ខ្សឹបដាក់ត្រចៀក៖ ណុប ណាក់ ហៅ (ណាក់ក្បាលធំ)កំពុងជួបព្រះរាជអាជ្ញា ខេត្តរតនគិរី ករណីខ្លួនជាមេក្លោងអោយវៀតណាម១២នាក់ និងគ្រឿងចក្រ៦គ្រឿងមកឈួសត្រាយផ្លូវដឹកឈើ

ចែករំលែក៖

ខេត្តរតនគិរី៖ បន្ទាប់ពីមានការលេចចេញថា ឈ្មោះ ណុប ណាក់ ហៅ(ណាក់ក្បាលធំ)ជាមេក្លោងអោយវៀតណាម១២នាក់ និងគ្រឿងចក្រ៦គ្រឿងមកឈួសត្រាយផ្លូវដឹកឈើ តែត្រូវសមត្ថកិច្ចបង្រ្កាបចាប់ ជារឿងបទឧក្រិដ្ឋ គឺមានបក្ខពួក លោក ណុប ណាក់ ហៅ(ណាក់ក្បាលធំ)បានចេញមុខមកបង្ហើបថា៖ ឈ្មោះខាងលើនេះមិនបានប្រព្រឹត្ត ឬពាក់ព័ន្ធនោះឡើយ។ ប៉ុន្តែមុននេះបន្តិចនាវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ត្រូវបានគេខ្សឹបខ្សៀវថា ឈ្មោះ ណុប ណាក់ ហៅ(ណាក់ក្បាលធំ)កំពុងជួបជាមួយ លោក ជា ពេជ្រ ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី តែមិនដឹងថា ការពិភាគ្សានេះជារឿងការងារក្នុងនាមជាមន្ត្រីយុត្តិធម៍ជាមួយអយ្យការ ឬមួយយ៉ាងណានោះទេ..?

សូមបញ្ជាក់ថា៖ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាវ យេន បង្ក្រាបបទល្មើសឈ្មួញយកគ្រឿងចក្រឈូសឆាយត្រាយព្រៃធ្វើផ្លូវអូសឈើ និងឈានដល់ឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ និងចាប់យកវត្ថុតាងគ្រឿងចក្រ៦គ្រឿង ក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នោះ មានលេចឮពីប្រភពមិនផ្លូវការពីទឹកដីវៀតណាមមកថា៖ មេក្លោងបង្កើតអោយមានបទល្មើសនេះ គឺឈ្មោះ ណុប ណាក់ ហៅ(ណាក់ក្បាលធំ) ជានាយកងរាជអាវុធហត្ថខេត្តរតនគិរី អតីតៈជាមេក្លោងធំជាងគេក្នុងមុខជំនួញឈើនៅខេត្តរតនគិរី ដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម និងធានាចេញមុខរត់ការផ្លូវអោយឈ្មួញផ្សេងៗផងដែរ ក្នុង១ឡានយីឌុប ចាប់ពី១២០០០ដុល្លារដល់១៨០០០ដុល្លារ ឬ២០០០០ដុល្លារ តាមកាលៈទេសៈជាក់ស្តែងស្ថានភាពតឹងរឹង ធូស្រាលនោះ។
ប្រភពមិនផ្លូវការដដែលបានបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធនិងយកជនជាតិវៀតណាម១២នាក់ និងគ្រឿងចក្រ៦គ្រឿងមកត្រួសត្រាយឈូសឆាយផ្លូវដើម្បីអូសឈើនោះ គឺឈ្មោះណុប ណាក់ ហៅ(ណាក់ក្បាលធំ) បានយកលុយពីថៅកែវៀតលើកដំបូងចំនួន ៧០មុឺនដុល្លារ។
ក្នុងតំណាក់កាលដល់ជនជាតិវៀត និងគ្រឿងចក្របានចូលទឹកដីកម្ពុជា ឈ្មោះណុប ណាក់ ហៅ(ណាក់ក្បាលធំ) បន្តយកចំនួន៥០មុឺនដុល្លារទៀត ពីថៅកែវៀតណាមឈ្មោះ(ដេវ)..និងឈ្មោះកុងចរហៅ(អាកូនឆ្កែ)ជាជនជាតិវៀតណាម ប៉ុន្តែចេះបកប្រែភាសាខ្មែរនិយាយបានដោយប៉ៃឡាំៗ ច្បាស់បានប្រមាណ៧០ទៅ៨០ភាគរយ ស្តាប់និងនិយាយខ្មែរបាន។ យកលុយលើកទី២បានត្រឹម២ថ្ងៃ គឺដាក់លុយតាមវ៉ាលី ពណ៍ផ្កាឈូកសរុប៥០មុឺនដុល្លារ ខ្ចប់ថង់ខ្មៅនៅខាងក្នុងពេលប្រគល់អោយ ឈ្មោះណាក់ ហៅ(ណាក់ក្បាលធំ)នោះ ។ ផ្ទុយទៅវិញជាលទ្ធផលគម្រោងបំផ្លាញព្រៃឈើនេះត្រូវបានបរាជ័យ បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ថាវ យេន ដឹកនាំកម្លាំងបង្ក្រាប ក្រោមការបញ្ជាដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ។
តាមដំណឹងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ថៅកែវៀតណាមឈ្មោះ (ដេវ) ដែលបានអោយលុយឈ្មោះណុប ណាក់ ហៅ(ណាក់ក្បាលធំ) ជានាយកងរាជអាវុធហត្ថខេត្តរតនគិរី កំពុងឡើងមកខេត្តមណ្ឌលគិរី ដើម្បីរកអ្នកស្គាល់អោយជួយរត់ការបញ្ចៀសការឃុំខ្លួនជនជាតិវៀតណាម ខណៈខាងនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តរតនគិរី បញ្ជូនខ្លួនជនជាតិវៀតណាម១២នាក់នោះ ទៅសាលាដំបូងខេត្តរតនគិរី។
អាចរសៀលថ្ងៃដដែលនេះថៅកែវៀតណាមឈ្មោះ(ដេវ)អាចមកដល់ខេត្តមណ្ឌលគិរី ដើម្បីបន្តមកធ្វើរឿងនេះនៅខេត្តរតនគិរី ដោះស្រាយក្រុមការងាររបស់ខ្លួនកំពុងឃាត់ខ្លួនស្តាប់ចម្លើយដោយនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តរតនគិរីនោះ។
ប្រភពមិនអាចយកជាការបានក៏បង្ហើបថា៖ ឈ្មោះ ណុប ណាក់ ហៅ(ណាក់ក្បាលធំ) ជានាយកងរាជអាវុធហត្ថខេត្តរតនគិរី យកលុយទាំង២លើក បានចំនួន១លាន២សែនដុល្លារ ពីថៅកែវៀតណាមឈ្មោះ(ដេវ) គឺយកទៅរត់ការខ្លះ និងអស់តិចតួចបំផុត សំខាន់បានទិញឡាន (ហ្វត)ទំនើប១គ្រឿងអោយអ្នកធំម្នាក់នៅខេត្តរតនគិរី ដើម្បីសុំផ្លូវបម្រុងត្រួសត្រាយឈូសផ្លូវអូសឈើ តែបែកការណ៍ឈានដល់បង្ក្រាបតែម្តង។
តាមផែនការជនសង្ស័យ ជាជនជាតិវៀតណាម១២នាក់ ដែលឃាត់ខ្លួនបញ្ជូនទៅខាងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តរតនគិរី អាចរកវិធីធ្វើកិច្ចសន្យាបណ្តេញចេញតាមច្បាប់អន្តោប្រវេសន៍ ប៉ុន្តែមិនទាន់អនុវត្តតាមនីតិវិធីនេះបាន ខណៈព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កំពុងតាមដានដោយយកចិត្តទុកដាក់បំផុតផងនោះ។
គួរម្លឹកថា៖ ក្រោយពីសមត្ថកិច្ចប្រគល់ជនសង្ស័យ ជាជនជាតិ១២នាក់ទៅខាងនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តរតនគិរី គឺគ្រឿងចក្រ៦គ្រឿងបានយកទៅរក្សាទុកបណ្តោះអាសន្ន នៅក្នុងបរិវេណក្រុមហ៊ុន នុភាពសុភី តំបន់អូរតាយ៉ាក ឧទ្យានជាតិវីរៈជ័យ ខេត្ដរតន:គិរី ស្ថិតនៅចំណុចឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនៈគិរី។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិវៀតណាមទាំង ១២នាក់នេះ និងគ្រឿងចក្រ ចំនួន៦គ្រឿង គឺចូលមកដោយខុសច្បាប់ តាមច្រកព្រៃបង្គោលការពារព្រំដែន លេខ១៤ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ៥០៥ (ប៉ុស្តិ៍ ភូមិចង)ខេត្តរតនគិរី ជាប់ព្រំប្រទល់ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម។ តាមរយៈឈ្មោះ សេក វរៈ ប្រធានក្រុមហ៊ុននុភាពសុភី និងជនជាតិវៀតណាមឈ្មោះ VO NGU YEVSA កាន់អត្តសញ្ញាណប័ណ្ណលេខ 2331 24 234។ ប៉ុន្តែលេចឮថា បម្រុងធ្វើកំណត់ហេតុស្តាប់ចម្លើយដាក់ថា៖ ជនជាតិវៀតណាមទាំង ១២នាក់នេះ និងគ្រឿងចក្រ ចំនួន៦គ្រឿង គឺចូលមកដោយខុសច្បាប់ តាមច្រកព្រៃបង្គោលការពារព្រំដែន លេខ១៣,៨ ប្រយោជន៍ផុតការទទួលខុសត្រូវពីមេប៉ុស្តិ៍ការពារព្រំដែន៧១១ និងមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ៥០៥ (ប៉ុស្តិ៍ ភូមិចង)។ ប៉ុន្តែបើចូលតាមតាមបង្គោលលេខ១៣,៨ គឺគ្មានកន្លែងឆ្លងមករួចទេ ព្រោះជាអូរ និងទឹក។
ករណីនេះបើខាងកម្លាំងកងរាជអាវុធហត្ថបើកការសើបអង្កេតស្រាវជ្រាវ តាមរយៈបណ្តឹងបរិហារ អាចស្រាវឃើញការពិត ខណៈ ឈ្មោះ ណុប ណាក់ ហៅ(ណាក់ក្បាលធំ) ជានាយកងរាជអាវុធហត្ថខេត្តរតនគិរី អតីតៈជាមេក្លោងធំជាងគេក្នុងមុខជំនួញឈើនៅខេត្តរតនគិរី ដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម មានតម្រុយពិរុទ្ធភាពខ្លះៗ គឺអាចអញ្ជើញគាត់មកបំភ្លឺដើម្បីអោយអស់មន្ទិលក្នុងបទល្មើសនេះ។
ជុំវិញបទល្មើសនេះ ចំពោះការឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម ១២នាក់ បើតាមអ្នកច្បាប់បានលើកឡើងថា៖ យោងតាមមាត្រា១៣ នៃក្រមព្រហ្មទណ្ឌ បទ៖ (ទីកន្លែងប្រព្រឹត្តបទល្មើស) បទល្មើសត្រូវបានចាត់ថាប្រព្រឹត្តនៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា នៅពេលដែលអំពើណាមួយនៃបទល្មើសនោះ បានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះរឿងជនជាតិវៀតណាម ជាបទល្មើសព្រហ្មទណ្ឌប្រព្រឹត្តជាក់ស្តែងនៅខេត្តរតនគិរី ត្រូវបញ្ជូនមកសាលាដំបូងខេត្តតាមនីតិវិធី៕

...

ដោយ៖ ខ្សឹបដាក់ត្រចៀក

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print