មន្ត្រីជាន់ខ្ពស់ជាច្រើន​ត្រូវបានដកតំណែងក្រោយការវាយប្រហារភេរវកម្ម ខណៈពលរដ្ឋស្លាប់កើនដល់ ៣២១នាក់

ចែករំលែក៖

ប្រទេសស្រីលង្កា៖ ប្រធានាធិបតីស្រីលង្កា បានប្រកាសថា នឹងផ្លាសប្តូរតំណែងមន្ត្រីជាន់ខ្ពស់ក្នុងជួកងទ័ព និងប៉ូលិសជាតិ ដែលមិនអាចទប់ស្កាត់ការវាយប្រហារកើតឡើង​។
កាលពីថ្ងៃទី​២៣ខែមេសា ប្រធានាធិបតីស្រីលង្កា​លោក​ Maithripala Sirisena ​បានប្រកាសថា លោកនឹងផ្លាស់ប្តូរ មេបញ្ជាការ យោធា និងប៉ូលិស ក្រោយបរាជ័យ ក្នុងការរារាំងក្រុមភេរវកម្ម វាយប្រហារ​សម្លាប់មនុស្សយ៉ាងច្រើន​។ លោកបន្តទៀតថា ការផ្លាស់ប្តូរមន្ត្រីសន្តិសុខ នឹងធ្វើឡើង ក្នុងរយៈពេល ២៤ម៉ោង ។
ប្រធានាធិបតី​ Sirisena ​បនប្តទៀតថា លោកនឹងរៀបចំរចនាសម្ព័ន្ធ កម្លាំងសន្តិសុខថ្មីនៅសប្តាហ៍ក្រោយ​ ដើម្បីទប់ស្កាត់ ការវាយប្រហារភេរវកម្ម និងកម្ចាត់ក្រុមភេរវកម្ម ឲ្យអស់ចេញពីប្រទេសស្រីលង្កា​។
ក្រោយការវាយប្រហារ ក្រុមភេរវកម្ម​ IS ​បានចេញមុខទទួលស្គាល់ថា​ជាសកម្មភាពវាយប្រហាររបស់ខ្លួន ។ មិនតែប៉ុណ្ណោះ ក្រុម​ IS ​បានបញ្ជាក់ទៀតថា មានភេរវករ​ដែលបានលាក់គ្រាប់បែកនៅក្នុងខ្លួនជាច្រើននាក់មិនទាន់បំផ្ទុះបានគេចចេញពីការចាប់ខ្លួនដោយសុវត្ថិភាព​ ដើម្បីបន្តសកម្មភាពនាពេលខាងមុខ ។
នៅពេលនេះដែរ មន្ត្រីសុខាភិបាលស្រីលង្កាបានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី​២១ខែមេសា​បន្តកើនឡើង ដោយសារតែមានអ្នករងរបួសធ្ងន់ជាច្រើនស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ។ នៅពេលនេះមានអ្នកស្លាប់កើនឡើងដល់ទៅ​៣២១នាក់ហើយ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ​រដ្ឋាភិបាលស្រីលង្កាបានសម្រេចកាន់ទុក្ខទូទាំងប្រទេសកាលពីថ្ងៃទី​២៣ខែមេសា​។ ក្រៅពីអ្នកស្លាប់នៅមាន មនុស្សប្រមាណ៥០០នាក់រងរបួស​ ហើយអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត ។ មន្ត្រីស្រីលង្កាបានផ្សាយថា យ៉ាងហោចណាសមានភេរវករអត្តឃាត៧នាក់ បើកការវាយប្រហារទៅលើព្រះវិហារ ៣កន្លែង​និងសណ្ឋាគា ៤កន្លែង នៅក្នុងប្រទេសនេះ។
ក្នុងថ្ងៃជាមួយគ្នានេះ ប៉ូលិសស្រីលង្កា បានប្រកាសឲ្យដឹងផងដែរថា ចាប់បានជនសង្ស័យ​៤០នាក់ ក្នុងនោះមានម្នាក់ជាជនជាតិស៊ីរី ក្រៅពីនេះជាជនជាតិស្រីលង្កា​។ សារព័ត៌មាន​ AFP ​បានដកស្រងសម្តីរដ្ឋមន្ត្រីការពារជាតិលោក​ Ruwan Wijewardene បានប្រកាសឲ្យដឹងថា ការវាយប្រហារខាងលើ គឺជាការសងសឹក ទៅលើការវាយប្រហារភេរវកម្មនៅក្នុងព្រះវិហារអ៊ីស្លាម​​នៅទីក្រុង​ Christchurch ​ប្រទេសនូវេសាឡង់កាលពីខែមីនាកន្លងមក​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print