តែធ្លាក់ទៅលើនៅសំយ៉ាបចាក់សាបជាន់ទី១នៃអគារមន្ទីរពេទ្យ បណ្តាលឲ្យបោកក្បាលនឹងថ្មសំយ៉ាបអគារនោះស្លាប់យ៉ាងអាណោចអាធ័មតែម្តង ។
បច្ចុប្បន្ន សពត្រូវសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្រោយពីការធ្វើកោសល្យវិច័យរួច ៕
ដោយ៖ ស រស្មី