សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និង ពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់អាគារច្រកព្រំដែនស្ទឹងបត់រួចហើយ នៅថ្ងៃទី ២២ ខែមេសា ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រថៃ បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ដែលជាអំណោយរបស់រាជរដ្ឋាភិបាលថៃ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងនៅក្នុងពិធីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាយុទ្ធសាស្រ្ត និងជាប្រវត្តិ​សាស្ត្រសម្រាប់ប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងការតភ្ជាប់ផ្លូវដែកសារជាថ្មី ក្រោយពីបានកាត់ផ្តាច់នៅឆ្នាំ ១៩៧៣ ដោយសារសង្គ្រាមនៅកម្ពុជា។ កិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមផ្លូវដែក និងការតភ្ជាប់ផ្លូវដែកកម្ពុជានិង ថៃ គឺនឹងនាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលជាមធ្យាបាយដឹកជញ្ជូនទំនិញ ដ៏មានប្រសិទ្ឋភាព មានតម្លៃថោក និងមានសុវត្ថិ​ភាពខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការតភ្ជាប់ និងអភិវឌ្ឍតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបផងដែរថា ផ្លូវដែកពីភ្នំពេញ មកប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចហើយ ថ្វីត្បិតតែមិនទាន់មានលក្ខណៈស្តង់ដារ និងទំនើបក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យយុទ្ធសាស្ត្រ និងផែនការ ច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យផ្លូវដែកដែលជាឆ្អឹងខ្នងនៃការដឹកជញ្ជូននៅកម្ពុជា។

នៅក្នុងពេលនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលថៃ ដែលបានជួយសាង​សង់ជាថ្មីនូវស្ពាន និងផ្លូវដែកព្រំដែនកម្ពុជា-ថៃ អូរជ្រៅប្រវែង ៤៣ម៉ែត្រ ដែលប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១លាន ដុល្លារ ព្រមទាំងបានធ្វើអំណោយជាក្បាលរថភ្លើងចំនួនមួយគ្រឿង ជាប់ជាមួយទូអ្នកដំណើរ ចំនួន ៤ ដែលអាចផ្ទុកអ្នកដំណើរបានដល់ ៨០នាក់ក្នុងទូនីមួយៗ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះផងដែរ ចំពោះ លោករដ្ឋមន្រ្តី ដឹកជញ្ជូនថៃ និង លោកប្រធានអគ្គនាយកស្តីទីនៃសហគ្រាសរថភ្លើងរដ្ឋនៃប្រទេសថៃដែលបាន ជួយជំរុញកិច្ចព្រមព្រៀង អោយមានការចុះហត្ថលេខានាថ្ងៃនេះ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ នឹងទទួលបានជោគជ័យទាំងក្នុងពេលនេះ និងក្នុងអាណត្តិក្រោយៗទៀត។

បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន និង លោក ប្រាយុទ្ធ ចាន់អូចា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញធ្វើដំណើររួមគ្នាតាមខ្សែរថភ្លើងពីស្ថានីយ៍បានក្លងលឹកនៃប្រទេសថៃ ឆ្ពោះមកកាន់ស្ថានីយរថភ្លើងប៉ោយប៉ែត នៃប្រទេសកម្ពុជា ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ៕

  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print