ខេត្តកំពង់ឆ្នាំង៖ ពុទ្ធោអើយ មេគយខេត្តកំពង់ឆ្នាំងចាប់ឡានដឹកបាកាស់ជម្រិតទារលុយ ៥០០០ដុល្លារ ខណៈខ្លួនដឹកកំណាន់ចិត្តទៅក្រេបទឹកឃ្មុំ ហើយទុកអោយកូនចៅជាអ្នកប្រើបច្ចេកទេសជំនាញ សំឡុត គម្រាម បន្លាច បង្កើតអោយយឺតយូរ ខាតពេលវេលា ខកការដឹកជញ្ជូនពីអ្នករកសុី ខកអីវ៉ាន់យកអោយម៉ូយ។ ទីបំផុត….ចុងក្រោយបន្ធូបន្ថយបញ្ចុះតំលៃត្រឹម២០០០ដុល្លារ ក៏អនុញ្ញាតអោយឡានដឹកទំនិញបាកាស់នោះចេញ ពីស្នាក់ការសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង មុននេះបន្តិច នាវេលាម៉ោង៧និង៥០នាទីព្រលប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។
ម្ចាស់ទំនិញបានស្រក់ទឹកភ្នែកឈឺចាប់ និងនិយាយថា៖ មិនគួរណាមេគយខេត្តកំពង់ឆ្នាំងធ្វើបាបពួកគាត់ គ្រាន់តែរកសុីបន្តិចបន្តួចគ្រាន់ដោះស្រាយបញ្ហាក្រពះនោះសោះ..? រួចខ្លួន(មេគយ)មិនលើកទូរស័ព្ទដើម្បីស្តាប់ទទួលយកហេតុផល សុខចិត្តអោយកូនចៅឈ្មោះ(ណាល់ ) ជាអ្នកដើរតួជម្រិត ដោយឡែកខ្លួនឯងជាមេកើយ ដឹកកំណាន់ចិត្តទៅក្រេបទឹកឃ្មុំទៅវិញ។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ គឺខាងគយចល័តរបស់លោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង បានបញ្ជាអោយកូនចៅចាប់រថយន្តកង់៦ ដឹកភេសជ្ជបាកាស់ ចំនួន១៥០កេស ដែលដឹកហួសទីរួមខេត្តប្រមាណជិត៥គីឡូម៉ែត្រ មិនបានប្រាប់ដំណឹងដល់គយ ក៏កើតជាកំហឹងទល់កំហល់ ដេញចាប់អូសយកមកដាក់នៅស្នាក់ការសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង រើអីវ៉ាន់ចេញពីឡាន។
ម្ចាស់ទំនិញអះអាងថា៖ គាត់ដឹកយកមកអោយម៉ូយតាមខេត្តសោះ លោកគយគាត់ប្រើអំណាចបញ្ជាអោយកូនចៅ ដោយលើកហេតុផលថា មិនចូលប្រាប់ មិនចូលបង់លុយ រួចជម្រិតទារ៥០០០ដុល្លារ ចុងក្រោយក៏យល់ព្រមយកត្រឹម២០០០ដុល្លារ បង់អោយតាមរយៈគយឈ្មោះ (ណាល់ ) ទុកអោយ លោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង អនុញ្ញាតអោយឡានចេញ នៅវេលាម៉ោង៧និង៥០នាទីព្រលប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីចាប់នៅម៉ោង២និង៣០នាទីរសៀលថ្ងៃខែដដែលនេះ។
ពាក់ករណីនេះ អង្គភាព នគរដ្រេហ្គន មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង នៅព្រលប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ឈ្មួញបាននិយាយបែបចំអកថា៖ ក្នុងនាមជាមេគយ និងជាមន្ត្រីរាជការរដ្ឋបាលមុខងារសាធារណៈ លោក ហ៊ាល ទូច មិនគួរសោះយកអំណាច តួនាទី ភារកិច្ច ជាសមត្ថកិច្ចបង្ក្រាបទំនិញគេចពន្ធ ប្រមូលពន្ធជូនរដ្ឋ តែធ្វើការងារខុសគោលដៅ មកចាប់ឡានដឹកទំនិញបន្តិចបន្តួច អោយបង់លុយ ហើយខ្លួនដឹកកំណាន់ចិត្តទៅក្រេបទឹកឃ្មុំ លើគំនរទុក្ខ ទឹកភ្នែកពីប្រជាជនដឹកទំនិញតិចតួចគ្រាន់រកអង្ករច្រកឆ្នាំងនោះ។
គេបានបញ្ជាក់ថា៖ លោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង បានអោយឈ្មួញដឹកទំនិញពីព្រំដែនខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ត្រូវបង់លុយក្បាលឡាន ចាប់ពី១០០ដុល្លារ ដល់៣០០ដុល្លារ ឬ៥០០ដុល្លារ ពេលឆ្លងកាត់ខេត្តកំពង់ឆ្នាំង មានឡានកង់១០ និងឡានយីឌុប ជាដើម។
ករណីឡានដឹកប្រេងម៉ាសុឺនពីភ្នំពេញ យកទៅចែកចាយតាមខេត្ត ហើយឆ្លងកាត់ខេត្តកំពង់ឆ្នាំងក៏បង់លុយ ថ្នូរនិងការមិនបង្ក្រាប។
គួរបញ្ជាក់ថា៖ នៅវេលាម៉ោង៨និង៣៤នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មានអ្នកលេខទូរស័ព្ទ ០៦៧ ៦៦៦ ៣៦៦ ខលមកតំណាងអង្គភាព នគរដ្រេហ្គន បានអះអាងថា គាត់ឈ្មោះ ហ៊ាល ទូច និងបដិសេធន៍ថាគាត់មិនបានយកលុយពីការចាប់ឡានដឹកបាកាស់នោះទេ ហើយករណីថាយកកំណាន់ចិត្តទៅក្រេបទឹកឃ្មុំនោះ លោកមិនបកស្រាយ រួចក៏បិទទូរស័ព្ទតែម្តង៕
ដោយ៖ សុខ ខេមរា