មេបក្សប្រឆាំងវេណេហ្ស៊ុយអេឡា លោក Juan Guaido ដែលបានតាំងខ្លួនជាប្រធានាធិបតីហើយទទួលបានការគាំទ្រខ្លាំងពីអាមេរិកនឹងបណ្តាប្រទេសលោកខាងលិច នៅពេលនេះ បានខិតខំ ធ្វើសកម្មភាពដើម្បីទម្លាក់ប្រធានាធិបតី នីកូឡាសម៉ាឌូរ៉ូ ។
នៅពេលនេះដែរ ប្រធានាធិបតីស្រប់ច្បាប់ កើតឡើងដោយការបោះឆ្នោត លោកនីកូឡាសម៉ាឌូរ៉ូ បានចាត់ទុកមេដឹកនាំក្រុមប្រឆាំង គឺជា “អាយ៉ង” ត្រូវអាមេរិកប្រើប្រាស់ដើម្បីធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលដែលមិនធ្វើតាមអាមេរិក ។ ជាមួយគ្នានេះ លោកម៉ាឌូរ៉ូក៏បានចោទប្រកាន់អាមេរិក បង្កើតសង្គ្រាមសេដ្ឋកិច្ច ដឹកនាំដោយអាមេរិក ធ្វើឲ្យសេដ្ឋកិច្ចរបស់វេណេហស្សុយអេឡាជួបវិបត្តិជាទ្រងទ្រាយធំ។
នៅពេលនេះដែរលោក Juan Guaido ដែលបានតាំងខ្លួនជាប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានអំពាវនាវដល់ពលរដ្ឋ ដង្ហែរក្បួនបាតុកម្ម ជាទ្រងទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រ ដើម្បីបង្ខំឲ្យប្រធានាធិបតី ម៉ាឌូរ៉ូ ចុះចេញពីតំណែង ។
មេដឹកនាំក្រុមប្រឆាំង លោក Juan Guaido បាននិយាយទៅកាន់ក្រុមអ្នកគាំទ្រនៅភាគខាងលិចរដ្ឋធានី Caracas កាលពីថ្ងៃទី១៩ខែមេសាថា « ពួកគេចាំបាច់ត្រូវតែស្តាប់នៅសំឡេងរបស់ពលរដ្ឋ ទាំងនោះគឺគ្រប់គ្រាន់ហើយ»។ លោក Guaido បានអំពាវនាវដល់ពលរដ្ឋ ទូទាំងប្រទេស នាំគ្នាដង្ហែរក្បួនបាតុកម្មជាទ្រង់ ទ្រាយធំបំផុតមិនធ្លាប់មាននៅថ្ងៃទី១ខែឧសភា ចំថ្ងៃទិវាពលកម្មអន្តរជាតិ។
សារព័ត៌មានរ៉យទ័របានដកស្រងសម្តី លោក Guaido និយាយទៅកាន់អ្នកគាំទ្រថា«យើងសូមអំពាវនាវដល់ពលរដ្ឋគ្រប់រូបចូលរួមធ្វើមហាបាតុកម្មទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ វេណេហ្ស៊ុយអេឡា ទាមទាបញ្ចប់ការកាត់អំណាច បញ្ចប់វិវាទនៅក្នុងប្រទេសអូសបន្លាយ»។
លោក Guaido អាយុ៣៥ឆ្នាំ ត្រូវបានអាមេរិក និងបណ្តាប្រទេសលោកខាងលិច គាំទ្រ ជាប្រធានាធិបតីស្រប់ច្បាប់នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។ ជាមួយគ្នានោះ លោក Guaido បានអំពាវនាវដល់កម្លាំងទាហាន ចាកចេញពីប្រធានាធិបតី បញ្ចប់ការគាំទ្រ លោកម៉ាឌូរ៉ូ។
ដោយឡែកអាមេរិកវិញបានអំពាវនាវដល់បណ្តាប្រទេសទប់ស្កាត់យន្តហោះរុស្ស៊ីដឹកជំនួយទៅកាន់វេណេហ្ស៊ុយអេឡា ។ នៅពេលនេះអាចនិយាយបានថា អាមេរិកនិង លោក Guaido ម្នាក់វាយប្រហារខាងក្នុង ម្នាក់ទប់ស្កាត់ខាងក្រៅ ធ្វើឲ្យប្រធានាធិបតី ម៉ាឌូរ៉ូ ទល់ផ្លូវ ហើយត្រូវចាកចេញពីតំណែង ។
កាលពីថ្ងៃទី១៩ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Morgan Ortagus បានប្រកាសថា អាមេរិកបានអំពាវនាវដល់បណ្តាប្រទេស ដើរតាមគំរូរបស់ប្រទេស Malta ដោយ រារាំងយន្តហោះរុស្ស៊ីឆ្លងកាត់ ដែនអាកាសរបស់ខ្លួនចូលទៅកាន់វេណេហ្ស៊ុយអេឡា ។
នៅលើបណ្តាញសង្គម Twitter លោក Morgan Ortagus បានសរសេរថា«យើងសូមអំពាវនាវដល់បណ្តាប្រទេសដើរតាមគំរូ ប្រទេស ម៉ាលតាដោយបានហាមយន្តហោះរុស្ស៊ីឆ្លងកាត់ដែនអាកាសរបស់ខ្លួនដើម្បីទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា»។ ប្រសិនបើបណ្តាប្រទេសមិនអនុញ្ញាតិ នោះយន្តហោះរបស់រុស្ស៊ី ទាំងស៊ីវិល និងយោធា មិនអាចចូលទៅកាន់វេណេហ្ស៊ុយអេឡានោះឡើយ ។
វិបត្តិនយោបាយ សេដ្ឋកិច្ច អូសបន្លាយនៅក្នុងប្រទេសវេណេហស្សុយអេឡា ហើយកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក និងលោកខាងលិច។ នៅពេលនេះវេណេ ហ្ស៊ុយអេឡា ពឹងផ្អែកទៅលើជំនួយពីរុស្ស៊ី និងប្រទេសមួយចំនួនទៀត ដើម្បីជួយដល់ពលរដ្ឋនិងពង្រឹងសេដ្ឋ កិច្ច។
ប៉ុន្តែ ប្រសិនបើបណ្តា ប្រទេសនៅជុំវិញមិនអនុញ្ញាតិឲ្យយន្តហោះរបស់រុស្ស៊ី ក៏ដូចជាសម្ព័ន្ធមិត្តវេណេហ្ស៊ុយអេឡា ហោះហើរលើដែនអាកាសរបស់ខ្លួនទៅកាន់វេណេហ្ស៊ុយអេឡានោះគឺជារឿងមួយដ៏លំបាកបំផុត ដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាឌូរ៉ូ ។
រដ្ឋាភិបាលរុសស្សីបានបង្ហាញពីការប្តេជ្ញាការពារវេណេហ្សុយអេឡា គេចផុតពីចេតនាអាក្រក់របស់អាមេរិក ។សារព័ត៌មាន Sputnik បានដកស្រងសម្តី រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Sergey Ryabkov បាន បញ្ជាក់ថា រុស្ស៊ីនឹងប្រឆាំងរាល់ការដាក់ទណ្ឌកម្មខុសច្បាប់របស់អាមេរិក ទៅលើប្រទេសវេណេហ្ស៊ុយអេឡា ។
លោក Sergey Ryabkov បានលើកឡើងថា«យើងមានក្តីបារម្ភយ៉ាងខ្លាំង ពីសកម្មភាព របស់អាមេរិកនៅតំបន់អាមេរិកឡាទីន ។ យើង ចាត់ទុកច្បាប់ដាក់ទណ្ឌកម្មទាំងនោះជារឿងមិនសមហេតុផល ខុសច្បាប់ ។ ដូច្នេះយើងនឹងប្រឆាំងរាល់ការដាក់ទណ្ឌកម្មទាំងនោះ។ វេណេហ្ស៊ុយអេឡា ជាសម្ព័ន្ធមិត្ត យុទ្ធសាស្ត្ររបស់យើងខ្ញុំនៅក្នុងតំបន់។ យើងនឹងធ្វើគ្រប់យ៉ាងដើម្បី ការពារសម្ព័ន្ធមិត្ត»។
ការលើកឡើងខាងលើរបស់រុស្ស៊ី បន្ទាប់អាមេរិក ដាក់ទណ្ឌកម្មទៅលើ ធនាគារ ជាតិវេណេ ហ្ស៊ុយអេឡា ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានប្រកាសថា សកម្មភាពដាក់ទណ្ឌកម្មនោះ គឺជាសារ សំខាន់របស់អាមេរិក ផ្ញើទៅកាន់ប្រទេសខាងក្រៅ ក្នុងនោះមានរុស្ស៊ីជាដើម ដែលបានបញ្ជូនសម្ភារៈយោធា ទៅវេណេហ្ស៊ុយអេឡា ជួយដល់ប្រធានាធិបតី នីកូឡាសម៉ាឌូរ៉ូ ។កន្លងមកក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ ថា រុស្ស៊ីនឹងមិន ជ្រៀតជ្រេក និងបំពាន់ច្បាប់អន្តរជាតិ និងច្បាប់របស់វេណេហ្ស៊ុយអេឡា ៕