ស្នងការខេត្តកំពង់ចាម សម្រេចបញ្ឈរជើង អធិការស្រុកកំពង់សៀម ដោយសារប្រើហិង្សាលើពលរដ្ឋ “វៃសន្លប់រួចចាក់ទឹកដូចសត្វធាតុ”

ចែករំលែក៖

 

ខេត្តកំពង់ចាម ៖ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សម្រេចបញ្ឈរជើងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម តាមរយៈលិខិតបង្គាប់ការចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសារប្រើអំពើហិង្សាលើពលរដ្ឋ “វៃសន្លប់រួចចាក់ទឹកដូចសត្វធាតុ” ។

ការសម្រេចដកបញ្ឈរជើងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន បន្ទាប់ពីស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល បើកការស៊ើបអង្កេតរាល់ចំណុចទាំងអស់ ដែលទាក់ទិននៅក្នុងអង្គហេតុ តាមដីការបង្គាប់ឲ្យបើកការស៊ើបអង្កេតរបស់លោក ហួត វុទ្ធី តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Bun Them បានសរសេរបង្ហោះខ្លឹមសារថា «កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣៧នាទី ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ រស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្ត កំពង់ចាម សូមឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយរកយុត្តិធម៌ជូនបងប្រុសខ្ញុំផង ឲ្យពួកគាត់បានរស់នៅយ៉ាងណា បើគ្រាន់តែបងប្រុសរបស់ខ្ញុំប្រកែកពាក្យសម្តីជាមួយគ្នាបន្តិច គាត់មកផ្ទះវិញហើយមិនទាន់ដល់ផ្ទះផង ស្រាប់តែលោកអធិការស្រុកកំពង់សៀម លោក ឯក ប៉ាន់ដន មកចាប់បងប្រុសខ្ញុំវាយ ហើយបញ្ជូនមកស្រុកវាយចាក់ទឹកសន្លប់ពីរដង ហើមគ្រប់ កន្លែង ឥឡូវដេកពេទ្យហើយនៅមន្ទីរពេទ្យ 7D ហេតុអ្វីលោកអធិការនគរបាលស្រុកកំពង់សៀមធ្វើបាបបងប្រុសខ្ញុំដល់ថ្នាក់នេះ? ។

មាត្រា​២១៨នៃ​ក្រម​ព្រហ្មទណ្ឌ​ បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ចែងថា​ អំពើ​ហិង្សា​ដោយ​ចេតនា​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​២ឆ្នាំ​ទៅ​៥ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​ កាល​បើ​អំពើ​ហិង្សា​នេះ​ បាន​កេីត​ឡើង​ ៖

ទី១,ដោយ​មាន​ការ​គិត​ទុក​ជា​មុន​ ។ ទី២,ដោយ​មាន​អាវុធ​ឬ​គំរាមកំហែង​នឹង​អាវុធ​ ។ ទី៣,ដោយ​មាន​មនុស្ស​ច្រើន​នាក់​ ក្នុង​ឋានៈ​ជា​ចារី​ សហចារី​ អ្នក​ផ្តេីម​គំនិត​ និង​ ជា​អ្នក​សមគំនិត​ ។

មជ្ឈដ្ឋាន​ជាច្រើន​ សង្ឃឹម​ថា​ ប្រសិន​បើ​លោក​វរសេនីយ៍ឯក​ ឯក​ ប៉ាក់ដន​ អធិការ​នគរបាល​ស្រុក​កំពង់​សៀម​ ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ ដែល​មេីល​ទៅ​ហាក់​ឃោរឃៅ​បែបនេះ​ មែន​ គួរ​សមត្ថកិច្ច​ចាប់​ខ្លួន​ ដេីម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​ ៕ ដោយ ៖ វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print