គេរាយការណ៍ថា លោក មាស វុទ្ធី នាយរងការិយាល័យនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ បាននិងកំពុងធ្វើព្យុះភ្លៀងនាំឲ្យអ្នករកស៊ីមួយចំនួនមិនសប្បាយចិត្ត ។ ក្រុមអ្នករកស៊ីដឹកទំនិញចូលរាជធានីភ្នំពេញនិយាយថា លោកមាស វុទ្ធី បានប្រើតួនាទីគៀបសង្កត់ក្រុមអាជីវករដឹកទំនិញដាក់តាមឃ្លាំង ដោយការដាក់តម្លៃទារលុយ ស្រេចតែនឹងចិត្ត ។ ប្រភពបានឲ្យដឹងទៀតថា ការទារលុយឡើងថ្លៃស្រេចនឹងចិត្ត ក៏ព្រោះតែលោកមាស វុទ្ធី អះអាងថា រកស៊ីខាត ។
ក្រុមអាជីវកររកស៊ីដឹកទំនិញដាក់តាមឃ្លាំងបានអះអាងថា លោកមាស វុទ្ធីបានប្រើសហការី២នាក់ឲ្យដើរ ទារប្រាក់ពីក្រុមអាជីវករ ចាប់ពី២០ដុល្លារ រហូតដល់រាប់រយដុល្លារ ។ ពេលខ្លះ សហការីរបស់លោកមាស វុទ្ធី អះអាងថា សុំឡើងថ្លៃ ព្រោះតែខាត ។ គេមិនដឹងថា តើក្នុងតួនាទីជាមន្ត្រីនគរបាលសេដ្ឋកិច្ច តើលោកមាស វុទ្ធី ខាតរឿងអ្វីនោះទេ ។ អ្នករកស៊ីអាចជួបប្រទះហានិភ័យ ឬខាតបង់ក្នុងរបររបស់ខ្លួន ប៉ុន្តែតើលោក មាស វុទ្ធី ខាតបង់អ្វីដែរ បានជាត្រូវដំឡើងថ្លៃសេវាបង់ប្រាក់ប្រចាំខែនោះ? ឬមួយក៏ជាគោលការណ៍ត្រូវឡើងថ្លៃ ឡើងខែ ទៅតាមតម្លៃទំនិញទីផ្សារ?
ក្រុមអាជីវករបានអះអាងថា អ្វីដែលលោកមាស វុទ្ធី បាននិងកំពុងធ្វើបង្កឲ្យមានការថ្នាំងថ្នាក់ដល់អ្នករកស៊ីគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ ជាពិសេសអ្នកដឹកទំនិញយកមកស្តុកទុក ។ ទង្វើបែបនេះ អាចនិយាយបានថា វានាំឲ្យមានការក្តៅក្រហាយ និងប៉ះពាល់ដល់នយោបាយរបស់រាជរដ្ឋាភិបាលទៀតផង ។ គេអាចគិតថា វាជារឿងតូចតាចដែលសមត្ថកិច្ចដើរយកលុយ២០ទៅ៣០ដុល្លារ ឬរាប់រយដុល្លារ ប៉ុន្តែក្នុងចិត្តអាជីវករ ក៏ដូចជាអ្នករកស៊ីយល់ថា វាជារឿងគាបសង្កត់ ដែលមិនគួរនឹងកើតមាន ៕