លោក សោម សុខរ៉ាឌី ដឹងកំហុសខ្លួន សុំអង្វរអតីតៈភរិយា និងកូនទាំង៣ ព្រមទាំងតុលាការមេត្តាកុំដាក់គុកគាត់អី

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យ៥៥ឆ្នាំម្នាក់ ឈ្មោះ សោម សុខរ៉ាឌី មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ១៣ ភូមិបឹងឈូក មណ្ឌលទី៥ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដឹងនូវកំហុសគ្រប់បែបយ៉ាងដែលខ្លួនបានប្រព្រឹត្ត និងដាក់ចិត្ត ដាក់កាយសុំអង្វរពីអតីតៈភរិយា កូនៗទាំង៣ និងតុលាការ មេត្តាកុំដាក់គុកគាត់ បន្ទាប់ពីអតីតៈភរិយាប្តឹង ហើយជាប់ចោទពីបទ ទ្វេពន្ធភាព និងផិត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៣ បទល្មើសដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និងមាត្រា៩,មាត្រា៧ និងមាត្រា១០ នៃច្បាប់ស្តីពីឯកពន្ធភាព ត្រូវសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ខែ ។ ករណីនេះសាលដីកាសាលាឧទ្ទរណ៍តំកល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដដែល ហើយតុលាការកំពូលកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក៏បានជំនុំជម្រះរឿងក្តីព្រហ្មទណ្ឌនេះ កំណត់យកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ប្រកាសសាលដីកានោះ។
លោក សោម សុខរ៉ាឌី ដែលត្រូវអតីតៈភរិយាឈ្មោះ ជូ ដារ៉ារ៉េត ហៅ ASAKURA MASAKO អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅអាគារ៩៧B ផ្លូវលេខ២១៧ (មុន្នីរ៉េត) ភូមិ៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្តឹង និងជាប់ចោទពីបទ ទ្វេពន្ធភាព និងផិត បានទទួលនូវកំហុសសុំក្តីសណ្តោសប្រពៃពីអតីតៈភរិយា និងកូនៗទាំង៣ ព្រមទាំងតុលាការមេត្តាកុំដាក់គុកគាត់ ដើម្បីឱកាសនៃជីវិតចុងក្រោយបានឃើញមុខកូនៗ និងអោយភរិយាមានសុុភមង្គលផ្លូវចិត្ត ដោយលោកបានសម្រេចសម្បទានទ្រព្យសម្បត្តិគ្រប់យ៉ាងទាំងអស់ផ្តល់អោយភរិយា កូនៗ ជាមួយនិងការទទួលយកការសងបំណុលគេចំនួន៣លានដុល្លារ។
លោកលើកឡើងថា៖ សូមភរិយា កូនៗទាំង៣ ព្រមទាំងតុលាការ អាណិតដល់រូបគាត់ផង បើផ្តន្ទាទោសគាត់ដាក់គុក តើគាត់មានពេល និងឱកាសឯណារកប្រាក់មកសងបំណុលគេ៣លានដុល្លារ ដែលធានាចេញសងបំណុលតែម្នាក់ឯងនោះ ហើយអតីតៈភរិយា បើជាបានអស់និស្ស័យជាប្តី-ប្រពន្ធនិងគ្នាហើយ យើងត្រូវផ្តល់ការគោរព ស្រឡាញ់រាប់អានគ្នា កុំគំគួន ចងកំហឹងរវាងគ្នានិងគ្នា ពិសេសកូនៗទាំង៣នឹងអភ័យទោសដល់លោកផង គឺទឹកចិត្តជាឪពុកដែលផ្តល់កំណើតអោយកូន សង្ឃឹមថាកូននិងយល់ពីអារម្មណ៍មួយនេះ មិនត្រេកអរនិងឪពុកជាប់គុកឡើយ។
គាត់ជាស្វាមី ជាឪពុក ជាពលរដ្ឋកម្ពុជាមួយរូប ដែលទទួលស្គាល់កំហុសគ្រប់យ៉ាង ដែលខ្លួនបានប្រព្រឹត្ត លួចមានស្នេហាថ្មី ជាមួយនារីម្នាក់ ប៉ុន្តែពុំមានកូនដូចការចោទប្រកាន់នោះទេ បើចង់ដឹងការពិត លោកហ៊ានអោយមានការពិនិត្យឈាមដោយ(DNA)ថែមទៀត ហើយលោកក៏សូមទោសអតីតៈភរិយា និងកូនៗ ព្រមទាំងតុលាការ មានឆន្ទះដោះស្រាយវិបត្តិ ជាមួយនិងការសម្បទានទ្រព្យសម្បត្តិទាំងអស់អោយភរិយា និងកូនៗទាំងអស់ ធានាសងបំណុលគេតែម្នាក់ គឺសុំតែម្យ៉ាងគត់ មេត្តាកុំដាក់គុកគាត់អី…។
គួររំលឹកថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ លោក សោម សុខរ៉ាឌី ក៏បានដាក់ពាក្យស្នើសុំពន្យារពេល ទៅប្រធានតុលាការកំពូល ដោយលោកបានបញ្ជាក់នៅក្នុងសំណើសុំលើកពេលប្រកាសលទ្ធផលនៃការជំនុំជម្រះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ទៅពេលក្រោយ ដើម្បីឲ្យលោកមានឱកាសចរចាសម្របសម្រួល ជាមួយភាគីដើម​បណ្តឹង ជាប្រពន្ធគាត់សារជាថ្មី ។

លោក សោម សុខរ៉ាឌី បានបញ្ជាក់ប្រាប់ប្រធានតុលាការកំពូល​យ៉ាងដូច្នេះទៀតថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ តុលាការកំពូលបានជំនុំជម្រះរឿងក្តីព្រហ្មទណ្ឌរបស់ខ្ញុំបាទ ហើយត្រូវបានតុលាការ ធ្វើការសាកសួរ និងដេញដោលរួចហើយ និងត្រូវបានប្រកាសលទ្ធផលនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ក៏ប៉ុន្តែដោយហេតុថា កន្លងមក ក្រុមប្រឹក្សាតុលាការកំពូល ក៏បានធ្វើការចរចាឲ្យ​យើងខ្ញុំជាគូភាគី បានព្រមព្រៀងគ្នាលើចំណុចលែងលះ បែងចែកទ្រព្យ​សម្បត្តិរួម និងដកពាក្យបណ្តឹងព្រហ្មទណ្ឌ ហើយការព្រមព្រៀងគ្នានេះ គឺបានធ្វើឡើងជាលក្ខណៈផ្ទាល់មាត់ ពេលនោះខ្ញុំបាទ​ក៏បានយល់ព្រម ដកពាក្យបណ្តឹងសារទុក្ខ នៅលើសាលដីកាលេខ​៧ ក្រIII «យ»ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ របស់សាលាឧទ្ធរណ៍រួចហើយ ជាហេតុនាំឲ្យសាលដីកានេះ ចូលជាស្ថាពរ និងមិនមានប្រសិទ្ធភាព​អនុវត្តតាមផ្លូវច្បាប់ ។

លោក សោម សុខរ៉ាឌី បានបន្តថា ដោយក្នុងនោះ​រាល់សម្បត្តិរួមទាំងអស់ ត្រូវប្រគល់ឲ្យកូនទាំង៣ រីឯខ្លួនខ្ញុំបាទជាឪពុក ត្រូវទទួលប្រាក់ខែពីកូនទៅវិញ ។ ចំណែកភាគីខាងប្រពន្ធខ្ញុំបាទ បែរជាពុំទាន់បាន​ពិចារណាឲ្យបានដិតដល់ទៅលើ​ចំណុច​ដែលគាត់ត្រូវបានឯកភាព​ក្នុងការដកពាក្យបណ្តឹង​ព្រហ្មទណ្ឌ ដែលគាត់បានប្តឹងមកលើខ្ញុំបាទ លើបទល្មើសព្រហ្មទណ្ឌ ទ្វេពន្ធភាព និងផិតទេ ។

លោកបានបញ្ជាក់ទៀតថា ហេតុនេះដើម្បីឲ្យខ្ញុំបាទ​មានពេលវេលា​គ្រប់គ្រាន់ ក្នុងការដែលខ្ញុំបាទសុំធ្វើ​ចរចាសម្របសម្រួលសារជាថ្មីម្តងទៀត ជាមួយភាគីប្រពន្ធខ្ញុំបាទនោះ ខ្ញុំបាទស្នើសុំឲ្យ​ប្រធានតុលាការកំពូល មេត្តាពិចារណា​លើកពេលប្រកាសសាលដីកាសារជាថ្មីម្តងទៀតទៅពេលក្រោយ ។ បើទោះបីជាខ្ញុំបាទ ត្រូវបានកាត់ទោស​ឲ្យ​ត្រូវទទួលទណ្ឌកម្ម​ ដោយប្រការណាមួយនោះ ក៏ត្រូវឲ្យខ្ញុំបាទ ទទួលបាននូវភាពយុត្តិធម៌ផងដែរ ។
សូមបញ្ជាក់ផងដែរ ករណីលោក សោម សុខរ៉ាឌីមិនប្តឹងសារទុក្ខ ខណៈលោកទទួលនូវការសម្របសម្រួលពីអ្នកធំដឹងឮ អោយបញ្ចប់ការវិវាទជាមួយភរិយា ក្នុងនោះមានពីស្ថាប័នតុលាការ ថ្នាក់ដឹកនាំនគរបាលជាតិ មន្ត្រីរដ្ឋាភិបាលផងដែរ តែទីបំផុតរឿងនេះបន្តនីតិវិធី ដោយអតីតៈភរិយានៅមានកំហឹង ចំពោះទង្វើរបស់លោកខុសឆ្គងជាមួយក្រុមគ្រួសារនោះ។

យោងតាមសាលក្រមរដ្ឋប្បវេណី លេខ៥០៩ ធ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ និងសំណុំរឿងរដ្ឋប្បវេណីលេខ ៤៥៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ចៅក្រមជំនុំជម្រះ លោក សេង លាង ជាចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រេង សុហ្សាណា ជាក្រឡាបញ្ជី នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ ១ -ឲ្យដើមចោទឈ្មោះ ជូ ដារ៉ារ៉េត និងចុងចម្លើយឈ្មោះ សោម សុខរ៉ាឌី លែងលះពីគ្នា គិតចាប់ពីថ្ងៃសាលក្រមចូលជាស្ថាពរ ។
២ -ទ្រព្យសម្បត្តិរួម និងបំណុល ត្រូវបែងចែក​តាមការព្រមព្រៀងដូចខាងក្រោម នេះ ៖
-បែងចែកលុយក្នុងគណនីរួមរវាងដើមចោទ នឹងចុងចម្លើយ របស់ធនាគារ FTB គណនី លេខ ០១០ -៣០-០៦២-០០១៧៦៩-៣ គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ដោយបែងចែក ដូចតទៅ ៖ – ប្រគល់ឲ្យកូនរបស់ដើមចោទ និងចុងចម្លើយទាំង​ទាំង៣ មាន ៖ ១ -ឈ្មោះ សោម សុខដារ៉ាមនុអេរីកា ដែលមានឈ្មោះជប៉ុន ASAKURA ERIKA ២ -ឈ្មោះ សោម សូម៉ារីកា ដែលមានឈ្មោះជប៉ុន ASAKURA MARIKA និង៣ -ឈ្មោះ សោម សុខដារ៉ារីគីអូ ដែលមានឈ្មោះជប៉ុន ASAKURA RIKIO ចំនួន ៩០ម៉ឺនដុល្លារអាមេរិក ប្រគល់​ឲ្យចុងចម្លើយ​ចំនួន៦០ម៉ឺនដុល្លារអាមេរិក ដើមចោទចំនួន ១លាន៥សែនដុល្លារអាមេរិក និងលុយចូលក្នុងគណនីរួម របស់ធនាគារ FTB ចាប់ពីខែឧសភា រហូតដល់ខែកញ្ញា ត្រូវបែងចែកទៅដើមចោទ និងចុងចម្លើយជាពីរចំណែកស្មើគ្នា ។
– លុយចូលក្នុងគណនីរួមរបស់ធនាការ FTB សម្រាប់ខែតុលា និងខែវិច្ឆិកា ប្រគល់ឲ្យចុងចម្លើយដក​លុយពីក្នុងគណនីធនាគារ FTB ប៉ុន្តែចុងចម្លើយ ក្នុងនាមក្រុមហ៊ុន ត្រូវសងប្រាក់ថ្លៃឈ្នួលផ្ទះ ដែលក្រុមហ៊ុន​បានទទួល​ជំនួសពីម្ចាស់ផ្ទះជួលនីមួយៗ ចំនួន១៧.២២៥ដុល្លារអាមេរិក សរុបទាំងអស់​១២០.៥៧៥ដុល្លារអាមេរិក (គិតចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨) ។
– ដើមចោទ និងចុងចម្លើយ​ពុំមានសិទ្ធិក្នុងការដកប្រាក់នៅក្នុងគណនីរួមរបស់ធនាគារ FTB នៅក្រោយអំឡុងពេល ដែលបានកំណត់ក្នុងចំណុចខាងលើបានឡើយ ។
– ចំពោះបំណុលក្រុមហ៊ុនដែលនៅជំពាក់ថ្លៃប្រាក់ខែបុគ្គលិក​ សម្ភារៈសាងសង់របស់ក្រុមហ៊ុន Emario Shonan Marine Corporation Ltd ចំនួន១លាន៥០ម៉ឺនដុល្លារអាមេរិក ជាកាតព្វកិច្ចចុងចម្លើយ និងបំណុលចំនួន ២២ម៉ឺន៣ពាន់៩រយ២៥ដុល្លារអាមេរិក ព្រមទាំងបំណុលកាតព្វកិច្ចបង់ប្រាក់រំលោះទិញហ៊ុនសម្រាប់ឆ្នាំ២០១៧ ដល់អតីតម្ចាស់ហ៊ុន ជាជនជាតិជប៉ុនឈ្មោះ Hirose Norixo ចំនួន ៣១ម៉ឺនដុល្លារអាមេរិក ជាកាតព្វកិច្ចរបស់ដើមចោទ ។ – ក្រុមហ៊ុន និងទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនទាំងអស់​ របស់ដើមចោទ និងចុងចម្លើយ ព្រមទាំងក្រុមហ៊ុន Pan Trust Property Holding Co,Ltd ក្រុមហ៊ុន Alpha International Corporation Ltd និងភាគហ៊ុនរបស់ដើមចោទ ដែលមាននៅក្នុង​លក្ខន្តិកៈ Alpha International Holding Co., Ltd ផង ប្រគល់ឲ្យកូនទាំង៣ ជាអ្នកគ្រប់គ្រង ជាកម្មសិទ្ធិ ប៉ុន្តែប្រគល់សិទ្ធិឲ្យដើមចោទ និងចុងចម្លើយមានសិទ្ធិដូចតទៅ ៖
– ឲ្យចុងចម្លើយមានសិទ្ធិគ្រប់គ្រង​ក្រុមហ៊ុនឈ្មោះ Emario Shonan Marine Corporation Ltd និងឈ្មោះ Emario Property and Investment Corporation ជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនទាំងពីរ រយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ដោយទទួលប្រាក់បៀវត្សរ៍​ប្រចាំខែចំនួន៣ម៉ឺនដុល្លារអាមេរិកពីក្រុមហ៊ុន Emario Shonan Marine Corporation Ltd រហូតអស់មួយជីវិត ។
– ឲ្យដើមចោទមានសិទ្ធិគ្រប់គ្រងក្រុមហ៊ុនឈ្មោះ Takehare(cambodia) Co., Ltd និងក្រុមហ៊ុនឈ្មោះ Alpha International Corporation Ltd ប្រគល់ឲ្យដើមចោទ ធ្វើជានាយកប្រតិបត្តិ​(CEO)របស់ក្រុមហ៊ុនទាំងពីរនាក់ រយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ដោយទទួលប្រាក់បៀវត្សរ៍ប្រចាំខែចំនួន ២ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុន Emario Shonan Marine Corporation Ltd រហូតអស់មួយជីវិត ។
– ប្រគល់សិទ្ធិឲ្យកូនទាំងបី ១ -ឈ្មោះ សោម សុខដារ៉ាមនុអេរីកា ដែលមានឈ្មោះជប៉ុន ASAKURA ERIKA ២ -ឈ្មោះ សោម សូម៉ារីកា ដែលមានឈ្មោះជប៉ុន ASAKURA MARIKA និង៣ ឈ្មោះ សោម សុខដារ៉ារីគីអូ ដែលមានឈ្មោះជប៉ុន ASAKURA RIKIO មានសិទ្ធិកាន់កាប់ គ្រប់គ្រង និងចាត់ចែងរួមគ្នាលើការងាររដ្ឋបាល ហិរញ្ញវត្ថុ ត្រា និងឯកសារទាំងអស់របស់ក្រុមហ៊ុន ។
– ទ្រព្យសម្បត្តិផ្សេងៗទៀត​ទាំងអស់​របស់ដើមចោទ និងចុងចម្លើយត្រូវប្រគល់ឲ្យកូនរបស់ដើមចោទ និងចុងចម្លើយទាំងបី មាន៖ ១ -ឈ្មោះ សោម សុខដារ៉ាមនុអេរីកា ដែលមានឈ្មោះជប៉ុន ASAKURA ERIKA ២ -ឈ្មោះ សោម សូម៉ារីកា ដែលមានឈ្មោះជប៉ុន ASAKURA MARIKA និង៣ -ឈ្មោះ សោម សុខដារ៉ារីគីអូ ដែលមានឈ្មោះជប៉ុន ASAKURA RIKIO រួមទាំងអចលនទ្រព្យដូចខាងក្រោម ៖

-ដីនៅភូមិក្បាលជ្រោយ ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល (ប្តូរមកសង្កាត់ព្រែកឯង ខណ្ឌចម្បារអំពៅ) ។
-ដីនៅឃុំ ពន្សាំង ស្រុកអង្គស្នួល​ ខេត្តកណ្តាល មានឯកសារ ប្លង់​មេបញ្ជាក់ពីមេឃុំ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០៦ (ប្តូរមកសង្កាត់ ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ) ។
-ដីនៅភូមិធំ ខាងត្បូង ឃុំពញាពន់ ស្រុកពញាឮ ខេត្តកណ្តាល (បច្ចុប្បន្ន សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ) មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុលេខ កណ.០០៨៧២៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៩៩ ។
-ដីនៅភូមិ១ សង្កាត់លេខ១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ដែលមានប័ណ្ណសម្គាល់សិទ្ធិ​កាន់កាប់ អចលនវត្ថុលេខ ពន. ០០៧៨៧៧ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៧ ។
-ដីលំនៅឋានស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ភព. ១៦៥៨៣ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ។
-ដីចម្ការស្ថិតនៅភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានពាក្យ​ស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលេខ ៤៥៩-៩៦ គយ និងលេខ ៤៥០-៩៦ គយ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៩៦ ។
-ដីចម្ការស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
-ដីស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង់ ស្រុកទឹកឈូ ខេត្តកំពត មានវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុលេខ ០៧០៧ ១៣០៤ – ០៣០៥ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ ។
-ដី និងរមណីយដ្ឋាន​ អេម៉ារីអូ ស្ថិតនៅភូមិ អូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុលេខ មគ ០០០១១៨ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧។
គួរម្លឹកថា៖ បើទោះជាសាលក្រមរដ្ឋប្បវេណីសម្រេចបែបនេះក៏ដោយ ក៏លោក សោម សុខរ៉ាឌី បានផ្តល់ទ្រព្យទាំងអស់អោយអតីតៈភរិយា និងកូនៗទាំង៣ និងធានាសងបំណុល៣លានដុល្លារតែម្នាក់ឯង ដោយលោក សោម សុខរ៉ាឌី ដឹងកំហុសខ្លួន សុំអង្វរអតីតៈភរិយា និងកូនទាំង៣ ព្រមទាំងតុលាការមេត្តាកុំដាក់គុកគាត់អី។
ជុំវិញបញ្ហានេះ មជ្ឈដ្ឋានទូទៅអាចនឹងស្តីបន្ទោសដល់គាត់(លោក សោម សុខរ៉ាឌី) ដែលមានកំហុសជាមួយក្រុមគ្រួសារ លួចមាននារីខាងក្រៅ ប៉ុន្តែក៏មានអ្នកអោយទទួលស្គាល់ថាគាត់ ជាមនុស្សម្នាក់មានការទទួលខុសត្រូវចំពោះក្រុមគ្រួសារ មានឆន្ទះចូលរួមអនុវត្តច្បាប់។ មិនតែប៉ុណ្ណោះបើមានបុរសៗឯទៀត មានចិត្តទទួលកំហុសនូវអ្វីដែលខ្លួនបានប្រព្រឹត្ត គឺជាពលរដ្ឋ គោរពច្បាប់ក្នុងប្រទេសដែលគ្រប់គ្រងដោយច្បាប់៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print