ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលខេត្តត្បូងបានចាប់ឃាត់ខ្លួនបុរសម្នាក់ដែលបានបង្ហោះសារក្នុងន័យ ប្រមាថធ្ងន់ៗទៅលើសម្ដេចតេជោ ហ៊ុន សែន ដែលជាមុខដឹនាំដ៍ឆ្នើមរបស់កម្ពុជា និងអ្នកគាំទ្រ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី និងតបតាមពាក្យ បណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន៤ទៅ៥ខេត្ត បានចោទប្រកាន់ទៅលេីបុរសឈ្មោះ ស៊ូ យាន បានប្រើប្រាស់ពាក្យលេីហ្វេសប៊ុក ប្រមាថធ្ងន់ៗទៅ លើសម្ដេចតេជោ ហ៊ុន សែន ។
មន្ត្រីនគរបាលខេត្តត្បូងឃ្មុំអោយដងថា ជននេះ ឈ្មោះ ស៊ូ យាន ត្រូវបានកម្លាំងចុះចាប់នៅផ្ទះរបស់ខ្លួនតែម្ដង ស្ថិតក្នុងភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធជាមួយបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ ដែលបានប្រើពាក្យប្រមាថធ្ងន់ៗ ទៅលើសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្រសម្ដេចរាប់លាននាក់ តាមរយៈបណ្ដាញសង្គម។
យោងតាមបណ្តឹងពីលោក ប៉ាន់ខែម ប៊ុនថន ក្នុងចំណោមប្រជាពលរដ្ឋ៤ទៅ៥ខេត្តបានបញ្ជាក់ថា ក្នុងនាមតំណាងប្រជាពលរដ្ឋទាំងអស់ ដែលគាំទ្រសម្តេច តេជោ ហ៊ុន សែន លោកមិនសុខចិត្ត និងទទួលយកមិនបានឡើយ ចំពោះការប្រមាថរបស់បុគ្គល ស៊ូ យាន ដែលបង្ហាញសារប្រមាថ ញុះញង់បែបនេះ នៅលើបណ្ដាញសង្គម Facebook ជាបន្ដបន្ទាប់។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរ បាលខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចរចាប់ខ្លូននៅក្នុងផ្ទះនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន ៤ទៅ៥ខេត្ត ដោយចោទប្រកាន់បុរសនេះថា បានប្រើប្រាស់នូវពាក្យប្រមាថធ្ងន់ៗទៅលើសម្ដេចតេជោ ហ៊ុន សែន ដែលជាមុខដឹនាំដ៍ឆ្នើមរបស់កម្ពុជា។
លោកអះអាងថា ការចាប់ខ្លួននេះក៏ធ្វើឡើងទៅតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំផងដែរ ដោយចោទប្រកាន់ពីបទ «ញុះញងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈគណនី Facebook ឈ្មោះ Su Yean កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩»។
លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា រហូត មកដល់ពេលនេះ ជនសង្ស័យកំពុងស្ថិតក្រោម ការសួរនាំរបស់កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
ពាក់ព័ន្ធនឹងចាប់ខ្លួនជននេះ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ចេញទស្សនៈនៅលេីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា «បងប្អូនលេង Facebook សូមយល់២ចំណុចខុសគ្នា ដើម្បីជៀសវាងប្រើសេរីភាពខុស ហើយកុំសាងកម្មដោយសេចក្តីប្រមាថ នាំឲ្យទទួល «ពៀរ» តបវិញ៖
១- មនុស្ស អាចទ្រាំទទួលយក ពាក្យរិះគន់។ ក៏ប៉ុន្តែ
២- មនុស្ស មិនអាចទទួលយកពាក្យ «ប្រមាថ» បានទេ។ «ការប្រមាថ» កើតពីអវិជ្ជា។ អវិជ្ជា នាំឲ្យមានទុក្ខទោស » ៕ ដោយ ៖វណ្ណៈ