វិភាគព័ត៍មានអន្តរជាតិ៖ អាមេរិកប្តេជ្ញាដាក់ទណ្ឌកម្មរហូតដល់កូរ៉េខាងជើងត្រូវតែបោះបង់បរមាណូចោល តែខាងកូរ៉េខាងជើង ថាដាក់ទណ្ឌកម្ម ១ពាន់ឆ្នាំទៀតក៏មិនខ្វល់ដែរ

ចែករំលែក៖

ទីក្រុងវ៉ាសុីនតោន៖ ស្ថានភាពទំនាក់ទំនងរវាងអាមេរិក និង កូរ៉េខាងជើង អាចប្រឈមមុខតានតឹងជាថ្មី ក្រោយពេលអាមេរិកប្រកាសដាក់ទណ្ឌកម្ម រហូតដល់កូរ៉េខាងជើង យល់ព្រមបោះបង់ អាវុធបរមាណូ ។ ប៉ុន្តែចំណែកកូរ៉េខាងវិញ ក៏បានប្រកាសថា មិនខ្វល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកនោះឡើយ បើទោះបីអាមេរិក ដាក់ទណ្ឌកម្ម១ពាន់ឆ្នាំទៀតក៏មិនជាបញ្ហា ។
ជាមួយគ្នានេះដែរ កូរ៉េខាងជើង បានខិតខំបង្កើនទំនាក់ទំនងជាមួយប្រទេសជាច្រើនផ្សេងទៀត ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់អាមេរិក ។
នៅពេលនេះរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា ការដែលអាមេរិក  បន្តអនុម័តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង  គឺដើម្បីឈានដល់គោលដៅ រំសាយអាវុធបរមាណូ នៅកូរ៉េខាងជើង ។
លោក Pompeo បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មិនមានបំណងកាត់បន្ថយទណ្ឌកម្មទៅលើកូរ៉េខាងជើង នោះឡើយរហូតដល់ប្រទេសនេះ បោះបង់អាវុធបរមាណូនិងមីស៊ីល។ រដ្ឋមន្ត្រី ការបរទេសអាមេរិកបានបញ្ជាក់ទៀតថា «យើងជឿជាក់ថា យើងនឹងបន្តដាក់គំនាបសេដ្ឋកិច្ច ទៅលើកូរ៉េខាងជើង រហូតដល់ប្រទេសនេះ យល់ព្រមបោះបង់អាវុធបរមាណូ »។
នៅក្នុងកិច្ចប្រជុំកំពូលលើកទីពីរនៅវៀតណាម កាលពីចុងខែកុម្ភៈកន្លងមក មេដឹកនាំគីមជុង អ៊ុន បានស្នើដល់អាមេរិកឲ្យលុបទណ្ឌកម្ម មួយផ្នែកដើម្បីដោះដូរនិងការរំសាយអាវុធបរមាណូ ។ ប៉ុន្តែប្រធានាធិបតីដូណាលត្រាំបានបដិសេធ នៅសំណើទាំងនោះ ដោយលោកត្រាំលើកឡើងថា លុះត្រាណាកូរ៉េខាងជើង បោះបង់អាវុធបរមាណូ និងមីស៊ីលជាមុនសិន។
ទាំងអាមេរិកនិងកូរ៉េខាងជើងធ្លាក់នៅក្នុងសភាព ជាប់គាំងដោយកិច្ចប្រជុំបញ្ចប់មុនពេលកំណត់និង មិនមានការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនោះឡើយ។
ពាក់ព័ន្ធនិងជំនួបលើកទីបី រវាងលោកត្រាំ និងគីម ជុងអ៊ុន រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា លោកមិនទាន់ប្រាកដដែរថានិងមានជំនួបលើកទីបីដែររទេ ។
កូរ៉េខាងជើងបានបង្ហាញពីការខកចិត្តយ៉ាងខ្លាំង ពីដំណើរពិភាក្សាស្តីពីកម្មវិធីបរមាណូជាមួយអាមេរិក មិនទទួលបានជោគជ័យ ។ កន្លងមក ទីក្រុងព្យុងយ៉ាងក៏បានស្នើរដ្ឋាភិបាលអាមេរិក ផ្លាស់ប្តូ រដ្ឋមន្ត្រី Pompeo ចេញពីប្រធានគណៈប្រតិភូពិភាក្សា ជាមួយកូរ៉េខាងជើង ដោយសារតែលោក មិនបានយល់ពីគោលបំណងរបស់កូរ៉េខាងជើងនោះឡើយ។
កន្លងមកថ្មីៗ រដ្ឋមន្ត្រីកូរ៉េខាងជើង បានប្រកាសថាច្បាប់ដាក់ទណ្ឌកម្ម មិនមែនជាក្តីកង្វល់របស់ទីក្រុងព្យុងយ៉ាងនោះឡើយ។ ទន្ទឹមនឹងនោះក៏បានអំពាវនាវឲ្យអាមេរិកផ្លាស់ប្តូរវិធីសាស្ត្រ ក្នុងការដោះស្រាយ បញ្ហា ទណ្ឌកម្មមិនអាចដោះស្រាយបានឡើយ។
រដ្ឋមន្ត្រីទទួលបន្ទុក បញ្ហាសេដ្ឋកិច្ច កិច្ចការបរទេស លោក Kim Yong Jae បានលើកឡើងថា«ទុកឲ្យការដាក់ទណ្ឌកម្មតាមចិត្ត មួយឆ្នាំ មួយរយឆ្នាំឬមួយពាន់ឆ្នាំ តាមតែចិត្ត។ យើងមិនខ្វល់នោះឡើយ ហើយការដាក់ទណ្ឌកម្មទាំងនោះ មិនប៉ះពាល់ដល់កូរ៉េខាងជើងឡើយ»។
លោក Kim Yong Jae បានលើកឡើងថា « អ្នកទាំងនោះមិនគួរធ្វើបែបនេះទៀតឡើយ ហើយត្រូវតែផ្លាស់ប្តូរគោលជំហរ របស់ខ្លួន »។ លោកបន្តទៀតថា សូម្បីតែកូរ៉េខាងត្បូង ក៏គិតថា ទីក្រុងព្យុងយ៉ាងត្រូវការ លុបទណ្ឌកម្មពីអាមេរិក និងអង្គការសហប្រជាជាតិ ប៉ុន្តែច្បាប់ដាក់ទណ្ឌកម្មមិនធ្វើឲ្យប៉ះពាល់ដល់ទីក្រុងព្យុងយ៉ាងនោះឡើយ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង កើតឡើងក្រោយពេល មេដឹកនាំគីមជុងអ៊ុន បានជួបពិភាក្សា ជាមួយប្រធានាធិបតីពូទីន នៅក្នុងប្រទេសរុស្ស៊ី ដោយជោគជ័យ ។មេដឹកនាំកូរ៉េខាងជើង បានប្រកាសថា ការរំសាយបរមាណូរបស់កូរ៉េខាងជើង អាស្រ័យទៅលើអាមេរិកតែប៉ុណ្ណោះ។
ពាក់ព័ន្ធនិងការប្រឈមមុខដាក់គ្នា ជាមួយអាមេរិក  រដ្ឋាភិបាលកូរ៉េខាងជើង បានស្នើរដល់ កូរ៉េខាងត្បូង កំខ្វល់ពីសម្ពាធរបស់អាមេរិក  ដោយបង្កើនកិច្ចសហប្រតិបត្តិការ អន្តរទ្វីបឲ្យកាន់តែប្រសើរឡើង  ។
សារពិសេសរបស់គណៈកម្មាធិការ សម្រាប់ការបង្រួបបង្រួមជាតិ ដោយសន្តិភាព (CPRC) បានកើតឡើងនៅពេល ដែលកូរ៉េទាំងពីរ រំលឹកខួបលើកទី១ នៃកិច្ចប្រជុំកំពូល ប្រវត្តិសាស្ត្រប៉ានម៉ុនជូម ចំពេលមានការសង្ស័យអំពីដំណើរការ ចរចារំសាយអាវុធនុយក្លេអ៊ែរ ។
សហរដ្ឋអាមេរិកកំពុង ដាក់សម្ពាធយ៉ាងច្បាស់ ទៅលើប្រទេសកូរ៉េខាងត្បូង ដែលទាមទារឱ្យទំនាក់ទំនងអន្តរកូរ៉េ មិនហួសពីទំនាក់ទំនង របស់ក្រុងវ៉ាស៊ីនតោន ជាមួយកូរ៉េខាងជើង ដែលជាអង្គភាពមួយដែល គ្រប់គ្រងកិច្ចការប្រចាំថ្ងៃ របស់ក្រុងព្យុងយ៉ាង លើទីក្រុងសេអ៊ូល។
វាត្រូវបានគេអះអាងថា វ៉ាស៊ីនតោន កំពុងព្យាយាមបង្ខំឱ្យទំនាក់ទំនង អន្តរកូរ៉េស្ថិតនៅក្រោមច្បាប់ នៃទណ្ឌកម្មរបស់ខ្លួន ។
ក្រៅពីនេះ ប្រភពព័ត៌មានបានឲ្យដឹងថាប្រមុខការបរទេសរបស់អ៊ីរ៉ង់នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី និងទប់ទល់ជាមួយ ការដាក់សម្ពាធសេដ្ឋកិច្ចពីអាមេរិក ។
សារព័ត៌មានជាតិអ៊ីរ៉ង់ IRNA បានផ្សាយថា រដ្ឋមន្ត្រីការបរទេស លោក Mohammad Javad Zarif នឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងជើង ខណៈប្រទេសទាំង២ សុទ្ធតែកំពុងជាប់ទណ្ឌកម្មអាមេរិកជុំវិញការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល។
លោក Mohammad Javad Zarif បានលើកឡើងពីគម្រោងទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២៨ខែមេសា ប៉ុន្តែពេលវេលា ច្បាស់លាស់មិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ។
ការទស្សនកិច្ចទៅកាន់កូរ៉េខាងជើង គឺជាការឆ្លើយតបទៅនឹងការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri yong Ho បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីពេលកន្លងមក។
កន្លងមក អាមេរិក ធ្លាប់បានចោទប្រកាន់ កូរ៉េខាងជើង ថា បានលួចផ្តាល់បច្ចេកវិទ្យាបរមាណូទៅឲ្យទីក្រុងតេអ៊ីរ៉ង ក៏ដូចជាដោះដូរបច្ចេកវិទ្យាមីស៊ីល ក្នុងអំឡុងឆ្នាំ១៩៨០ដល់ឆ្នាំ១៩៨៨៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print