លួចម៉ូតូប្រជាពលរដ្ឋក្នុងវត្ដបានសម្រេចត្រូវម្ចាស់ម៉ូតូស្គាល់អត្ដសញ្ញាណប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

លួចម៉ូតូប្រជាពលរដ្ឋក្នុងវត្ដបានសម្រេចត្រូវម្ចាស់ម៉ូតូស្គាល់អត្ដសញ្ញាណប្ដឹងសមត្ថកិច្ចចាប់ខ្លួន
ខេត្តកណ្ដាលៈ ​បុរសម្នាក់ធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋម្នាក់ ដែលផ្ញើទុកក្នុងវត្តពាមឃ្លាំង ក្នុងភូមិសាស្រ្ដស្រុកកោះធំបានម្រេច ក្រោយមកត្រូវម្ចាស់ម៉ូតូស្គាល់អត្ដសញ្ញាណ ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៥ព្រឹក ត្រង់ចំណុចវត្តពាមឃ្លាំង ស្ថិតក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លី សារ៉ាក់ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃ្លាំងកើត ឃុំលើកដែក ស្រុកកោះធំ  ។ ចំណែកជនរងគ្រោះឈ្មោះ  ស្មោញ វ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ  ។ ចំណែកសម្ភារះបាត់បង់មាន  មូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០២ គ្មានស្លាកលេខ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១៧ ជនរងគ្រោះជាម្ចាស់ បានយកម៉ូតូរបស់ខ្លួនមកផ្ញើជាមួយតាៗនៅវត្តពាមឃ្លាំង ដោយមិនបានចាក់សោរកនោះទេ រួចជនរងគ្រោះ បានជិះទូកទៅផ្ទះ ។ លុះមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានត្រឡប់​មកពីផ្ទះវិញមកយកម៉ូតូនៅកន្លែងផ្ញើពីតាៗ ស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួន ភ្លាមនោះតាៗអ្នកទទួលម៉ូតូផ្ញើ ប្រាប់ថា៖ ម៉ូតូនោះ មានឈ្មោះ លី សារ៉ាក់ បានយកម៉ូតូជិះចេញទៅបាត់តាំងពីម៉ោង៥ព្រឹកម្លេះ ហើយបានឃាត់មិនឲ្យយកដែរ តែជនសង្ស័យ មិនស្តាប់ ។

បន្ទាប់ពីជនរងគ្រោះទទួលព័ត៌មានថាឈ្មោះ  លី សារ៉ាក់ បានយកម៉ូតូទៅបាត់ ភ្លាមនោះម្ចាស់ម៉ូតូក៏បាននាំគ្នាដើររក តែរកជនសង្ស័យមិនឃើញនោះទេ ។ រហូតមកដល់ថ្ងៃទី១៩  ខែមេសា  ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង០០នាទី ទើបរកឃើញជនសង្ស័យ រួចក៏បានសួរនាំ ហើយជនសង្ស័យបានឆ្លើយថា ម៉ូតូនោះ ខ្លួនយកលាក់ទុកក្នុងព្រៃ ក្នុងភូមិសាស្រ្ត ឃុំពាមរាំង ស្រុកលើកដែក ភ្លាមនោះម្ចាស់ម៉ូតូ ក៏បានាំជនសង្ស័យ ទៅរកក្នុងព្រៃនោះ តែមិនឃើញម៉ូតូនោះទេ ។

ក្រោយពីរកម៉ូតូខ្លួនមិនឃើញ ជនរងគ្រោះបាននាំជនសង្ស័យមកប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលបញ្ជូនមកកាន់អធិការដ្ឋាននគរ បាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print