ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បលស្លាប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការបំណងទៅផ្ទះ ស្រាប់តែមានរថយន្តហាយឡៃនឌ័រ មិនចាំស្លាកលេខមកពីក្រោយបើកកៀរឲ្យដួល និងស្របពេលរថយន្តកុងតឺន័រ មួយគ្រឿងទៀតបើកមកពីក្រោយកិនចំក្បាលតែម្ដង ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៨ និង៥៣នាទីយប់ ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារព្រែកឯង តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព)មានឈ្មោះ ស្រេង ម៉ៅ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ចុងភៅ នៅណាហ្គា(១) មានស្រុកកំណើតនៅភូមិ ដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល នៅលីវ មិនទាន់មានប្រពន្ធ។
បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា
មុន ពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AD.3154 ធ្វើដំណើរតែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈ មកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែមានរថយន្តហាយឡៃនឌ័រ មួយគ្រឿងមិនចាំស្លាកលេខ បានបើកមកពីក្រោយហើយកៀរជនរងគ្រោះឲ្យដួល បានឈប់មួយភ្លែត ហើយក៏បើកចេញទៅបាត់។
ស្រាប់តែពេលនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងទៀតមកពីក្រោយទឹសដៅស្របគ្នានិងកិនជនរងគ្រោះចំក្បាលបណ្តាលឲ្យ ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង ក្រោយពីកិនហើយ រថយន្តកុងតឺន័រក៏បានបន្ថែមល្បឿនបើករត់បាត់ស្រមោល ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ បានវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ដោយ៖ ភារ៉ា ដង្កោ