អាមេរិកឡាទីន៖ ក្រុមភេរវកម្ម IS បានបាត់បង់ទីតាំងនៅក្នុងមជ្ឈឹមបូព៌ា ដោយសារតែការវាយប្រហាររបស់កម្លាំងទាហានស៊ីរីនិងរុស្ស៊ី ធ្វើឲ្យក្រុមនេះបែកបាក់ ភៀសខ្លួនទៅនៅគ្រប់ទិសទី សារជាថ្មី។
អាមេរិកឡាទីនបានក្លាយទៅជាទីតាំងថ្មីរបស់ក្រុមភេរវកម្ម ក្រោយពេលក្រុមនេះបរាជ័យនៅក្នុងប្រទេសស៊ីរីនឹងអ៊ីរ៉ង់ ។ ក្រុមអ្នកឯកទេសរបស់អ៊ីរ៉ង់ បានលើកឡើងថា ការបង្កើតទីតាំងនៅអាមេរិកឡាទីន គឺជួយឲ្យក្រុមនេះមានសុវត្ថិភាពជាង សម្រាប់បង្កើតសកម្មភាព ដោយសារតែក្រុម នេះមានអាមេរិកនៅពីក្រោយការពារ។
ពេលថ្មីៗនេះ មេបញ្ជាការក្រុមចារកម្មរុស្ស៊ីបានព្រមានថា ក្រុមភេរវកម្ម IS និងអាលកៃដា បានបង្កើតទីតាំងថ្មីនៅក្នុងតំបន់អាមេរិកឡាទីន។ នៅពេលនេះ ក្រុមភេរវកម្មកំពុងតែជ្រើសរើស ទាហាន និង បណ្តុះទស្សនៈជ្រុលនិយមនៅក្នុងសហគមន៍អ៊ីស្លាម។
មេបញ្ជាការក្រុមចារកិច្ចរុស្ស៊ី លោក Igor Kostyukov បានប្រកាសនៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខជាតិ នៅទីក្រុងមូស្កូថា«ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺក្រុមភេរវកម្ម បានបង្កើត ទីតាំង និង រូងក្រោមដីដើម្បីលាក់ខ្លួននៅតំបន់អាមេរិកឡាទីន»។
លោក Igor Kostyukov បន្តទៀតថា «ក្រុមភេរវកម្ម បានជ្រើសរើសខ្មាន់កាំភ្លើងដើម្បីបញ្ជូនទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិក ដើម្បីធ្វើសកម្មភាព បញ្ជុះបញ្ជូល គៀងគរ ក៏ដូចជារួមចំណែកថវិការ ជួយដល់ក្រុម ។ នៅតំបន់អាមេរិកឡាទីន មានអ្នកកាន់សាសនាអិស្លាមប្រមាណជាង៦លាននាក់ ។
កន្លងមក ប្រធានាធិបតី Guatemala លោក Jimmy Morales Cabrera បានប្រកាសឲ្យដឹងថាមានមនុស្សប្រមាណ១០០នាក់ជាប់ពាក់ព័ន្ធនិងក្រុម IS និងក្រុមភេរវកម្មផ្សេងទៀត កំពុងតែធ្វើសកម្មភាព នៅក្នុងប្រទេសនេះ ៕
ដោយ៖ មែវ សាធី