ខេត្តបាត់ដំបង៖ យុវជនចំនួន២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នាទៅមើលខនសឺតតាំងពិព័រលក់ផលិតផលថៃ នៅស្រុកមោងប្ញស្សីបានបើកយ៉ាងលឿនបុករថយន្តធុនធំចតស្ងៀមលើចិញ្ចើមផ្លូវជាតិពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗទាំង២នាក់នៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវជាតិលេខ៥ នៅត្រង់ចំណុច ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
ជនរងគ្រោះទាំង២នាក់ត្រូវបានគេស្គាល់ឈ្មោះត្រឹង ពិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1Q-1224 និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សុង ស៊ីនឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនរងគ្រោះ២នាក់នេះរស់នៅ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
តាមប្រភពព័ត៌មានពីនគរបាលស្រុកមោងប្ញស្សីប្រាប់ឱ្យដឹងថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច នៅកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តធុនធំមួយគ្រឿងមិនស្គាល់ម៉ាក ដែលមានដឹកស្រូវពេញ បានបើកមកឈប់សំចតស្ងៀមលើចិញ្ចើមផ្លូវជាតិគ្មានដាក់ភ្លើងសញ្ញានៅត្រង់ចំណុចខាងលើ ដោយទំនងជារថយន្តឈប់រៀបចំបាវស្រូវដែលធ្លាក់មកលើផ្លូវ រថយន្តនោះ ពាក់ស្លាកលេខ ស្វាយរៀង 3A-0386។ លុះបន្ទាប់មកស្រាប់តែគេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូក្នុងទិសដៅស្របគ្នាយ៉ាងលឿនបានបើកបុកគូថរថយន្តពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់ទាំង២នាក់តែម្តង ភ្លាមៗនោះដោយអ្នកបើករថយន្តឃើញបែបនោះក៏បានបើករថយន្តរត់គេចបាត់ស្រមោល ។ បន្ទាប់មកទើបប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមស្វែងរកចាប់រថយន្តនោះហើយ។ សាកសពជនរងគ្រោះបន្ទាប់ពីសមត្ថកិច្ចវាស់វែងតាមជំនាញបានប្រគល់ឱ្យក្រុមគ្រួសារដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សំ វិច្ឆិកា