ខេត្តបន្ទាយមានជ័យ៖ ៥ឆ្នាំបានបង្កើតក្តីស្នេហ៍ដ៏សុីជម្រៅក្នុងវ័យ ស្នេហាចំណាស់ចេះថ្នាក់ថ្នមចិត្តរវាងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងស្ត្រីម្នាក់នៅខេត្តកំពង់ចាម ហើយក៏ត្រូវបានបែកធ្លាយ បន្ទាប់ពីអ្នកទាំង២ឈានដល់ផ្លូវបំបែកបែបតក់ក្រហល់បំផុតនោះ។
ស្ត្រីម្នាក់អាចជាគូកំណាន់ចិត្ត ហើយរស់នៅបែបឆក់កណ្តៀតជាមួយ លោក សួន បវរ បានចេញមុខថាខ្លួនមានចំណងមេត្រីស្នេហ៍ស្ទើជាប្តី-ប្រពន្ធ៥ឆ្នាំមកហើយជាលោកអភិបាលខេត្តបន្ទាយមានជ័យ តាំងពីឆ្នាំ២០១៣ តែដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ សារផ្តាច់ស្នេហ៍ តាមរយៈពាក្យមិនអោយខាងស្រីទាក់ទងគ្នាទៀត បានក្លាយជាដុំភ្លើងដ៏ក្តៅងំចំពីលើដើមទ្រូង បេះដូងចុកពើតឈឺផ្សា រហូតដល់ភាគីខាងស្រីបង្ខំចិត្តទម្លាយរឿងនេះ ទាំងកាត់កេរ្តិ៍ខ្មាស់ មិនដឹងថាខ្លួនកំពុងដើរផ្លូវខុសឆក់បេះដូងប្តីជាទីស្រឡាញ់របស់គេថែមទៀត។
ស្ត្រីដែលអះអាងថាខ្លួនជានារីកំណាន់ចិត្ត លោក អភិបាលខេត្តបន្ទាយមានជ័យ ប្រហែលយកកំហឹងទល់កំហល់ដាក់ខ្លួន និងមានចេតនាបំបាក់មុខកិត្តិយស លោក សួន បវរ ហូតដល់ហ៊ានសសេរសារComment ចូលផេកហ្វេសប៊ុកសម្តេចតេជោ ដោយគាត់បានដាក់ថា៖ សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយស្វែងរកយុត្តិធម៌ ពាក់ព័ន្ធករណីលោកសួន បវរ ខេត្តអភិបាលខេត្តបន្ទាយមានជ័យ បានយកគាត់ជាគូរស្នេហ៍អស់រយៈពេល ៥ឆ្នាំហើយ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ។
ស្ត្រីខាងលើ បានប្រើប្រាស់Account facebookឈ្មោះ( So Phy) បានបញ្ចេញមតិ(Comments) ក្រោមផេក ហ្វេស ប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យយកគាត់ជាគូរស្នេហ៍ អស់រយៈ៥ឆ្នាំហើយ ឥឡូវលោកអភិបាលខេត្តរូបនោះបានឲ្យគាត់ឈប់ទាក់ទងទៅលោកទៀតហើយ រកចាប់គាត់ដាក់គុកទៀត។
ស្ត្រីដែលជាស្រីកំណាន់ចិត្តរបស់លោក សួន បវរ មាន អាយុ៤១ឆ្នាំ រស់នៅខេត្តកំពង់ចាម បានឲ្យសារព័ត៌មាននិងគេហទំព័រក្នុងស្រុកដឹងថា៖ គាត់និងលោកសួន បវរ បានស្គាល់គ្នាចាប់តាំងពីឆ្នាំ២០១៣មកម្លេះ តែមិនសូវជិតស្និទនោះទេ រហូតដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ គាត់និងលោកសួន បវរ បានរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធ។
ស្ត្រីដដែលបន្តថា៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររួច លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើសារមកគាត់ថា ឲ្យឈប់ទាក់ទងគាត់ទៀតទៅ។
ស្ត្រីវ័យ៤១ឆ្នាំដដែល បានបញ្ជាក់ថា ៖ដោយសារគាត់និងលោកអភិបាលខេត្តស្រលាញ់គ្នាយូរឆ្នាំហើយ ស្ត្រីខាងលើ បានបង្ហោះសារលើហ្វេសប៊ុក ផ្ទាល់ខ្លួន និងបានបញ្ចេញមតិ(Comments) ក្នុងផេកហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន ដើម្បីអោយបងប្អូននិងសម្តេចជួយស្វែងរកយុត្តិធម៌ជូនគាត់។ បន្ទាប់ពីគាត់បង្ហោះសាររួចមកក្មួយលោកអភិបាលខេត្តបានហៅទូរស័ព្ទមកគាត់អោយលុបចោលវិញទៅ។
ស្ត្រីជាគូរស្នេហ៍របស់លោកសួន បវរ បានបន្ថែមថាលោកសួន បវរ បានផ្តល់ថវិកាក្នុងមួយខែប្រហែល ៥០០$(ប្រាំរយដុល្លារ) សម្រាប់ចាយវាយប្រចាំថ្ងៃ និងបង់ថ្លៃផ្ទះ។ លោកសួន បវរ និងគាត់តែងតែមកជួបគ្នានៅភ្នំពេញ នៅពេលដែលោកអភិបាលខេត្តបន្ទាយមានជ័យមានធុរមកភ្នំពេញ តែងតែអោយគាត់ឡើងមកដែរ។
ពាក់ព័ន្ធករណីចោទប្រកាន់ពីស្ត្រីវ័យ៤១ឆ្នាំខាងលើទៅលើលោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ អង្គភាព«នគរដ្រេហ្គន»មិនអាចទាក់ទងបានទេពីលោក សួន បវរ កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែករណីនេះជារឿងរ៉ាវបុគ្គលទេ គួជ្រើសយកវិធានដោះស្រាយបញ្ចប់ និងល្អជាមួយគ្នាទៅប្រសើរជាង មិនជាបញ្ហាធ្ងន់ធ្ងរទេ បើទទួលទានហើយជូតមាត់ ដល់ថ្នាក់ទុកជញ្ជក់មាត់នោះទើបជារឿងខ្លួនត្រូវទីពឹងខ្លួន (កម្ម) អំពើអ្នកប្រព្រឹត្ត អ្នកនោះទទួល។
សូមរម្លឹកថា៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបច្ចុប្បន្ន ហើយកាលពីលោកមិនទាន់មកកាន់ជាអភិបាលខេត្តលោកជា មេបញ្ជាការរងយោធភូមិភាគទី៥ ខេត្តបាត់ដំបង ហើយលោកបានឡើងមកជាអភិបាលរងខេត្តបន្ទាយមានជ័យ ហើយលោកសួន បវរ ត្រូវបានតែងតាំងជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោកគោស៊ុំ សារឿត ដែលនឹងទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
រឿងខាងលើនេះមិនមានប្រតិកម្មណាមួយនៅឡើយទេ ពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ មកទល់ព្រលប់ថ្ងៃដដែលនេះ។ ដូច្នេះគេក៏សង្ស័យថា អាចមានអ្នកបង្កើតអាខោនហ្វេសប៊ុកឈ្មោះ So Phy ក្នុងចេតនាទុច្ចរិតណាមួយ វាយប្រហារមកលើលោក សួន បវរ ក៏អាចថាបាន។
ថ្លែងប្រាប់កាសែតក្នុងស្រុក លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ទទួលស្គាល់ការពិត ដោយលោកមិនលាក់លៀមអីទេ តែនៅថ្ងៃ(១៧មេសា ២០១៩)គាត់បានខលមកច្រើនដងនិងរំខានការងារ ទើបលោកប្រាប់ឈប់ខលមកទៀត ដោយសាររវល់ការងារ និងគិតគូការងារសំខាន់ថ្ងៃទី២២ ខាងមុខនេះ ទើបកើតចេញជារឿងនេះឡើង៕
ដោយ៖ សុខ ខេមរា