ទីបំផុត..! លោក​ ស​ ថេត​ បញ្ឈរ​ជើង​អធិការ​រង​ខណ្ឌ​ដង្កោ​២រូប​និង​ប៉ូលិស​ចរាចរណ៍​ម្នាក់​ ដែល​ព្រួត​គ្នា​វៃ​មន្ត្រី​ ACU

ចែករំលែក៖

ភ្នំពេញ​៖​​ អធិការ​រង​ខណ្ឌ​ដង្កោ​២រូប​និង​ប៉ូលិស​ចរាចរណ៍​ម្នាក់​ ដែល​ព្រួត​គ្នា​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ACU ត្រូវ​បាន​លោក​ផ្កាយ​៣​ ស​ ថេត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ឈរ​ជើង​ហើយ​ ។ នេះ​បេតាម​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ ថ្លែង​ប្រាប់​ នៅ​ថ្ងៃទី​២២​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ថា

ករណី​នេះ​ ពុំ​បាន​កកេីត​ជា​សំណុំ​រឿង​ព្រហ្មទណ្ឌ​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ​ គ្រាន់តែ​ពិន័យ​កងកម្លាំង​ ដោយ​បញ្ឈរ​ជើង​នៅ​ការិយាល័យ បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ប៉ុណ្ណោះ​ ។

សូម​បញ្ជាក់​ថា​ នគរបាល​ខណ្ឌ​ដង្កោ​ទាំង​នេះ​ បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ​លើ​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ACU ប​ណា្ត​ល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ នៅក្នុង​វត្ត​ព្រែក​ថ្លឹង ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ កាលពី​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ ដោយសារតែ​រឿង​យល់​ច្រឡំ​ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ ។

ជនរងគ្រោះ​ឈ្មោះ ឃឹម ខុម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

ចំណែក​ក្រុមមន្ត្រី​ប៉ូលិស​ដែល​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​មាន​ដូច​ជា ១. លោក​វរសេនីយ៍ទោ នាក់ ណា​រ៉ូ អធិការរង​ទទួល​ការងារ​ចរាចរណ៍​ខណ្ឌដង្កោ​។ ២. លោក​វរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរង​ទទួល​ការងារ​សណ្ដាប់ធ្នាប់​។ ៣. លោក​អនុសេនីយ៍ទោ ម៉េ​ត រតនា មន្ដ្រី​នគរបាល​ចរាចរណ៍ និង​មន្ត្រី​ប៉ូលិស​មួយចំនួនទៀត​។

សកម្មភាព​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាងខ្លាំង​ចំ​ពោះ​ទង្វើ​ព្រៃផ្សៃ​របស់​ប៉ូលិស​ខណ្ឌដង្កោ ព្រោះ​ខ្លួន​ជា​អ្នក​អនុវត្ត​ច្បាប់ បែរជា​ប្រព្រឹត្ត​អំពើ​បំពាន​ច្បាប់​។

ទាក់ទង​ករណីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ថ្លែង​ប្រាប់​សារព័ត៌មាន​ ថា នឹង​ត្រួតពិនិត្យ​លើ​ករណីនេះ ហើយ​បើ​មាន​ពិតប្រាកដ​មែន នឹង​ដាក់​វិន័យ​នគរបាល ឬ​ចាត់វិធានការ​តាមច្បាប់​។

នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “ឲ្យ​តែ​មាន​ពាក្យ​បណ្តឹង​យើង​នឹង​ចាត់ការ​ត្រួតពិនិត្យ​តាម​វិន័យ​នគរបាល ឬក៏​តាមច្បាប់​វិធានការ​តាមច្បាប់​បើ​មាន​ពិតប្រាកដ​ចឹ​ង​មែន​””។

នៅក្នុង​ពាក្យបណ្ដឹង​របស់លោក ឃឹម ខុម ដែល​បានដាក់​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺ​បាន​ប្ដឹង​មន្ត្រី​នគរបាល​ជា​អធិការរង​នគរបាល​ខណ្ឌដង្កោ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ដង្កោ​ចំនួន​៤​រូប ពីបទ​ប្រើ​អំពើ​ហិង្សា កាលពី​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ នៅ​វត្ត​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​លោក ឃឹម ខុម ជា​ជនរងគ្រោះ​បាន​រៀបរាប់​ថា ករណីនេះ​បាន​កើត​ឡើង​នៅវេលា​ម៉ោង​៨ យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​វត្ត​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។ ជនរងគ្រោះ​បាន​ចោទ​ទៅលើ​មន្ត្រី​នគរបាល​ចំនួន​៥​នាក់ ក្នុង​នោះ​អធិការរង​ម្នាក់​មានឈ្មោះ នាក់ ណា​រ៉ូ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ដង្កោ​៤​រូប​ផ្សេងទៀត​។

ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ខណៈ​លោក​កំពុង​បើក​រថយន្ត​ម៉ាក Prius តាមផ្លូវ​៥០​ម៉ែត្រ ក៏​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Prius បើក​មក​កៀរ រថយន្ត​លោក នាំ​ឲ្យ​មានការ​ខូចខាត ប៉ុន្តែ​លោក​មិនបាន​តាម​រថយន្ត​នោះ​ទេ ដោយ​បើក​លឿន​ពេក​។ ភ្លាមៗ​នោះ​ស្រាប់​តែ​មាន​នគរបាល​មួយ​ក្រុម​ខាងលើ មាន​ទាំង​រថយន្ត និង​ម៉ូតូ​ផង​ប្រហែល​៦​គ្រឿង បាន​បើក​ដេញ​ពីក្រោយ​រហូត​តាម​រថយន្ត​លោក​ទាន់ នៅក្នុង​វត្ត​ព្រែក​ថ្លឹង រហូត​ប្រើ​ហិង្សា​យ៉ាងដំណំ មិន​សួររក​ហេតុផល បើ​ទោះ​គាត់​បាន​សុំ​អង្វរ និង​សុំ​ឲ្យ​សួរនាំ​រក​ខុសត្រូវ​សិន​ក៏ដោយ​។

សម្រាប់​សកម្មភាព​ប្រើ​ហិង្សា​នេះ ជនរងគ្រោះ​សុំ​ឲ្យ​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​តាមច្បាប់ និង​ទាមទារ​សំណង​ចំនួន​៥​ម៉ឺន​ដុល្លារ​៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print