កម្ពុជាចេញផ្សាយរបាយការណ៍ស្តីអំពីវិស័យអាជីវកម្មបច្ចេកវិទ្យាបង្កើតថ្មីជាលើកដំបូង

ចែករំលែក៖

ភ្នំពេញ៖ អាជីវកម្មទើបបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យារបស់កម្ពុជា កំពុងតែមានភាពរស់រវើក និងពោរពេញដោយថាមពល រួមជាមួយវប្បធម៌សហគ្រិនភាព និងឱកាសជាច្រើនសម្រាប់សហគ្រិននានា បើយោងតាមរបាយការណ៍ស៊ីជម្រៅបំផុតមួយ (តំណទាញយក) ដែលរៀបរៀងឡើងដោយក្រុមហ៊ុន Mekong Strategic Partners និងក្រុមហ៊ុន Raintree ដោយមានការគាំទ្រពីមូលនិធិក្រុមប្រឹក្សា កសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ (CBRD) និងត្រូវបានដាក់ឲ្យចេញផ្សាយជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឯពិពណ៌ឌីជីថលកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។

សាធារណជន និងសហគមន៍បច្ចេកវិទ្យា ត្រូវបានបង្ហាញឲ្យមើលឃើញពីចំណុចសំខាន់ៗក្នុងរបាយការណ៍នេះកាលពីខែតុលា ឆ្នាំ ២០១៨ អំឡុងពេលនៃកិច្ចប្រជុំកំពូលស្តីពីបច្ចេកវិទ្យាកម្ពុជា នៅរាជធានីភ្នំពេញ។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ បានមានប្រសាសន៍ថា៖ «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំបង្កើតគោលនយោបាយមួយ ដែលនឹងជួយជំរុញការច្នៃប្រឌិត និងលើកកម្ពស់វិស័យអាជីវកម្មបច្ចេកវិទ្យាដែលទើបបង្កើតថ្មី និងសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងផ្តល់ឱកាសដល់យុវជនកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យមានភាពចំរុះនៃសេដ្ឋកិច្ចកម្ពុជា និងត្រៀមរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលតាមរយៈមូលនិធិកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ ក្រសួងពហុជំនាញ សហគមន៍បណ្តុះបណ្តាលនានា វិស័យឯកជន និងសហគមន៍អាជីវកម្មដែលទើបបង្កើតថ្មីនេះ កម្ពុជា អាចបង្ហាញពីទិដ្ឋភាពនៃការរីកចម្រើនមិនធ្លាប់មានពីមុនមករបស់ក្រុមហ៊ុនអាជីវកម្មឌីជីថលទើបបង្កើតថ្មី ព្រមទាំងយល់ច្បាស់ពីអ្នកមានលទ្ធភាពសម្រាប់ថ្ងៃអនាគត»។

សរុបសេចក្តីមក របាយការណ៍នេះដាក់ជាសំណើរនូវដំណោះស្រាយបែបពហុភាគីដើម្បីកំណត់គោលនយោបាយនាពេលអនាគតសម្រាប់វិស័យអាជីវកម្មបច្ចេកវិទ្យាបង្កើតថ្មី បង្កើតបរិយាកាសអាជីវកម្មដ៏ល្អបំផុតមួយ និងអភិវឌ្ឍទេពកោសល្យក្នុងវិស័យបច្ចេកវិទ្យាអាជីវកម្មបង្កើតថ្មី។ សរុបមក របាយការណ៍នេះផ្ដល់ក្តីសង្ឃឹមសម្រាប់អនាគតឌីជីថលដ៏ត្រចះត្រចង់មួយ ដែលអាចនិយាយបាន ពេលនេះជាពេលវាលាដ៏ល្អមួយក្នុងការធ្វើសកម្មភាពនិង ដើម្បីធានាថាវិស័យនេះនៅតែបន្តអភិវឌ្ឍទៅមុខ។

របាយការណ៍នេះផ្តល់នូវការសន្និដ្ឋានថាភាគីពាក់ព័ន្ធនៃវិស័យអាជីវកម្មបច្ចេកវិទ្យាជាច្រើនកាន់តែបើកចំហរដើម្បីទទួលយកភាពជាដៃគូដែលនឹងជំរុញសេដ្ឋកិច្ចឌីជីថលអោយអភិវឌ្ឍទៅមុខ។ ផ្នត់គំនិតកំពុងតែមានការផ្លាស់ប្តូរ ស្របគ្នាជាមួយនិងកម្លាំងសន្ទុះដ៏ពិតប្រាកដពីភាគីពាក់ព័ន្ធនានាដើម្បីអភិវឌ្ឍវិស័យមួយនេះ។ កិច្ចសហប្រតិបត្តិការ និងការច្នៃប្រឌិតលើដំណោះស្រាយនានាៗ នឹងធានាធ្វើឲ្យវិស័យច្ចេកវិទ្យានេះរីកចម្រើន ដើម្បីបង្កើតឲ្យមានអាជីវកម្មបច្ចេកវិទ្យាថ្មីៗដ៏រឹងមាំ និងចូលរួមចំណែកជួយដល់សេដ្ឋកិច្ចវិស័យច្ចេកវិទ្យាឌីជីថលសកល។

គម្រោងសិក្សាស្ថានភាព និងរៀបចំរបាយការណ៍នេះឡើង គឺជាសំណើរបង្កើតឡើងរួមគ្នាដោយវិទ្យាស្ថាន NIPTICT និង ក្រុមហ៊ុន Smart Axiata ហើយបានទទួលថវិកាអនុវត្តពីមូលនិធិ ស.អ. និងបានចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ២០១៨មកម្ល៉េះ។ គួរបញ្ជាក់ថានាចុងឆ្នាំ ២០១៧ ក្រុមប្រឹក្សាភិបាល កសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ (CBRD) បានចេញផ្សាយផែនការរយៈពេលពីរឆ្នាំ (២០១៧- ២០១៨)របស់ខ្លួន ដែលបង្ហាញពីតម្រូវការជាបន្ទាន់សម្រាប់ស្វែងយល់ កាន់តែប្រសើរអំពីបច្ចុប្បន្នភាពនៃអាជីវកម្មបច្ចេកវិទ្យាដែលទើបបង្កើតថ្មីក្នុងប្រទេសនៅកម្ពុជា សម្រាប់បន្តរៀបចំគោលនយោបាយគាំទ្រនានាបន្ថែមទៀត៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print