ខេត្តកណ្ដាល ៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងធ្វើការចាប់ខ្លួនក្នុងករណីរួមភេទជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំ ក្រោយពីយុវជនសង្ស័យខាងលើមានទំនាក់ទំនងស្រលាញ់គ្នាជាមួយក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ហ៊ានហៅក្មេងស្រីមកលេងផ្ទះរបស់ខ្លួនដេកជាមួយគ្នាបាន៦យប់ និងរួមភេទបានសម្រេចជាច្រើនដង ក្រោយមកម្ដាយខាងស្រីដឹង ក៏ប្ដឹងសមត្ថកិច្ចតែម្ដង ។ ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី ស្ថិតក្នុងភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គា វ៉ាន់ដេត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល រីក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអុងប៉ាងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា កន្លងមកយុវជនសង្ស័យ និងក្មេងស្រីរងគ្រោះមានទំនាក់ទំនងស្រលាញ់គ្នា លុះមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ យុវជនសង្ស័យបានហៅក្មេងស្រីរងគ្រោះមកលេងផ្ទះរបស់ខ្លួននៅភូមិ/ឃុំកើតហេតុ បានរយះពេល៦យប់ រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ម្ដាយខាងក្មេងស្រីរងគ្រោះបានបាត់ក្មេងស្រីពីផ្ទះដោយពុំដឹងថាទៅណា ក៏ដើររក ស្រាប់តែទទួលព័ត៌មានថា ក្មេងស្រីរងគ្រោះកំពុងស្នាក់នៅផ្ទះជាមួយយុវជនសង្ស័យ ភ្លាមនោះក៏ទៅផ្ទះយុវជនសង្ស័យ រួចប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលក្រាំងយ៉ូវ ដើម្បីធ្វើការឃាត់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះរួច ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនយុវជនសង្ស័យ រួចយកមកសួរនាំ ខណៈនោះយុវជនសង្ស័យឆ្លើយថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះប្រាកដមែន ដែលក្នុងមួយយប់រួមភេទបានចំនួន២ដង រយះពេល៦យប់ ។
បន្ទាប់ពីធ្វើការសាកសួររួច យុវជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ
...