ប្រទេសស្រីលង្កា៖ នៅមុននេះបន្តិចនារសៀល ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ ប្រទេសស្រីលង្កា រងនូវសោកនាដកម្មដោយគ្រាប់បែកផ្ទួនៗ៧លើកបានបំផ្ទុះ ហើយរដ្ឋាភិបាលស្រីលង្កាបានឱ្យដឹងថា៖ បន្ទាប់មកនឹងមានការផ្ទុះគ្រាប់បែកលើកទី៨ បានកើតឡើងនៅក្នុងរដ្ឋធានី Colombo បន្ទាប់ពីការផ្ទុះលើកទី៧ ត្រូវបានគេរាយការណ៍នៅឯតំបន់ Dehiwala ស្ថិតនៅជាយរដ្ឋធានីមួយនេះ និងក្រោយពីការវាយប្រហារបំផ្ទុះគ្រាប់បែក៦លើកបានផ្ដាច់ជីវិតមនុស្សកើនដល់១៨៥នាក់ និងជាង៥០០នាក់ផ្សេងទៀតរងរបួស។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។
ការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់ទាំង៦លើក បានកើតឡើងនៅម៉ោង ៨៖៤៥ នាទីព្រឹកថ្ងៃអាទិត្យនេះ ចំពេលមនុស្សម្នាចូលរួមក្នុងពិធីបុណ្យគ្រឹស្ដសាសនា Easter Sunday នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅ ទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ក្នុងទីក្រុង Colombo។ នេះបើយោងតាមអាជ្ញាធរស្រីលង្កា។
ប៉ុន្តែការផ្ទុះលើកទី៧ និងទី៨នេះ មិនទាន់មានសេចក្ដីរាយការណ៍ថាបានបង្កការខូចខាត ឬជនរងគ្រោះនៅឡើយទេ។
រដ្ឋាភិបាលបានចេញប្រកាសភ្លាមៗផងដែរតម្រូវអោយប្រជាជនខ្លួន ត្រូវសំងំក្នុងលំនៅដ្ឋានបណ្តោះអាសន្នចំនួន១២ម៉ោងសិន ដើម្បីធានាដល់ការគ្រោះថ្នាក់ដ៏អាក្រក់មួយនេះ៕
ដោយ៖ សុខ ខេមរា