ភ្នំពេញ៖ លោក សន វិជ្ជបុត្រតារាចម្រៀងផលិតកម្មអឹម(M) បានរួមគ្នាជាមួយគ្រួសារមិត្តភក្តិធ្វើពិធីបុណ្យផ្កាសាមគ្គីដើម្បីជួយដល់ការកសាងវត្តនិងក្មេងក្រីក្រនៅវត្តសណ្ឌច្ឆាយព្រឹក្សារាមហៅរំជៃ នៃស្រុកបាណន់ ខេត្តបាត់ដំបង។
បច្ច័យដែលទទួលបានទាំងអស់នឹងជួយកសាងព្រះវិហារដែលកំពុងតែសាងសង់មានការខ្វះខាត និងធ្វើការចែកអំណោយជូនដល់បងប្អូនជនក្រីក្រដែលបានចូលរួមនិងកម្មវិធីជួយកសាងសាលារៀននិងវត្តអារាមហើយក៏បន្តចែកសម្ភារៈសិក្សាដល់ សិស្សានុសិស្ស ស្ថិតនៅភូមិរំជៃ ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។
នេះជាលើកទី១ ដែលលោកនិងគ្រួសារបានផ្តើមគ្នាធ្វើ ហើយដោយសារតែលោកបានឃើញវត្តនេះមានសភាពក្រសត់អត់ទាន់មានវិហារត្រឹមត្រូវ ដូច្នេះលោកមើលទៅឃើញខ្វះខាត់ច្រើនក៏ខំនាំគ្នាប្រមូលបច្ច័យពីខាងប្រទេសអូស្ត្រាលីផង ខាងថៃផងជួយកសាងវត្តនេះ។ នេះបើតាមការបញ្ជាក់របស់លោកសន វិជ្ជបុត្រ ។ លោកបានប្រាប់ថា ថវិកាផ្តើមបុណ្យបានប្រមាណជាងពីរពាន់ដុល្លារហើយ ប៉ុន្តែថវិកាមកពីសប្បុរជនថៃមិនទាន់មកដល់ ប៉ុន្តែខាងថៃគាត់ប្រហែលនឹងបានថវិកាច្រើនដើម្បីជួយវត្តនេះ។ លោកបន្តថាក្រៅថវិកាជួយដល់វត្តនោះ លោកក៏បាននាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សខាងរំជៃ”។ ទោះជាយ៉ាងណាក្នុងកម្មវិធីនេះលោកមិនបានអញ្ជើញសិល្បករចូលរួមឡើយព្រោះតែបច្ចុប្បន្នពួកគេសុទ្ធតែមមាញឹកនឹងការងារហើយក៏មានពិធីជាច្រើនដែលតម្រូវឲ្យពួកគេចំណាយច្រើនដែរទើបលោកមិនចង់រំខាននឹងខ្លាចរអែងចិត្ត។
លោក សន វិជ្ជបុត្រ បាននិយាយថា “ខ្ញុំអាណិតពួកគាត់(អ្នកសិល្បៈ) ណាស់ពីព្រោះពួកគាត់មានកម្មវិធីជាប់រហូតម៉ង អ្នកខ្លះមានមួយថ្ងៃពីរបីកម្មវិធីចូលរួម។ ណាមួយខ្ញុំនឹងរៀបចំកម្មវិធីសប្បុរធម៌ដើម្បីជួយដល់មន្ទីរពេទ្រគន្ធបុប្ផាខាងមុខ ដូច្នេះខ្ញុំមិនចង់អោយជាន់កម្មវិធីខាងមុខទៀត”។ ការពិតទៅលោកដឹងពួកគាត់អន់ចិត្តហើយប៉ុន្តែ លោកសូមអភ័យទោសដល់មិត្តភក្តិសិល្បៈ ដែលលោកមិនបានអញ្ជើញឲ្យចូលរួមកម្មវិធីបុណ្យផ្កាសាមគ្គីនេះ។
លោក សន វិជ្ជបុត្រ បានបញ្ជាក់ថា ពិធីបុណ្យផ្កាសាមគ្គីនេះលោកបានអញ្ជើញដល់គ្រួសារនិងបងប្អូនប៉ុណ្ណោះដោយសារនេះបុណ្យដែលប្រារព្ធនៅឆ្ងាយហើយជាបុណ្យខាងគ្រួសារជាមួយលោកផ្តើមដោយផ្ទាល់មិនមែនតែរូបលោកម្នាក់ឯងទើបមិនបានហៅមិត្តភក្តិសិល្បៈ ឬតារាល្បីចូលរួមដែរ។ ម្យ៉ាងលោកបានខ្លាចចិត្តដល់អ្នកសិល្បៈទើបមិនហ៊ានហៅចូលរួមបច្ច័យ ខណៈពួកគេកំពុងតែមមាញឹកខ្លាំងនឹងពិធីជប់លៀងខួបកំណើតផងពិធីមង្គលការផង និងពិធីបុណ្យផ្សេងជាច្រើន ដូច្នេះលោកដឹងច្បាស់ថា ប្រសិនបើអញ្ជើញពួកគេទៀតអាចធ្វើអោយមានអារម្មណ៍ធុញ ឬរអ៊ូថា បុណ្យច្រើនពេក។
ទោះជាយ៉ាងណាងលោកនៅតែបន្តសកម្មភាពមនុស្សធម៌ជាច្រើនបន្តបន្ទាប់នៅពេលខាងមុខទៀតហើយសង្ឃឹមថាសិល្បករ ផលិតករ និងសប្បុរសជននឹងបន្តជួយជាកម្លាំងចិត្ត និងចូលរួមគ្នាជួយដល់សង្គម៕
ដោយ៖ វឌ្ឍនា