វិវាទនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនបាន កើតឡើងតាំងពីខែកុម្ភៈឆ្នាំ២០១៤ មកទលពេលនេះមិនទាន់បញ្ចប់នៅឡើយ ។ នៅពេលនេះមេដឹកនាំថ្មីបានប្តេជ្ញាបញ្ចប់ សង្គ្រាម នៅទីនោះនាំមកនៅសន្តិភាព និងបង្រួបបង្រួមជាតិ អ៊ុយក្រែន ។
នៅពេលនេះ ពលរដ្ឋអ៊ុយក្រែន បង្ហាញក្តីសម្បាយរីករាយយ៉ាងខ្លាំង ក្រោយពេល អតីតតារាកំប្លែង លោក Volodymyr Zelensky ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតជុំទី២កាលពីថ្ងៃទី២១ខែមេសាកន្លងមក ។បណ្តាមេដឹកនាំជុំវិញពិភពលោក ក៏បានផ្ញើសារជូនព័រផងដែរ ។
ក្រោយលទ្ធផលបណ្តោះអាសន្នបានប្រកាស ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ក៏បានទទួលស្គល់ពីការបរាជ័យរបស់ខ្លួន ផងដែរ នៅទីក្រុង Kiev ពលរដ្ឋ ជាច្រើនបាននាំគ្នាដង្ហែរក្បួនអបអរសាទរដល់មេដឹកនាំថ្មី ដឹកនាំប្រទេសជាតិ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron និងសមភាគី ប៉ូឡូញលោក Andrzej Duda បានជូនព័រដល់ប្រធានាធិបតីថ្មីអ៊ុយក្រែន លោក Zelensky ។ ជាមួយគ្នានេះ រដ្ឋមន្ត្រី ការបរទេសអង់គ្លេស លោក Jermy Hunt ក៏បាន ជូនព័រផងដែរ ។ ក្រៅពីនេះអគ្គនាយក អង្គការណាតូ លោក Jens Stoltenberg និងប្រធានគណៈកម្មការអ៊ឺរ៉ុប លោក Donald Tusk បានបង្ហាញការគាំទ្រ និងបន្តសហការជាមួយអ៊ុយក្រែន ។
ជាមួយគ្នានេះ លោកZenlenskiy បានប្តេជ្ញា បញ្ចប់សង្គ្រាមនៅតំបន់ភាគខាងកើត អ៊ុយក្រែន ។ ការបញ្ចប់ សង្គ្រាមអ៊ុយក្រែន គឺជា អាទិភាព របស់ប្រធានាធិបតីថ្មី។ លោក Volodymyr Zelenskiy អាយុ៤១ឆ្នាំ អតីតជាតារាកំប្លែងរបស់អ៊ុយក្រែន បានក្លាយជាប្រធានាធិបតីដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសនេះ ដោយសារប្រជាពលរដ្ឋអ៊ុយក្រែន បានបោះឆ្នោតគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ ។
ពលរដ្ឋអ៊ុយក្រែនជាង៤២លាននាក់ នឹងស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី ដែលគ្មានបទពិសោធន៍ខាងនយោបាយនោះទេ នៅក្នុងអាណត្តិ៥ឆ្នាំខាងមុខនេះ ។ ក្នុងការបោះឆ្នោតជុំទី១ លោកZelenskiy ទទួលបានសំឡេងខ្ពស់ជាងប្រធានាធិបតី Petro Poroshenko អាយុ៥៣ឆ្នាំ ដែលជាមហាសេដ្ឋី ហើយនៅជុំទី២នេះ លោក Zelenskiy កាន់តែបន្តទទួលជ័យជម្នះ រហូតដល់៧២ភាគរយឯណោះ ក្នុងចំណោមលទ្ធផលសរុប ។
សូមបញ្ជាក់ថា មូលហេតុជាច្រើនដែលធ្វើឲ្យលោក Petro Poroshenko ចាញ់ឆ្នោតអតីតតារាកំប្លែង Zelenskiy ក្នុងនោះមានការប្រឆាំងនូវអំពើពុករលួយ, ការដឹកនាំប្រទេសដែលគ្មានការរីកចម្រើនសេដ្ឋកិច្ច ជាពិសេស ក្នុងអណត្តិដឹកនាំរបស់លោក Poroshenko ប្រទេសអ៊ុយក្រែនបានធ្លាក់ចូលទៅក្នុងវិបត្តិជាមួយរុស្ស៊ី ហើយប្រជាជនទាមទារផ្តាច់ខ្លួន រហូតឈានដល់ការផ្ទុះសង្គ្រាមស៊ីវិល សម្លាប់មនុស្ស ១៣ ០០០នាក់ ។
លោក Poroshenko មាននយោបាយទំនោរទៅរកលោកខាងលិច ហើយនៅក្នុងឆ្នាំ២០២០ខាងមុខ អ៊ុយក្រែនមានគម្រោងចូលជាមួយសហគមន៍អឺរ៉ុបផងដែរ។
លោក Poroshenko ធ្លាប់បានប្រាប់អ្នកគាំទ្ររាប់ពាន់នាក់ថា លោក Zelenskiy នឹងត្រូវលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីកេងប្រវ័ញ្ច ប្រសិនបើគាត់បានជាប់ឆ្នោត ហើយថា ជ័យជម្នះរបស់លោក Zelenskiy នឹងធ្វើឱ្យរាំងស្ទះដល់ឱកាសរបស់អ៊ុយក្រែន ចូលក្នុងសហភាពអឺរ៉ុបផងដែរ ៕